អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

អាមេរិក​ជួប​ការ​បាញ់​ប្រហារ​​​មួយទៀត​ដែល​បង្កប់​ដោយ​ចម្ងល់​រាប់​ពាន់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ ១៣​​នាក់​ និង​មាន​សំណួរ​ដ៏​ច្រើន​ជុំ​វិញការ​បាញ់​ប្រហារ​ ម្សិលមិញ នៅ​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សេតវិមាន។ ទីបញ្ជាការ​យោធា​ដែល​ជា​កន្លែង​មាន​សុវត្ថិភាព​និង​ការពារ​យ៉ាង​ខ្លាំង​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក។ ដូច្នេះ​​សួរ​ថា​តើ​អត្តឃាត​ជន ដែល​ត្រូវ​បាន​សម្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ជា​នរណា​ ? ​ធ្វើ​ដូចម្តេច​ទើប​អាច​ចូល​បាន ​មានមនុស្ស​​រួម​ដៃ​ប៉ុន្មាន​នាក់​? និងក្នុង​បំណង​អ្វី ?

ប៉ូលិស​កំពុង​ធ្វើ​អង្កេត​នៅ​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក នាទីក្រុង​ Washingtonថ្ងៃទី ១៦ កញ្ញា ២០១៣
ប៉ូលិស​កំពុង​ធ្វើ​អង្កេត​នៅ​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក នាទីក្រុង​ Washingtonថ្ងៃទី ១៦ កញ្ញា ២០១៣ AFP/Saul LOEB
ផ្សាយពាណិជ្ជកម្ម

 

មាន​អាយុ ៣៤​ឆ្នាំ​ មុខ​ស្តើង ក្បាល​ត្រងោល អារ៉ុង អាឡិចស៊ី (Aaron Alexis) បាន​​ចូល​​​ទៅ​ក្នុង​អាគារ​ កម្ពស់ ១៩៧​ជាន់ ដែល​ជា​ទី​ស្នាក់​បញ្ជាប្រព័ន្ធ​​ទ័ព​ជើង​ទឹក​អាមេរិក ​និង​មាន​បុគ្គលិក​ធ្វើការ ប្រមាណ​បីពាន់​នាក់ នៅ​វេលា​ម៉ោង ៨និង​២០​នាទី ម៉ោង​នៅ ទីក្រុង​វ៉ាស៊ីនតោន។ ពេល​ចូល​ទៅ​ដល់​ក្នុង​ អត្តឃាតជន បានបាញ់​រះ​ ជា​ច្រើន​លើកច្រើនសា មុន​នឹង​ត្រូវ​កង​កុម្មង់ដូរ​បាញ់​សម្លាប់​បាន។​

គេ​អាច​ស្គាល់​អត្តសញ្ញាណ​ឃាតករ​រូប​នេះ ដោយ​ស្នាម​ក្រយៅ​ដៃ។ ខ្នាន់​កាំភ្លើង​ អារ៉ុង​ អាឡិចស៊ី គឺ​ជា​បុគ្គលិក​របស់សហគ្រាស​​មួយ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​​HP Hewlett-Packard ដែល​បាន​សិទ្ធិ​ជួសជុល​ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា អ៊ីនធ័រនែត​​ប្រើប្រាស់​​ក្នុង​ទីបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​នេះ។ អារ៉ុង អាឡិច​ស៊ី ក៏​ធ្លាប់​ស្ថិត​នៅ​ក្នុង​ជួរ​ទ័ព​បំរុង រយៈ​ពេល​៤​ឆ្នាំ​ ពី​ខែ​ ឧសភា ២០០៧ ដល់​ខែ​មករា​២០១១។ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ចាក​ចេញ​ពី​ជួរទ័ព​ មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ។ បន្ទាប់​មក អារ៉ុង​ អាឡិចស៊ី បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​រត់​តុ ឬ​ដឹក​ម្ហូប​ ឱ្យ​ភោជ្ជនីដ្ឋាន​ថៃ​ រៀន​ថៃ​ និង​ចុះ​ឡើង​ញយ​ដង​ទៅ​ថៃ​ និង​ប្រទេស​ជប៉ុន ព្រោះ​មាន​ជំនក់​ចិត្ត​នឹង​ព្រះពុទ្ធ​សាសនា ចូល​ចិត្ត​ធ្វើ​សមាធិ មិន​ដែល​និយាយ​ឡើយ​ពី កាំភ្លើង​ឬ​អំពើ​ហិង្សា។ នេះ​បើ​តាម​កាសែត​ក្នុង​ស្រុក។

ប៉ុន្តែ​បើ​តាមប្រភព​ព័ត៌មាន​ប៉ូលិស​ ខ្មាន់​កាំភ្លើង​រូប​នេះ មាន​ចរិត​សាហាវ​ កំរោល​ចូល ធ្លាប់​បាន​បាញ់​ទម្លុះ​ដំបូល​ផ្ទះ​អ្នកជិតខាង។ ឪពុក​ជន​នេះ​ធ្លាប់​ទាំង​បាន​ប្រាប់​ប៉ូលិស​​អំពី​បញ្ហា​ផ្លូវចិត្ត​មិន​ចេះ​ទប់​​កំហឹង​ របស់​អាឡិចស៊ី​ ដោយ​លើក​ឡើង​ពី​វិបត្តិ​គ្រាំ​ចិត្ត​ក្រោយ​មហាភេវកម្ម​១១​កញ្ញា​២០០១។

ម្សិលមិញ​ អារ៉ុង​ អាឡិចស៊ី​អាច​ចូល​ទៅទីស្នាក់ការ​យោធា​អាមេរិក​បាន ដោយ​ប្រើ​កាត​របស់​អតីត​បុគ្គលិក​របស់​មូលដ្ឋាន​ទ័ព​នេះ ទើប​គ្មាន​ការ​ឆែក​ឆេរ។ គេ​​​សង្ស័យ​ថា​មនុស្ស​មាន​រួម​គំនិត​ក្នុង​ការ​វាយប្រហារ​នេះ​ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​បាន​អំពី​កំរិត​នៃ​ការ​ផ្សំ​គំនិត​នេះ​ទេ។ ឯ​មូលហេតុ​​និង​កម្មវត្ថុ​ដែល​រុញ​ច្រាន​ឱ្យ​មាន​ការ​បាញ់​ប្រហារ​ ក៏​នៅ​តែ​ពុំ​ទាន់​អាច​កំណត់​បាន​យ៉ាង​ច្បាស់​លាស់​នៅ​ឡើយ​ រហូត​មកទល់​នឹង​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ