អានតួអត្ថបទ
បារាំង

លោកសាកូហ្ស៊ី​ជាប់ចោទ​ថា​បាន​ទទួល​លុយ​ខុសច្បាប់​ពី​ម្ចាស់​ក្រុមហ៊ុន L’Oréal

ជម្លោះ​ផ្ទៃក្នុង​គ្រួសារ​ម្ចាស់ក្រុមហ៊ុន​លក់​ គ្រឿងសម្អាងកាយ ឡូរេអាល់ (L’Oréal) នៅពេលនេះ បាន​រាលដាល​មួយ​កម្រិត​ទៀតហើយ។ អតីត​អ្នក​កាន់បញ្ជីលុយកាក់​របស់​គ្រួសារ​បេតង់គួរ (Bettencourt) បាន​ចោទ​លោក​សាកូហ្ស៊ី​ថា​បាន​ទទួល​លុយ ១៥ម៉ឺន​អឺរ៉ូ ពី​គ្រួសារ​បេតង់គួរ សម្រាប់​ចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតប្រធានាធិបតី កាល​ពីឆ្នាំ​២០០៧។ គឺជាចំនួន​ទឹកប្រាក់ ដែល​លើស​ពី​ការ​កំណត់​របស់​ច្បាប់។

លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតី​បារាំង
លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតី​បារាំង ©Reuters
ផ្សាយពាណិជ្ជកម្ម

08:36

បទវិភាគ​របស់ សេង ឌីណា

អតីត​គណនេយ្យករ​របស់​គ្រួសារ​បេតង់គួរ (Bettencourt) ម្ចាស់ក្រុមហ៊ុន​ឡូរេអាល់ (L’Oréal) ត្រូវបាន​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ កាល​ពីថ្ងៃ​ចន្ទ​ ម្សិលមិញ ជុំវិញ​សំណុំរឿង​​​ពាក់ព័ន្ធ​នឹង​​លោក​អេរីក វើត (Eric Woerth) រដ្ឋមន្រ្តី​​ក្រសួងការងារ (អតីត​រដ្ឋមន្រ្តី​ទទួល​ថវិកា​ជាតិ) និង​ជា​ហិរញ្ញិក​នៃ​គណបក្ស​ UMP ដែល​ជា​គណបក្ស​កាន់អំណាច។ អតីត​គណនេយ្យករនេះ បាន​ប្រាប់​ប៉ូលិសថា កាល​ពី​ខែ​មីនា ឆ្នាំ​២០០៧ គាត់​បាន​ដកលុយ​សុទ្ធ​ចំនួន ៥ម៉ឺនអឺរ៉ូ បូក​ជាមួយ​លុយ​ ១០ម៉ឺន​ដក​ពី​ធនាគារ​ស្វ៊ីស (ទាំងអស់ ១៥ម៉ឺនអឺរ៉ូ) ដើម្បី​ឲ្យ​ទៅ​លោក​អេរីក វើត។ គឺជាលុយ​វិភាគទាន​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​សាកូហ្ស៊ី។

វិភាគទាន ១៥ម៉ឺន​អឺរ៉ូនេះ បើ​សិន​ជា​កើតមាន​ពិតដូចការ​អះអាង​របស់​អតីត​គណនេយ្យករ​នេះមែន គឺ​ជា​​រឿង​ខុសច្បាប់ ពីព្រោះ​ថា តាមច្បាប់​បារាំង គេ​មិនអាច​ធ្វើ​វិភាគទាន​ឲ្យ​គណបក្ស​នយោបាយមួយ លើសពី ៧ ៥០០​អឺរ៉ូ​ទេ ក្នុង​មួយ​ឆ្នាំ។ ការធ្វើ​វិភាគទាន​ជួយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​បេក្ខជន​ណាមួយ ក៏​ត្រូវ​កំណត់​​យ៉ាងច្រើន​បំផុត ត្រឹម​តែ ៤ ៦០០​អឺរ៉ូ​ដែរ។

អតីត​គណនេយ្យករ​របស់​គ្រួសារ​បេតង់គួរ ក៏បាន​អះអាងផងដែរ​ថា លោក​សាកូហ្ស៊ី​ធ្លាប់​ចេញចូល​ផ្ទះ​គ្រួសារ​បេតង់គួរ​ជា​ញឹកញាប់ តាំង​ពី​គាត់​មិន​ទាន់​បាន​ធ្វើ​ប្រធានាធិបតីម៉្លេះ។ ជា​រៀងរាល់​លើក ពេល​ដែល​លោកសាកូហ្ស៊ី ទៅផ្ទះគ្រួសារ​បេតង់គួរ អតីត​គណនេយ្យករ​នេះ ​តែងតែ​ទទួល​បញ្ជា​ឲ្យ​ដកលុយ​សុទ្ធ​ដាក់​ក្នុង​ស្រោមសំបុត្រ ដើម្បី​ទុក​​ឲ្យ​លោក​សាកូហ្ស៊ី។ ក៏ប៉ុន្តែ អតីត​គណនេយ្យករនេះ​បាន​ទទួល​ស្គាល់ថា គាត់​មិន​មាន​ភស្តុតាង​បញ្ជាក់​ការអះអាង​ទាំងប៉ុន្មាន​របស់​គាត់​ខាងលើនេះ​ ទេ ពីព្រោះ​លុយ​ដែល​ឲ្យ​ទៅ​លោក​សាកូហ្ស៊ី គឺ​ជា​លុយ​សុទ្ធ​ ហើយ​មិនមាន​ទុក​ក្រដាស​ស្នាម​អ្វី​ជា​តម្រុយ​នោះទេ។

នៅព្រឹកថ្ងៃ​អង្គារនេះ លោក​សាកូហ្ស៊ី និង​លោក​អេរីក វើត សុទ្ធតែ​បាន​បដិសេធ​ការអះអាង​រឿង​ទទួល​លុយ​ខុសច្បាប់​ទាំងនេះ។ លោក​អេរីក វើត បាន​អះអាង​សាជាថ្មីម្តងទៀត​ថា លោក​នឹង​មិនចុះចេញ​ពី​តំណែង​នោះទេ ព្រោះ​លោក​មិនបាន​ធ្វើ​អ្វី​ខុស។

មន្រ្តី​ខ្លះ ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស UMP បាន​ស្នើ​សុំ​ឲ្យ​លោក​សាកូហ្ស៊ី​ធ្វើ​សេចក្តី​ថ្លែងការណ៍​តាមទូរទស្សន៍​ជា​ ប្រញាប់ ដើម្បី​ពន្យល់​ពលរដ្ឋ​បារាំង​ឲ្យ​បាន​ច្បាស់​ ជុំវិញ​រឿង​អាស្រូវ​នេះ។ មាន​តំណាងរាស្រ្ត​​គណបក្ស​ UMP ខ្លះ ថែម​ទាំងបាន​ស្នើសុំ​ឲ្យ​លោកសាកូហ្ស៊ី​រុះរើ​គណៈរដ្ឋមន្រ្តី​ក្នុងពេល​ ឆាប់ៗនេះ​ទៀតផង ដោយមិនបាច់​ចាំ​ដល់​ខែ​តុលា ដូច​ដែល​លោក​សាកូហ្ស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​ កាល​ពី​ប៉ុន្មាន​ថ្ងៃមុននេះ​ទេ។ ដូច្នេះ នៅពេលនេះ រឿង​អាស្រូវ​បាន​ធ្វើ​ឲ្យ​លោកសាកូហ្ស៊ី​ត្រូវ​ទទួល​សម្ពាធ​មិនត្រឹមតែ​ពី​ គណបក្ស​ប្រឆាំង​នោះទេ ក៏ប៉ុន្តែ ទាំងពី​គណបក្ស​កាន់អំណាច​ខ្លួន​ឯង​ផ្ទាល់​ផងដែរ។

កាល​ពី​ដំបូង ដែល​លោក​សាកូហ្ស៊ី ចង់​ចាំ​ដល់​ខែតុលា ទើប​រុះរើ​គណៈរដ្ឋមន្រ្តី ពីព្រោះ​លោក​ចង់​ទុកពេល ដើម្បី​​​ធ្វើ​​កំណែទម្រង់​អាយុចូលនិវត្តន៍​ឲ្យបាន​ចប់​សព្វគ្រប់​ជាមុនសិន។ ក៏ប៉ុន្តែ បើ​រឿងអាស្រូវ​បាន​រីករាលដាល​កាន់តែ​ធំ​បែបនេះ​ទៅហើយ តើ​លោក​សាកូហ្ស៊ី​ពិត​ជា​អាច​ចាំ​ដល់​ខែ​តុលា​បាន​ដែរឬទេ? បើ​សិន​ជា​ត្រូវ​បង្ខំចិត្ត​រុះរើ​គណៈរដ្ឋមន្រ្តី​នៅពេលនេះ តើ​រដ្ឋមន្រ្តីណា​ត្រូវ​​ទៅ រដ្ឋមន្រ្តីណា​​ត្រូវ​នៅ? តើ​លោក​អេរីក វើត ត្រូវ​ចេញ​ពី​រដ្ឋាភិបាល​ដែរ​ឬ​ក៏យ៉ាងណា? បើ​ចេញ តើ​អ្នកណា​ជា​អ្នក​​មក​ទទួល​សំណុំរឿង​កំណែទម្រង់​អាយុចូលនិវត្តន៍? ទាំងនេះ សុទ្ធតែ​ជា​ជម្រើស​ដ៏ពិបាក ដែល​កំពុង​តែ​ធ្វើ​ឲ្យ​លោកសាកូហ្ស៊ី និង​រដ្ឋាភិបាល​របស់​លោក​វិលមុខ។ នេះ​នៅមិនទាន់​និយាយ​ដល់​ផង​ថា តើ​ថ្ងៃ​ស្អែក​នឹង​មាន​ព័ត៌មាន​អ្វី​ថ្មីផ្ទុះឡើង​ទៀត ជុំវិញ​សំណុំរឿង​បេតង់គួរនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ