អានតួអត្ថបទ
អ.ស.ប-សារព័ត៌មាន

អ.ស.ប​​យក​ថ្ងៃ២វិច្ឆិកា​ ជាថ្ងៃ​​ប្រារព្ធ​​ទិវាអន្តរជាតិ​ប្រឆាំង​ការមិន​ដាក់ទោស​បទឧក្រិដ្ឋ​លើ​អ្នក​សារព័ត៌មាន​​

នៅថ្ងៃ​អង្គារ​កន្លងទៅ​នេះ គណៈ​កម្មាធិការ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​យក​ថ្ងៃ​​២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​​ទិវា​អន្តរជាតិ​ប្រឆាំង​​​នឹង​ការ​មិន​ដាក់ទោស​បទឧក្រិដ្ឋ​​លើ​អ្នកសារព័ត៌មាន​​។ ថ្ងៃ​២វិច្ឆិកា គឺ​ចួនគ្នា​ទៅនឹង​ថ្ងៃ២វិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក ជា​ថ្ងៃ​ដែល​អ្នកសារព័ត៌មាន​ជនជាតិ​បារាំង​ពីររូប នៃ​វិទ្យុ​បារាំង​អន្តរជាតិ​​យើង បាន​ត្រូវ​ក្រុមអាល់កៃដា ប្រចាំ​អាហ្វ្រិក​ខាងត្បូង AQMI ចាប់ជាចំណាប់ខ្មាំង និង​ធ្វើឃាត​នៅ​​ប្រទេស​​ម៉ាលី។

បុណ្យ​សព​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ក្រុងប៉ារីស ឧទ្ទិស​ដល់​លោកស្រី​ ហ្ស៊ីសឺលែន ឌុយប៉ុង និង​លោក ក្លូដ វែរឡុង ដែល​ក្រុម​អាល់កៃដា​នៅ​អាហ្វ្រិកខាងត្បូង បាន​ធ្វើឃាត កាលពី​ថ្ងៃ២វិច្ឆិកា។
បុណ្យ​សព​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ក្រុងប៉ារីស ឧទ្ទិស​ដល់​លោកស្រី​ ហ្ស៊ីសឺលែន ឌុយប៉ុង និង​លោក ក្លូដ វែរឡុង ដែល​ក្រុម​អាល់កៃដា​នៅ​អាហ្វ្រិកខាងត្បូង បាន​ធ្វើឃាត កាលពី​ថ្ងៃ២វិច្ឆិកា។ RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ​ គណៈ​កម្មាធិការ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ បាន​អនុម័ត​​យក​ថ្ងៃ​​២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​​ទិវា​អន្តរជាតិ​ប្រឆាំង​​​នឹង​ការ​មិន​មានការ​ដាក់​ទោស​បទឧក្រិដ្ឋ​​លើ​អ្នកសារព័ត៌មាន​​។ ការអនុម័ត​នេះធ្វើឡើង​ដោយ​មិន​បាន​ឆ្លង​តាម​រយៈការបោះឆ្នោត​នោះទេ ប៉ុន្តែ​ គ្រប់ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ បាន​យល់ព្រម​អោយ​មានការ​អនុម័ត​នេះ។

ក្រុងប៉ារីស​បាន​សុំអោយ​​​ថ្ងៃ​២វិច្ឆិកានេះ ក្លាយជាថ្ងៃ​នៃទិវា​អន្តរជាតិ​ដើម្បី​ការពារ​គ្រប់​អ្នកសារព័ត៌មាន​​ទូទាំងពិភពលោក។ ថ្ងៃ​២វិច្ឆិកា​ គឺចួន​នឹង​ថ្ងៃ២វិច្ឆិកា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ដែល​អ្នកសារព័ត៌មាន​ជនជាតិ​បារាំង​ពីររូប នៃ​វិទ្យុ​បារាំង​អន្តរជាតិ ​​RFI  ត្រូវ​គេ​ធ្វើឃាតនៅ​ប្រទេស​ម៉ាលី។ ថ្ងៃ​២វិច្ឆិកានោះ ​​នៅ​ម៉ាលី អ្នកសារព័ត៌មាន​ទាំងពីររូប គឺ​លោកស្រី Gislaine Dupont និង​លោក Claude Verlon ទើបតែ​​បាន​សម្ភាសន៍​អ្នកតំណាង​សហគមន៍​ទូអារេកមួយរូប។ ​នៅ​ពីមុខ​ផ្ទះ​អ្នកតំណាង​សហគមន៍​រូបនេះ ​​ជន​ប្រដាប់​អាវុធ​មួយក្រុម ដែល​ជា​ក្រុម​អាល់កៃដា​ប្រចាំ​អាហ្វ្រិក​ខាងត្បូង​ ​​ហៅថា AQMI បាន​ចាប់​ខ្លួនអ្នកសារព័ត៌មាន​បារាំង​ទាំងពីររូប​ ​ជា​ចំណាប់​ខ្មាំង ហើយ​បាន​​សម្លាប់​ពួកគាត់ ​ក្នុង​ថ្ងៃ​២វិច្ឆិកា​ដដែល។

បុរស​ជួញដូរ​គ្រឿងញៀន​​មួយរូបមកពី​សហគមន៍​ទូអារេក និង​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ក្រុមឧទ្ទាម​ AQMI​ កំពុង​ត្រូវ​បាន​តាម​ស្វែង​រក​ចាប់ខ្លួន ព្រោះ​បុរស​នេះ​​ប្រហែល​ជា​បាន​រៀបចំ​ផែនការ​ចាប់អ្នកសារព័ត៌មាន​វិទ្យុបារាំង​អន្តរជាតិ​ទាំងពីររូប។

អង្គការ​អ្នកយកការណ៍​គ្មានព្រំដែន​បាន​ស្វាគមន៍​ដល់​ការ​សំរេច​របស់​អង្គការ​សហប្រជាជាតិ​ដែល​ ​បាន​កំណត់​យកថ្ងៃ​២វិច្ឆិកា នេះ​ ប្រារព្ធ​ទិវា​អន្តរជាតិ​ ដើម្បីប្រឆាំង​នឹង​ការមិន​ដាក់ទណ្ឌកម្ម​លើ​បទឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន។ សំរាប់​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន តាមរយៈ​ការ​សំរេច​យកថ្ងៃ​២វិច្ឆិកា​ ជាទិវា​អន្តរជាតិ​នេះ អង្គការ​​សហប្រជាជាតិ​បាន​បញ្ជូន​សារ​ដ៏​មាន​អត្ថន័យ​ធ្ងន់​មួយ ទៅ​​ដល់​រាល់​​ជន​ដែល​សម្លាប់​អ្នកសារព័ត៌មាន។

គួររំលឹកថា ចាប់​តាំង​ពី​ដើមឆ្នាំ​២០១៣មក អ្នកសារព័ត៌មាន​​​៥២នាក់ ក្នុង​ពេល​បេសកម្មការងារ​ខ្លួន ត្រូវ​បាន​​គេ​សម្លាប់​ នៅ​ប្រទេស​ម៉ាលី ស៊ីរី សូម៉ាលី​ ប៉ាគីស្ថាន ​និង​ប្រេស៊ីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ