អានតួអត្ថបទ
សុខភាព

អេបូឡា​៖ អាមេរិក​បញ្ជូន​ថ្នាំ​ក្នុង​ដំណាក់កាល​សាកល្បង​ទៅ​ព្យាបាល​នៅ​លីបេរីយ៉ា

រោគ​អេបូឡា បាន​ស្លាប់​ជីវិត​មនុស្ស ១០១៣​នាក់​ហើយ ! នេះ​បើ​តាម​តួលេខ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​ ចេញ​ថ្ងៃ​ទី ១១​សីហា ២០១៤។ ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​គេ គឺ ហ្គីណេ សេរ៉ាឡេអូន និង​លីបេរីយ៉ា។ ប្រឈម​មុន​នឹង​ការ​រាត​ត្បាត​ឥត​ស្រាកដូច្នេះ​ ប្រទេស​ជប៉ុន​បាន​សម្រេច​ចិត្ត​ ជម្លៀស​សហការី​របស់​ខ្លួន​២៤​នាក់​ចេញ​ពី​ប្រទេស​ទាំង​បី​នេះ។ ចំណែក​អាមេរិក​វិញ បាន​ប្រកាស​យល់​ព្រម​បញ្ជូន​សេរ៉ូម​ ​​សម្រាប់​ព្យាបាល​ជំងឺ​អេបូឡា​ទៅ​ឲ្យ​លីបេរីយ៉ា។ ប៉ុន្តែ​សេរ៉ូម​នេះ​ ​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​តែប៉ុណ្ណោះ ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ទូទៅ​នៅឡើយទេ។ អង្គការ​សុខភាព​ពិភពលោក​​ដែល​ជួប​ប្រជុំ​គ្នា​តាំង​ពី​ថ្ងៃ​ចន្ទ ក៏​ទើប​ព្រមព្រៀង​ឱ្យ​​ប្រើ​ថ្នាំនេះ​ដែរ ដើម្បី​ការពារ។​

ក្រុម​ស្ម័គ្រ​ចិត្ត​កំពុង​ត្រៀម​ប្រមូល​​សាកសព​ជន​សង្ស័យ​ស្លាប់​ព្រោះ​ជំងឺ​អេបូឡា នៅ​ភូមិ Pendebu ប្រទេស​សៀរ៉ាឡេអូន
ក្រុម​ស្ម័គ្រ​ចិត្ត​កំពុង​ត្រៀម​ប្រមូល​​សាកសព​ជន​សង្ស័យ​ស្លាប់​ព្រោះ​ជំងឺ​អេបូឡា នៅ​ភូមិ Pendebu ប្រទេស​សៀរ៉ាឡេអូន REUTERS/WHO/Tarik Jasarevic/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

សេរ៉ូម​ប្រឆាំង​នឹង​វីរ៉ុស​​អេបូឡា ZMapp ផលិត​ចេញ​ពី​ស្លឹក​ថ្នាំ​ជក់ និង​ពិបាក​ផលិត​ក្នុង​បិរមាណ​ច្រើន​ថ្នាក់​ពិភលោក​ណាស់។ មាន​សមត្ថភាព​ជា​ថ្នាំ​អង្គបដិបក្ខ anticorps សេរ៉ូម​ ZMapp​ ដែល​​ផ្តល់​លទ្ធផល​ជា​ទីគាប់​ចិត្ត​ ពេល​សាក​ល្បង​លើ​សត្វ​ស្វា ​មិន​ដែល​ធ្លាប់​បាន​ធ្វើ​ការ​សាកល្បង​លើ​មនុស្ស​ទេ​ពី​មុន​មក ហើយ​ក៏​ពុំ​ទាន់​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​ដែរ។

 
បន្ទាប់​ពី​បាន​ឃើញ​អាមេរិក​​​ប្រើ​ថ្នាំនេះ​​ជា​លើក​ដំបូង ​ក្នុង​ក្របខ័ណ្ឌ​សាកល្បង​លើ​ជនជាតិ​អាមេរិក​ពីរ​នាក់​ឆ្លង​ជំងឺ​អេបូឡាពី​អាហ្វ្រិក ផ្តល់​សញ្ញា​វិជ្ជមានមក ប្រទេស​អាហ្វ្រិក​រង​ការ​រាត​ត្បាត​ពី​ជំងឺ​អេបូឡា បាន​បង្ហាញ​ឆន្ទៈ​ចង់​ប្រើ​សេរ៉ូម​​នេះ​ដែរ !​ ប្រធានាធិបតី​លីបេយ៉ា​បាន​ស្នើ​សុំ​ទៅ​លោក​បារ៉ាក់​អូបាម៉ាផ្ទាល់​តែ​ម្តង កាលពី​ថ្ងៃ​ទី​៨​សីហា។ ហើយ​ការព្យាបាល​ដក​ពិសោធន៍​ នឹង​ត្រូវ​ចាប់​ផ្តើម​ នៅលីបេរីយ៉ា នៅ​សប្តាហ៍នេះ​​ ​ក្រោម​ការ​ដឹកនាំ​របស់​អន្តរការី​អាមេរិក។ នេះ​បើ​តាមប្រសាសន៍​លោក​ប្រធានាធិបតី​លីបេរីយ៉ា ដែល​បាន​បញ្ជាក់​ថា​បាន​ទទួល​​ភ្លើង​ខៀវ​​ពី​លោកស្រី Margaret Chan អគ្គនាយក​អង្គការ​​សុខភាព​ពិភពលោក។

អង្គការ​សុខភាព​ពិភពលោក ដែល​បានជួប​ប្រជុំ​គ្នា​តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដោយ​បន្ទាន់ និង​ដោយ​បិទ​ទ្វារ​នៅ​ទីក្រុងហ្សឺណែវ ទើប​បាន​ចេញ​សេចក្តីសម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​សេរ៉ូម​​ ZMapp បើ​ទោះ​បី​ជា​ថ្នាំ​នេះ​ទើប​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ល្បង​ក៏​ដោយ។ គណៈកម្មាធិការ​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​ការ​អនុញ្ញាត​​ជា​ផ្លូវ​ការ​ ដោយ​ឈរ​លើ​គោលការណ៍​ការពារ និង​ស្ថានភាព​នៃ​ការ​រាត​ត្បាត​របស់មេរោគ ប៉ុន្តែ​រក្សា​សិទ្ធិ​ទាមទារ​ឱ្យ​គោរព​លក្ខខណ្ឌ​ចាំ​បាច់​។ បើ​តាម​OMS ​សេរ៉ូម​នេះ​ជា​ថ្នាំ​ព្យាបាល​មាន​សក្តានុពល​តែ​មួយ​គត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា បើ​ទោះ​បី​ជា​គេ​នៅ​មិន​ទាន់​ដឹង​អំពី​ប្រសិទ្ធិភាព និង​ផល​រំខាន​នៃ​ថ្នាំ​នេះ​យ៉ាង​ណា​ក៏ដោយ។

សូម​បញ្ជាក់ថា​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ថ្នាំ​ព្យាបាល​ ឬ​ថ្នាំ​វ៉ាក់សាំង​ ណា​អាច​ទប់​ស្កាត់​ និង​ព្យាបាល​ ជំងឺ​គ្រុន​ក្តៅ​ចេញ​ឈាម​អេបូឡា​ ដែល​អាច​ចម្លង​ពី​សត្វ​មក​មនុស្ស និង​ពី​មនុស្ស​ទៅ​មនុស្ស​ តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​អង្គធាតុ​រាវមាន​ជីវិត​របស់​អ្នក​ជំងឺ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ