ទាហានអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ Gaza ក្នុងដែនដីប៉ាឡេស្ទីន ក្រោយពីមានការបាញ់គ្រាប់រ៉ូកែត
នៅក្នុងយប់ថ្ងៃអាទិត្យ ទី២៣ ឆ្លងចូលថ្ងៃចន្ទ ទី២៤ មិថុនានេះ ទាហានជើងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ Gaza ក្នុងទឹកដីប៉ាឡេស្ទីន។ ប្រតិបត្តិការទ័ពអាកាសរបស់ទាហានអ៊ីស្រាអែលនេះបានធ្វើឡើង ក្រោយពីមានការបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអែលប៉ែកខាងត្បូង នេះបើតាមបញ្ជាក់រួមគ្នាពីប្រភពអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥១
តាមសេចក្តីជូនដំណឹងមួយរបស់ទាហានអ៊ីស្រាអែលបានឲ្យដឹងថា ទ័ពអាកាសបានបាញ់កម្ទេចកន្លែងស្តុកអាវុធចំនួនពីរកន្លែងនៅប៉ែកកណ្តាលតំបន់ Gaza ព្រមទំាងទីតំាងបាញ់គ្រាប់រ៉ូកែតមួយកន្លែងនៅប៉ែកខាងត្បូងតំបន់ Gaza។ បើយោងតាមសាក្សីជនជាតិប៉ាឡេស្ទីន ប្រតិបត្តិការទ័ពអាកាសរបស់អ៊ីស្រាអែលលើតំបន់ Gaza ក្នុងទឹកដីប៉ាឡេស្ទីននោះមិនបានប៉ះពាល់លើតំបន់រស់នៅរបស់ប្រជាជន ហើយក៏មិនបានបង្កឲ្យមានអ្នករងរបួសដែរ។
តាមពិតទៅ និងបើផ្អែកតាមសាក្សីមួយចំនួន ទាហានអ៊ីស្រាអែលបានវាយប្រហារសំដៅលើចលនាជ្រុលនិយម Jihad អ៊ីស្លាមនៅ Khan Younès ប៉ែកកណ្តាល និង Rafah នៅប៉ែកខាងត្បូងតំបន់ Gaza ក្នុងទឹកដីប៉ាឡេស្ទីន។ ប្រតិកម្មភ្លាមៗរបស់អ៊ីស្រាអែលពេលនេះបានកើតមានឡើង បន្ទាប់ពីមានគ្រាប់រ៉ូកែតចំនួន ២គ្រាប់បានធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែលប៉ែកខាងត្បូងកាលពីយប់ថ្ងៃអាទិត្យ។ ទន្ទឹមគ្នានោះ នៅមានគ្រាប់រ៉ូកែតចំនួន ២គ្រាប់ផ្សេងទៀតត្រូវបានប្រព័ន្ធចាប់មីស៊ីលស្ទាក់បាញ់កម្ទេចចោល។
ក៏ដូចជាសព្វមួយដង និងជាចម្លើយសងសឹកវិញ អ៊ីស្រាអែលបានសម្រេចបិទច្រកចេញ ចូល Kerem Shalom ដែលជាច្រកសម្រាប់ដឹកទំនិញរវាងដែនដីអ៊ីស្រាអែល និងតំបន់ Gaza ក្នុងដែនដីប៉ាឡេស្ទីន។ ទន្ទឹមគ្នានេះ អ៊ីស្រាអែលក៏បានទម្លាក់កំហុសការបាញ់គ្រាប់រ៉ូកែតទៅលើចលនាប៉ាឡេស្ទីនហាម៉ាសដែលកំពុងកាន់អំណាចនៅក្នុងតំបន់ Gaza។
តែបញ្ហានៅត្រង់ថា ការបាញ់គ្រាប់រ៉ូកែតទៅលើទឹកដីអ៊ីស្រាអែលពេលនេះបានកើតមានឡើង ក្រោយពីមានជម្លោះយ៉ាងតានតឹងរវាងចលនាហាម៉ាស និងចលនាជ្រុលនិយម Jihad អ៊ីស្លាម។ Jihad អ៊ីស្លាមដែលបានព្យួរទំនាក់ទំនងជាមួយហាម៉ាស ក្រោយពីមានប្រមុខយោធាម្នាក់របស់គេបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលីសហាម៉ាសនាចុងសប្តាហ៍កន្លងទៅ។ យ៉ាងណាក៏ដោយ ចលនា Jihad អ៊ីស្លាម និងចលនាហាម៉ាសបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិតជុំវិញមរណៈភាពមេកើយរបស់ពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ