អានតួអត្ថបទ
អាមេរិក-យេម៉ែន

អាមេរិក​​កាត់បន្ថយ​​ទី​​​ប្រឹក្សា​​យោធា​​​សម្រាប់​​សម្ព័ន្ធមិត្ត​​អារ៉ាប់​​នៅ​​យេម៉ែន​

អាមេរិក​បាន​​កាត់បន្ថយ​ចំនួន​បុគ្គលិក​ផ្នែក​​ប្រឹក្សា​យោធា ដែល​ធ្វើការ​ជាមួយ​​សម្ព័ន្ធ​មិត្ត​​អារ៉ាប់ ដែល​កំពុង​អន្តរាគមន៍​យោធា​​នៅ​យេម៉ែន។ អាមេរិក​ប្រាប់ថា ការ​កាត់បន្ថយ​បុគ្គលិក​នេះ មិនមែន​​ដោយសារ​​ជនស៊ីវិល​ស្លាប់ច្រើន​នៅ​យេម៉ែនទេ។ ការកាត់បន្ថយ​​បុគ្គលិក​ ធ្វើឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុន​ទស្សនកិច្ច​របស់​ប្រមុខការទូត​ចន ឃែររី ​នៅ​អារ៉ាប៊ីសាអូឌីត ថ្ងៃ២៤-២៥​សីហា​សប្តាហ៍​ក្រោយ។

ទាហាន​យេម៉ែន
ទាហាន​យេម៉ែន STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

ការដែល​អាមេរិក​កាត់បន្ថយ​​ចំនួន​អ្នក​​​ប្រឹក្សា​យោធាខ្លួន​​ សម្រាប់​សម្ព័ន្ធមិត្តអារ៉ាប់ ​​ដែល​កំពុង​អន្តរាគមន៍​នៅ​យេមែន មិនមែន​ដោយសារ​តែ​មាន​ជនស៊ីវិល​ស្លាប់ច្រើននៅ​យេម៉ែន​ពេកទេ តែ​ដោយសារ​​​​​អារ់ាប៊ីសាអូឌីត មិនសូវត្រូវការជំនួយ​ពី​​អ្នកប្រឹក្សា​យោធា​អាមេរិកច្រើន​ដូចមុន។ នេះបើ​យោងតាម​​​​​ការ​អះអាង​របស់​មន្ត្រីទទួលខុសត្រូវ​យោធាអាមេរិក​ ថ្ងៃសៅរ៍​នេះ។

ចំនួន​អ្នកប្រឹក្សា​យោធា​អាមេរិក​ សម្រាប់​សម្ព័ន្ធមិត្ត​​​អារ៉ាប់ ​​នឹង​រក្សា​​អោយនៅ​តិចជាង៥នាក់ គឺ​តិចតួច​ណាស់។ ​កាលពីមុន អ្នកប្រឹក្សា​យោធា​​អាមេរិក​​មាន​៤៥នាក់ ធ្វើការ​អោយ​សម្ព័ន្ធ​អារ៉ាប់ នៅ​អារ៉ាប៊ីសាអូឌីត និង​បារ៉ែន។​

​អារ៉ាប៊ីសាអូឌីត គាំទ្រ​ប្រធានាធិបតី​​​យេម៉ែននិកាយ​ស៊ុននីត ​ម៉ាន់សួ ហាឌី ​ដែលកំពុង​ភៀសខ្លួន ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់ ​កំទេច​​​ក្រុមឧទ្ទាម​ហ៊ូទី ​និកាយ​ស្ហ៊ីអ៊ីត។​ ​ក្រុមឧទ្ទាម​ហ៊ូទីគាំទ្រអតីត​​ប្រធានាធិបតី​សាឡេ កំពុង​​​​កាន់កាប់​ទីក្រុង​សាណា និង​ទីតាំង​មួយចំនួន​នៅភាគខាងជើង។​​​ ​អារ៉ាប៊ី​សាអូឌីត​ចោទក្រុមឧទ្ទាម​ហ៊ូទី​ថា ទទួលបាន​ជំនួយ​ពី​អ៊ីរ៉ង់ ដើម្បី​បង្ក​អស្ថិរភាព​​​​នៅ​យេម៉ែន។ សម្ព័ន្ធមិត្ត​អារ៉ាប់​បាន​បង្កើន​ការវាយប្រហារ​ តាំងពីថ្ងៃ​៩សីហា ក្រោយ​កិច្ចពិភាក្សា​សន្តិភាព​យេម៉ែន ​​ជួបបរាជ័យ។

ជា​ញឹកញាប់​ ក្រុមសិទ្ធិមនុស្ស​រិះគន់​អារ៉ាប៊ីសាអូឌីត​​ថា ធ្វើការ​វាយប្រហារ​នៅ​យេម៉ែន​ សម្លាប់​ជន​ស៊ីវិល​សន្ធឹកសន្ធាប់។ អាមេរិក​ក៏​តែង​សុំអោយ​អារ៉ាប៊ីសាអូឌីត​ចៀស​វាង​កុំអោយ​មាន​ជនស៊ីវិលស្លាប់ដែរ។ ថ្មីៗនេះ​ ​អង្គការ​គ្រូពេទ្យគ្មានព្រំដែន​​ទើបសម្រេច​​​ជម្លៀស​បុគ្គលិក​ខ្លួន ពី​មន្ទីរពេទ្យ​ប៉ែកខាង​ជើងយេម៉ែន ​​ប៉ុណ្ណោះ ដើម្បី​ការពារ​​សុវត្ថិភាព​​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ