អានតួអត្ថបទ
ហ្វីលីពីន

មេដឹកនាំ​​​ក្រុម​ជីហាត​​​រដ្ឋអ៊ីស្លាម​​ហ្វីលីពីន​​​ប្រហែល​​​ជា​​បាន​​​រត់​​គេច​ពី​​​តំបន់​​​Marawi​​ភាគ​​ខាងត្បូង​​

កងទ័ព​ហ្វីលីពីន​បាន​ផ្តល់ដំណឹង​នៅ​ថ្ងៃសៅរ៍២៤​មិថុនា​​នេះ ​ថា​​មេដឺកនាំក្រុមភេរវជន​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ហ្វីលីពីន ដែល​មាន​ឈ្មោះថា Isnilon Hapilon អ៊ីនីឡុង ហាពីឡុង ទំនង​ជា​បាន​រត់គេចខ្លួន​​ពី​តំបន់ Marawiភាគ​ខាងត្បូងហ្វីលីពីន​​។ កងទ័ព​ព្យាយាម​ដើម្បី​ទទួលបាន​ការគូសបញ្ជាក់​ច្បាស់លាស់​ពី​ព័ត៌មាន​ទាក់ទង​ការរត់គេច​ខ្លួន​នេះ។  ៥សប្តាហ៍​មកនេះ នៅ​តំបន់Marawi កងទ័ព​និង​ក្រុមជីហាត​កំពុង​​​ប្រយុទ្ធគ្នា ​យ៉ាង​ស្វិតស្វាញ។ ​ ​

កងកម្លាំងពិសេសហ្វីលីពីន ដែលកំពុង​វាយក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​នៅតំបន់Marawi ភាគខាងត្បូង
កងកម្លាំងពិសេសហ្វីលីពីន ដែលកំពុង​វាយក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​នៅតំបន់Marawi ភាគខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​ផ្នែក​យោធា​ហ្វីលីពីន ​អ៊ីនីឡុង ហាពីឡុង ​ដែល​ជា​មេក្រុមជីហាត​រដ្ឋអ៊ីស្លាម​ ទំនង​ជា​បានគេចខ្លួន ពី​តំបន់Marawi ភាគខាងត្បូង។ ទាហាន​ហ្វីលីពីន​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត នៅតំបន់​នេះ ពុំបានឃើញ​ហាពីឡុង ក្នុង​សមរភូមិ​ប្រយុទ្ធ​ទេ។ ទាហាន​ហ្វីលីពីន​បាន​តាមរក​ចាប់​មេដឹកនាំ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ហាពីឡុង​រូបនេះ តាំង​ពីខែមុនម្ល៉េះ។ ​

ហាពីឡុង ជា​មេក្រុមភេរវជន​អាប៊ូ សាយ៉ាហ្វ។ ក្រុម​អាប៊ូសាយ៉ាហ្វ បោះទីតាំង​នៅ​ប្រជុំកោះ​មីនដាណាវ។ ក្រុមនេះ​បានចាប់ជំរិត​ជនជាតិ​ហ្វីលីពីន​និង​ជនបរទេស​រាប់រយនាក់​ក្នុង​ឆ្នាំ១៩៩០។ មេ​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ហាពីឡុង ព្យាយាម​បង្រួបបង្រួម​​ក្រុមប្រយុទ្ធ​ផ្សេងៗ​នៅហ្វីលីពីន ដែល​គាំទ្រ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ ​អាមេរិក​ចាត់ទុក​ហាពីឡុង ​ជា​ភេរវជន​​​មានគ្រោះថ្នាក់​បំផុត​។ អាមេរិក​​បាន​ប្រកាស​ផ្តល់​រង្វាន់​៥លានដុល្លារ​​ បើ​សិន​គេរកឃើញ​អ៊ីនីឡុង​ ហាពីឡុង។ ​

កងទ័ព​ហ្វីលីពីន​និង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ប្រយុទ្ធគ្នា នៅ​​តំបន់Marawi​ ភាគខាងត្បូង ​តាំងពី​ថ្ងៃ​២៣ឧសភា​មក។ Marawi​ ជា​ក្រុង​មាន​អ្នកកាន់​សាសនាអ៊ីស្លាម​រស់នៅច្រើន។ សកម្មជន​​ប្រយុទ្ធ​​ដែល​​ប្រកាស​​ថា​​មកពី​ក្រុម​​ជីហាត​រដ្ឋ​អ៊ីស្លាម ​​បាន​កាន់កាប់​​សង្កាត់​ទាំងមូល​នៅ Marawi​កាលពីខែមុន។ សកម្មជន​ជីហាត​បរទេស​មកពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ក៏​ចូលរួម​ប្រយុទ្ធ​នៅ​តំបន់​នេះដែរ។

៥សប្តាហ៍មកនេះ ​​​​ការ​ប្រយុទ្ធ​រវាង​កងទ័ព​និង​ក្រុមជីហាត​ ធ្វើអោយសកម្មជន​ជីហាត​ស្លាប់​ជាង​ពាក់កណ្តាល គឺ​មាន​​ស្លាប់​​សកម្មជន​អ៊ីស្លាម​​ជិត​៣០០នាក់ ហើយ​​ទាហាន​ហ្វីលីពីនដែល​បាត់បង់​ជីវិត​វិញ​មាន​​៦៧នាក់។ ​​តំបន់​ភាគខាងត្បូង Marawi មាន​ប្រជាជន​​២សែននាក់។ ប្រជាជន​​ស្ទើរ​តែ​គ្រប់គ្នា បាន​នាំគ្នា​ភៀសខ្លួន​​ ក្រោយ​សកម្មជន​​បះបោររាប់រយនាក់ ​​លើកទង់ជ័យ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ថ្ងៃ​​២៣ឧសភា​មក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ