អានតួអត្ថបទ
កម្ពុជា

«ជន​សង្ស័យ​ចំណេញ​ឱកាស​រត់​គេច​ខ្លួន ដោយសារ​កា​​រ​បង្ហោះ​រូប​តាម​បណ្តាញ​សង្គម​» ៖អ្នកនាំពាក្យប៉ូលីសជាតិ

គិត​មក​ដល់​ថ្ងៃ​ទី​ ៣​វិច្ឆិកា​នេះ​ គឺ​មាន​រយៈ​ពេល ​៩​ថ្ងៃ​ហើយ ​បន្ទាប់​ពី​មាន​មនុស្ស​មួយ​ក្រុម​ បាន​វាយ​ដំ​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​​រហូត​​មក​​ដល់​​ពេល​​នេះ​ គណៈកម្មការ​ស្រាវជ្រាវ ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​មហា​ផ្ទៃ​ នៅ​​មិន​​ទាន់​​ចាប់​​ខ្លួន​​ជន​ដៃដល់​មក​ផ្តន្ទាទោស បាន​នោះ​ទេ។ អ្នកនាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​ថា​សមត្ថកិច្ច​ កំពុង​ញាប់​ដៃ​ញាប់​ជើង ប្រមូល​ភស្តុ​តាង ​ចាប់​ជន​ដៃ​ដល់។ តែ​​ខាង​​បក្ស​​សង្គ្រោះ​ជាតិ​​ ដែល​ជា​ជន​រងគ្រោះ ​គ្មាន​សុទិដ្ឋិនិយម ហើយ​ថា​ចំណាត់​រដ្ឋាភិបាល មាន​​ភាព​​យឺត​​យ៉ាវ​​។

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ
តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ Um Saman
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ លោក​ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធិ​ បាន​​ផ្តល់​​ព័ត៌មាន​​ឲ្យ​ដឹង​ តាម​គេហទំព័រ​នគរបាល​ជាតិ​ថា​ នៅ​ពេល​នេះ ​សមត្ថកិច្ច​ កំពុង​តែ​សកម្ម​ ក្នុង​​ការ​​ប្រមូល ​រូបភាព​និង​ ឯកសារ​នានា ​ដែល​អាច​ជា​ភស្តុតាង​ ក្នុង​​កា​រ​កំណត់​​អត្តសញ្ញាណ​​ជន​​សង្ស័យ​​ ដែ​លបា​នបង្ក​របួស​ស្នាម ​ដល់​សមាជិក​សភា​ពីរ​រូប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​​លោក​​ញ៉យ ចំរើន និង​លោក​គង់ សភា។​

ក្នុង​នោះ ស​មត្ថកិច្ច​ ក៏​បាន​បំពេញនី​តិវិធី​ ជា​មួយ​តុលាការ​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ និង​​បាន​​ចុះ​​ពិនិត្យ​កន្លែង​កើតហេតុ​។ ថែម​ទាំង​បាន​សាកសួរ​សាក្សី​មួយ​​ចំនួន ​ដូចជា​អ្នក​បើកបរ​ អ្នក​នៅ​ជិត​ និង​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ផង​ដែរ។

​យ៉ាង​ណា​ក៏​ដោយ ​លោក​គៀត ​ច័ន្ទ​ថារិទ្ធិ​ បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​ក៏​ជួប​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​បង្ក​ឲ្យ​មាន​ការ​យឺតយ៉ាវ ​ដូចជា​ការ​បង្ហោះ​រូបភាព​របស់​សាធារណជន​ នៅ​​ក្នុង​​បណ្តាញ​​សង្គ​ម​ និ​ង​សារព័ត៌មាន​នានា​ជា​ច្រើន​នោះ ​បាន​​ធ្វើ​​ឲ្យ​​ចំណេញ​​ដល់​​ជន​​សង្ស័យ​​ អាច​រត់​គេច​ខ្លួន​ ហើយធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ការ​លំបាក​ ក្នុង​ការ​អនុវត្ត​នីតិវិធី​ ដើម្បី​កំណត់​អត្ត​សញ្ញាណ ​និង​ចាប់​ខ្លួ​​នជន​សង្ស័យ។ ​អ្នក​នាំពាក្យ​ប៉ូលីស​ជាតិ​ បាន​អះអាង​ រូបភាព​ និង​ឯកសារ​តាម​រយៈ​បណ្តាញ​សង្គម​ ឬ​តាម​សារព័ត៌​មាន​មួយចំ​នួន ​មិន​សូវ​ជា​ផ្លូវ​ការ ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។

​សមត្ថកិច្ច​​ នៅតែ​បន្ត​អំពាវនាវ ​ដល់​សាធារណជន​ជា​ថ្មី​ទៀត ​ត្រូវ​ផ្តល់​រូបភាព ​ឬ​ឯកសារ​ផ្សេង​ៗ​ដោយ​ផ្ទាល់​តែ​ម្តង​ មក​កាន់​សមត្ថកិច្ច​ ដែល​អាច​ជួយ​ដល់​ក្នុង​ការ​ស៊ើប​អង្កេត​ និង​ឈាន​ដល់​ការ​កំណត់​មុខ​សញ្ញា ​និង​ចាប់​ខ្លួន​ជន​សង្ស័យ។

​គួររ​ម្លឹក​ជូន​ថា ​បន្ទាប់​ពី​មាន​ការ​វាយ​ដំ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា កាល​ពី​ថ្ងៃ​ទី​ ២៦​តុលា ក្រោយ​មួយ​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ២៧​តុលា ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រកាស​បង្កើត​គណៈ​កម្មការ​ស្រាវជ្រាវ​មួយ​ ដែល​ដឹកនាំ​ដោយ​លោក​ឯម សំអាន​ ដើម្បី​តាម​រក​ជន​ដៃ​ដល់​មក​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់។ ​ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ បង្ហាញ​ទុទិដ្ឋិ​និយម​ថា ​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់ ​មាន​ភាព​យឺតយ៉ាវ ​ហើយ​មិន​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​មហាជន ​និង​ថែម​ទាំង​បង្ក​ក្តី​បារម្ភ​ ដល់​សុវត្ថិភាព​ ក្នុង​ការ​បំពេញ​តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ​ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ