អានតួអត្ថបទ
អេហ្ស៊ីព្ទ

ប្រវត្តិ​សង្ខេប​របស់​លោក​ហូស្នី មូបារ៉ាក់

លោក​ហូស្នី មូបារ៉ាក់ (Hosni Moubarak) គឺ​ជា​ប្រធានាធិបតី ដែល​កាន់តំណែង​យូរជាងគេ​បំផុត​នៅអេហ្ស៊ីព្ទ។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព លោកមូបារ៉ាក់​បាន​កាន់អំណាច​ ដោយ​ប្រើ​កណ្តាប់ដៃដែក រយៈពេល ៣០ឆ្នាំ ដោយ​បាន​បង្រ្កាប​គ្រប់​ចលនា​ប្រឆាំង​ទាំងអស់ មុននឹង​ត្រូវ​ធ្លាក់​ពីអំណាច ដោយ​ចលនា​បាតុកម្ម​ប្រឆាំង។ តើ​លោក​មូបារ៉ាក់ មាន​ប្រវត្តិ​បែបណា?

លោក​មូបារ៉ាក់​ នៅ​ថ្ងៃ​ដែល​លោក​​​អេល​សាដាត (ស្តាំ) ត្រូវ​គេ​ធ្វើ​ឃាត ថ្ងៃ​៦ តុលា ១៩៨១ នៅ​ទីក្រុង​គែរ
លោក​មូបារ៉ាក់​ នៅ​ថ្ងៃ​ដែល​លោក​​​អេល​សាដាត (ស្តាំ) ត្រូវ​គេ​ធ្វើ​ឃាត ថ្ងៃ​៦ តុលា ១៩៨១ នៅ​ទីក្រុង​គែរ ©AFP
ផ្សាយពាណិជ្ជកម្ម

02:23

ការពន្យល់​របស់​សេង ឌីណា

លោក​មហាមេដ ​ហូស្នី មូបារ៉ាក់ មានអាយុ ៨២ឆ្នាំ។ លោក​​មាន​ដើមកំណើត​​ចេញ​ពី​​ភូមិ​តូចមួយ ស្ថិត​នៅ​ក្នុង​តំបន់​ដីសណ្ដ​ទន្លេ​នីល។

ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​​នៅ​វិទ្យាល័យ លោក​មូបារ៉ាក់​បាន​ចូល​​បម្រើ​ក្នុង​ជួរកងទ័ព​អេហ្ស៊ីព្ទ ហើយ​បាន​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា​យោធា​អេហ្ស៊ីព្ទ នៅឆ្នាំ​១៩៤៩។ ចាប់ពីពេលនោះមក លោក​មូបារ៉ាក់​បាន​ឡើង​ឋានៈ​ជា​បន្តបន្ទាប់ រហូតដល់​ក្លាយ​ទៅជា​មេបញ្ជាការ​កងទ័ព​ជើងអាកាស​ និង​ជា​អនុរដ្ឋមន្រ្តីការពារជាតិ នៅឆ្នាំ​១៩៧២។

ក្នុង​ឋានៈ​ជាមេ​បញ្ជាការ​កងទ័ព​ជើងអាកាស ​លោក​មូបារ៉ាក់ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មាន​ស្នាដៃ​ល្អ នៅក្នុង​ពេល​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល នៅឆ្នាំ​១៩៧៣ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាមគីពួរ”។ ពីរឆ្នាំ​ក្រោយមក (១៩៧៥) ប្រធានាធិបតី​អេហ្ស៊ីព្ទ គឺ​លោក​អេល សាដាត (el-Sadate) បាន​តែងតាំង​លោក​ហូស្នី មូបារ៉ាក់ ​ជា​អនុប្រធានាធិបតី។

ក្នុង​ឋានៈ​ជាអនុប្រធានាធិបតី​អេហ្ស៊ីព្ទ លោក​មូបារ៉ាក់​បាន​ចូលរួម​ចំណែក​​ក្នុង​ការ​ចរចា​ជាមួយ​អ៊ីស្រាអែល រហូតដល់​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ នៅឆ្នាំ​១៩៧៩។ នៅឆ្នាំ​១៩៨១ ​​ ប្រធានាធិបតី​សាដាត ត្រូវបាន​​ធ្វើ​ឃាតដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ លោក​ហូស្នី មូបារ៉ាក់ ក៏​បាន​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី​អេហ្ស៊ីព្ទ។

នៅពេលនោះ មនុស្ស​ភាគតិច​ណាស់ ដែល​ប្រមើល​ឃើញ​ថា លោក​មូបារ៉ាក់​អាច​កាន់តំណែង​បាន​យូរ ពីព្រោះ​​​ កន្លងមក គាត់​មិនមែន​មនុស្ស​ចេញមុខ​ចេញមាត់​ ហើយ​មិន​សូវមាន​​ប្រជាប្រិយភាព ទាំង​ក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ។ ក៏ប៉ុន្តែ តាមរយៈ​ជំហរ​ការពារ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ លោក​មូបារ៉ាក់​ក៏​បាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ សម្រាប់​អាមេរិក និង​ប្រទេស​លោកខាងលិច អេហ្ស៊ីព្ទ និង​លោក​មូបារ៉ាក់ ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់ នៅ​ក្នុង​តំបន់​ដើមបូព៌ា។ ជំនួយ​រាប់ពាន់​លាន​ដុល្លារ ត្រូវ​បាន​អាមេរិក​ផ្តល់​ទៅឲ្យ​​​អេហ្ស៊ីព្ទ ដែល​ភាគច្រើន​ជា​ជំនួយ​យោធា។

នៅ​ឯក្នុង​ប្រទេស​វិញ ដោយមាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព លោក​មូបារ៉ាក់​បាន​ប្រើ​កណ្ដាប់ដៃ​ដែក ដើម្បី​បង្រ្កាប​គ្រប់​​ចលនា​ប្រឆាំងទាំងអស់។ ពេញ​​​​ក្នុងរយៈពេល ៣០​ឆ្នាំ ដែល​លោក​មូបារ៉ាក់​កាន់អំណាច អេហ្ស៊ីព្ទ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​ស្តីពី​ភាព​អាសន្ន។ រាល់​ការ​ប្រមូលផ្តុំ​គ្នា ចាប់ពី​៥នាក់​ឡើង​ទៅ​ត្រូវ​ហាមឃាត់​ជាដាច់ខាត។ ក៏ប៉ុន្តែ នៅទីបំផុត ច្បាប់​ស្តីពី​ភាព​អាសន្ន​នេះ នៅតែ​មិនអាច​រារាំង​ចលនា​មហាជន​រាប់​លាន​នាក់ ដែល​​ងើបឡើង​បះបោរ រហូតបណ្តេញ​លោក​មូបារ៉ាក់​​ចេញ​ពី​អំណាច​បាន​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ