អានតួអត្ថបទ
អង់គ្លេស

សភា​អង់គ្លេស​​អនុម័ត​អោយ​អង់គ្លេស​សង់​​នាវា​មុជទឹក​នុយក្លេអ៊ែរថ្មី​ ជំនួស​នាវា​ចាស់​​

យប់ថ្ងៃ​ចន្ទ​ម្សិលមិញ សភា​អង់គ្លេស​បាន​បោះឆ្នោត​អនុម័ត​អោយ​រដ្ឋាភិបាល​អង់គ្លេស​សង់​នាវាមុជទឹក​នុយក្លេអ៊ែរ​ Trident ចំនួន​៤គ្រឿង ដើម្បី​ជំនួស​នាវា​មុជទឹក​ចាស់។ ការសម្រេច​សាងសង់​នាវា​មុជទឹក​នុយក្លេអ៊ែរ​ថ្មីនេះ ស​បង្ហាញ​ថា អង់គ្លេស​ខិតខំ​​​​រក្សា​ឈ្មោះខ្លួន​ថា​ ជា​ប្រទេស​មហាអំណាច​ពិភពលោក។

នាវាមុជទឹក​នុយក្លេអ៊ែរ​របស់​អង់គ្លេស
នាវាមុជទឹក​នុយក្លេអ៊ែរ​របស់​អង់គ្លេស bodgerbrooks/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

សម្រាប់​គម្រោង​សាងសង់​នាវាមុជទឹក​នុយក្លេអ៊ែរ​៤គ្រឿងថ្មី​ ដើម្បី​ជំនួស​នាវា​មុជទឹកចាស់ អង់គ្លេស​​​អាច​ចំណាយ​ទឹកប្រាក់​៣៧លាន​អឺរ៉ូ។ យប់ថ្ងៃ​ចន្ទ​ម្សិលមិញ ​សមាជិកសភា​​បាន​អនុម័ត​អោយ​​មានការ​សាងសង់​នាវា​មុជទឹក​នុយក្លេអ៊ែរ​នេះឡើង ​ជាមួយ​សម្លេង​​អនុម័ត ៤៧២​សម្លេង ទល់នឹង​សម្លេងប្រឆាំង​​១១៧សម្លេង។

នាយករដ្ឋមន្ត្រី​ថ្មី ថេរេសា មៃ បាន​ការពារ​គម្រោង​សាងសង់​នេះ ដោយ​ចាត់ទុកថា វាជា​ការធានា​បាន​នូវសុវត្ថិភាព​សន្តិសុខ​របស់​​អង់គ្លេស។ យោងតាម​លោកស្រី ​ថេរេសា មៃ អង់គ្លេស​​មិនអាច​បោះបង់នាវាមុជទឹក​នុយក្លេអ៊ែរ​ទេ។​ នាវា​មុជទឹក​នេះ​ ​អាច​ជួយ​លើកទឹកចិត្ត​ប្រទេស​សម្ព័ន្ធមិត្ត​​​នានា ហើយ​ក៏​បំបាក់​​ទឹកចិត្ត​សត្រូវ​របស់​អង់គ្លេសដែរ។

​ជាការ​កត់សម្គាល់​ សមាជិក​សភា​ជាង​៧០ភាគរយ មកពី​គណបក្ស​ការងារ​ដែល​ជាបក្ស​ប្រឆាំង​ បាន​បោះឆ្នោត​គាំទ្រ​អោយ​មាន​ការសាងសង់​នាវា​ទាំងនេះ ​តាម​ការចង់បាន​របស់​រដ្ឋាភិបាល​អភិរក្ស​និយម។ ប៉ុន្តែ ប្រធាន​បក្ស​​ប្រឆាំង​នៅបក្ស​ការងារ គឺលោក ចេរេមី ឃរប៊ីន ជាអ្នកជំទាស់ដាច់អហង្កា​ នូវ​​​​ការ​សាង​​សង់នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី។ សម្រាប់​លោកឃរប៊ីន​​​​ ការ​សាងសង់​​នេះ​ត្រូវចំណាយថវិកា​សន្ធឹកសន្ធាប់​ ហើយការដែល​​អង់គ្លេស​មាន​អាវុធ​ប្រល័យលោក​​ដូច្នេះ គឺ​​​ជា​ការ​​​ប៉ះពាល់​ដល់​ផ្នែក​សីលធម៌​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ