អានតួអត្ថបទ
ចិន

ចិន​ព្រមាន​អាមេរិក​កុំ​ឱ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​

ថ្ងៃអង្គារ ទី​៨តុលា ក្រសួង​ការ​បរទេស​ចិន បាន​ប្រតិកម្ម​ដាក់​អាមេរិក​យ៉ាងខ្លាំងដៃ ថា​ចិន​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ ចំពោះ​ឥរិយាបថរបស់​អាមេរិក​ ជុំវិញ​សំណុំ​រឿង​ជនជាតិ​ភាគ​តិចអ៊ុយហ្គួរ កាន់សាសនា​​​អ៊ីស្លាម។ ចិន​ ថែមទាំង​ព្រមានបញ្ជាក់ថា សូម​អាមេរិក​កុំ​ឱ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឱ្យសោះ។ ​ការ​ប៉ះ​ទង្គិចពាក្យ​​សម្តី​គ្នា​នេះ គឺកើតឡើង​​នៅមុន​ពេល​ដែល​ប្រទេស​ទាំងពីរ ត្រៀម​ចរចាគ្នា​ដោះស្រាយ​រឿង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅថ្ងៃទី​១០តុលា ​ក្នុង​ទឹកដី​អាមេរិក។ 

ជនជាតិ​អ៊ុយហ្គរ ធ្វើ​ការ​សម្តែង​មតិ​នៅ​អឺរ៉ុប ចំពោះការ​ដែល​រដ្ឋអំណាច​ចិន​គាប​សង្កត់​សិទ្ធិ​រស់​នៅ​របស់​សាច់ញាតិ​របស់​ពួក​គេ​ នៅក្នុងស្រុក។​
ជនជាតិ​អ៊ុយហ្គរ ធ្វើ​ការ​សម្តែង​មតិ​នៅ​អឺរ៉ុប ចំពោះការ​ដែល​រដ្ឋអំណាច​ចិន​គាប​សង្កត់​សិទ្ធិ​រស់​នៅ​របស់​សាច់ញាតិ​របស់​ពួក​គេ​ នៅក្នុងស្រុក។​ © RFI/Heike Schmidt
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​ចិន​យ៉ាងដូច្នេះ គឺក្រោយ​ពេល​ដែល​អាមេរិក ប្រកាស​ត្រៀម​ដាក់​ ក្រុម​ហ៊ុន​រដ្ឋ​និង​​ឯកជន រួម​ទាំង​ស្ថាប័ន​រដ្ឋ​របស់​ចិន ​ចំនួន​២៨ស្ថាប័ន​ ទៅក្នុង​បញ្ជីខ្មៅ​ត្រូវ​ទទួល​ទណ្ឌកម្ម​។ អាមេរិក​ធ្វើ​ដូច្នេះ​ គឺដោយសារតែ​មាន​​ភស្តុតាង​​​វីដេអូ​ បង្ហាញ​ពីករណី​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​ជន​ជាតិ​ភាគតិចអ៊ុយហ្គួរ ​កាន់​សាសនា​អ៊ីស្លាម ក្នុង​តំបន់​ Xinjiang (ស៊ីងចាំង)។

«នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន គឺ​មាន​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ»។ នេះជាការ​បញ្ចេញ​យោបល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ លោក Wilbur Ross។​ ​រដ្ឋមន្ត្រីរូប​នេះ​ ​លើកឡើង​ថា ​ក្រសួង​ពាណិជ្ជកម្ម​និងរដ្ឋាភិបាល​អាមេរិក មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​ចំពោះ​ការបង្ក្រាប​យ៉ាង​ឃោរឃៅទៅលើ​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គួរ​ ពី​សំណាក់​រដ្ឋ​អំណាច​ចិន​។

ប៉ុន្តែ អ្នក​នាំពាក្យ​ការ​បរទេស​ចិន លោក Geng Shung (គឹង ស័ង) បាន​ឆ្លើយ​បក​វិញថា «គ្មាន​បញ្ហា​សិទ្ធិមនុស្ស​អ្វីឡើយនៅស្រុក​ចិន​ គឺ​មិន​ដូច​ការ​ចោទប្រកាន់​របស់​អាមេរិក​នោះឡើយ​»។ ថ្លែង​ដោយ​ក្តី​ទោមនស្សជាខ្លាំង អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិនព្រមានអាមេរិក​ថា «កុំលូក​ដៃ​ជ្រៀតជ្រែកកកូរកកាយ​កិច្ចការផ្ទៃក្នុងរបស់ប្រទេស​ចិន​ឱ្យសោះ»។

​អង្គការ​សិទ្ធិមនុស្ស និង​កាសែត​បស្ចិម​លោក​ជាច្រើន បាន​រាយការណ៍ថា រដ្ឋ​អំណាច​ចិន​ បាន​បើក​ជំរុំ​អប់រំ​កែប្រែ ដើម្បី​លត់ដំ​ជនជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ ដែល​ចិន​ឱ្យឈ្មោះថា មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ ពួកជនជាតិ​ភាគតិច​កាន់សាសនាអ៊ីស្លាម ​ត្រូវរស់នៅដោយ​​រង​ការ​​រឹតត្បិត​ បំបិទ​សិទ្ធិរស់រៀនមាន​ជីវិត​​ និងត្រូវ​​ចាប់​សាកសួរ​ចម្លើយធ្វើ​ទារុណ​កម្ម​ ជាដើម។ ក្នុង​មហាមជ្ឈមណ្ឌលអប់រំ​​​នេះ អាច​មាន​ពួក​អ៊ុយ​ហ្គួរ​ប្រមាណ​១លាន​ ហើយ​និង​មាន​ក្មេងៗកំព្រា​គ្មា​នម្តាយ​ឪពុក​ជាច្រើន។ ទីតាំងនោះសោត គឺ​​មាន​បំពាក់​ដោយ​កាមេរ៉ា​ថតនិងតាមដាន​ជាប់​ជាប្រចាំ​។ វិធានការ​ណ៍​តាម​ដាន​នេះ គឺ​ក្នុង​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​បះបោះ ឬ​ដែល​រដ្ឋ​អំណាច​ចិន ហៅថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។

​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​២០១៦ មា​នជន​ជាតិ​ភាគតិច​អ៊ុយហ្គួរ បាន​រត់​ភៀសខ្លួន ទៅ​ដល់​អាស៊ីអាគ្នេយ៍ដែរ តែ​ត្រូវរដ្ឋាភិបាលខ្លះ​​នៃប្រទេសទាំងនេះ បាន​ចាប់​បញ្ជូន​ខ្លួនពួក​គេ​ឱ្យ​ត្រឡប់​​ទៅស្រុក​ចិន​វិញ។ នៅ​អឺរ៉ុប ប្រទេ​សខ្លះ​បាន​ទទួល​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឱ្យ​ពួក​អ៊ុយហ្គួរ ដែល​ពួក​អ៊ុយហ្គួរ​មួយចំនួន​ បាន​រត់​ចេញពីស្រុក​ចិន​ តាមរយៈ​ប្រទេស​តួកគី។

គួរ​ជ្រាបថា មធ្យោបាយ​មួយ​ដែលចង់​ចាប់​ពួក​អ៊ុយហ្គួរទៅ​សួរ​ចម្លើយ គឺ​នរគបាល​ចិន​ប្រាប់​ថា​«ហៅ​ទៅ​ឱ្យ​ផឹក​ទឹកតែ» បាន​សេចក្តីថា ទៅប៉ុស្តិ៍​សួរ​ចម្លើយ។ ពលរដ្ឋ​អ៊ុយហ្គួរ​ម្នាក់​ ឈ្មោះ Abdullah Rasul ដែល​និរទេស​ខ្លួន​ទៅ​ដល់​ប្រទេស​ប៊ែលស៊ិក និង​ទទួលបាន​​សិទ្ធិ​ស្នាក់​នៅទីនោះ បាន​ប្រាប់​កាសែត​បារាំង AFP ថា ឪពុក​របស់​ខ្លួន​ ត្រូវ​ប៉ូលិស​ចិន​ហៅទៅផឹកតែ ហើយ​ពេល​ចេញ​មកវិញ ត្រូវ​ដួល​ស្លាប់​ តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ