អានតួអត្ថបទ
កម្ពុជា

បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​អាជ្ញាធរ​ហាម​ឃាត់

បាតុកម្ម​ប្រឆាំង​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ​បាន​ផ្ទុះ​ឡើង​សាជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​តុលា​នេះ។​ ជា​បាតុកម្ម​នៅ​ថ្ងៃ​ទីមួយ​ នៃ​គម្រោង​បាតុកម្ម​រយៈពេល​៥​ថ្ងៃ ​ដឹក​នាំ​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ។ ​នៅ​ថ្ងៃ​ទី​១​នៃ​បាតុកម្ម​នេះ ​ក៍​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ផង​ដែរ​ ខណៈ​ដែល​កំហឹង​របស់​បាតុករ​បាន​ឈាន​ដល់​ការដុ​ត​ទង់ជាតិ​របស់​ប្រទេស​វៀតណាម។

បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​ទី​៤​ខែ​តុលា។​
បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​ទី​៤​ខែ​តុលា។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅតែ​បន្តធ្វើ ល្គឹកណា​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា មិន​ចេញមុខ​មកសុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​បើតាម​ការប្រកាស​របស់​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ដឹកនាំ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃ​សៅ​រិ៍​ទី៤តុលា​នេះ។ លោក ថាច់ សេដ្ឋា បាន​ថ្លែងថា "ក្រុមបាតុករ​បាន​ទុកពេល​ច្រើន​មកហើយ ដើម្បីអោយ​រដ្ឋាភិបាល​វៀ​ត​ណា​ម​សុំទោស​និង​ទទួលស្គាល់​ការពិត។ ក្នុងនោះ​រាប់ទាំង​ការ ដាក់​ញត្តិ និង​ធ្វើបាតុកម្ម​ផងដែរ តែ​រដ្ឋាភិបាល​វៀតណាម​នៅតែ​មិន​ឆ្លើយតប។ ដូច្នេះ​បាតុកម្ម​នៅថ្ងៃនេះ យើង​មិន​បានដាក់​ញត្តិ​ទៀត​នោះទេ តែ​យើង​នឹង​ទាមទារ​អោយ​រដ្ឋាភិបាល​វៀតណាម​ចេញមក​សុំទោស​តែម្តង"។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់ លោក ថាច់ សេដ្ឋា នៅ​ចំពោះមុខ​ហ្វូង​បាតុករ​ដែល​កំពុងមាន​កំហឹង​រាប់រយ​នាក់។ បាតុកម្ម​បាន​ឈានដល់​ការដុត​ទង់ជាតិ​ប្រទេស​វៀតណាម នៅ​ប្រមាណ​ជា​ម៉ោងជាង១១ព្រឹក ខណៈដែល​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នៅតែ​មិន​អើពើ ទៅនឹង​បាតុករ​រាប់រយ​នាក់​ដែល​ស្ថិតនៅ​ខាងក្រៅ​របង​ស្ថានទូត​វៀតណាម ដែល​ការពារ​បន្ថែម​ដោយ​របា​ដែក​របស់​ប៉ូលីស​ស្ទើរ​ពេញ​មួយ​កំណាត់​ផ្លូវ​មុខ​ស្ថានទូត​វៀតណាម។

ការធ្វើ​បាត​កម្ម​ថ្ងៃនេះ មិនមាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​នោះទេ ដោយ​អាជ្ញាធរ​បានអនុញ្ញាត​អោយ​ធ្វើ​នៅ​ថ្ងៃទី៧តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិនអោយ​មាន​ការហែក្បួន​នោះទេ។

នៅក្នុង​ការធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​កាលពី​ព្រឹក ក្រុមបាតុករ ក៍បាន​ទម្លាយ​របាំង​ដែក របស់​សមត្ថកិច្ច ដែល​ដាក់​ការពារ​សុវត្ថិភាព​ស្ថានទូត​ ដែលនាំអោយ​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ តែ​​បាន​ស្ងប់ស្ងាត់​ទៅវិញ។ នៅក្នុង​ការដឹកនាំ​បាតុក​ម្ម​នៅថ្ងៃនេះ លោក ថាច់ សេដ្ឋា ក៍បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​មកពី​ប្រទេស​វៀតណាម​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ