ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងមានពេលមួយខែ ដើម្បីចាកចេញពីទឹកដីកូវ៉ែត
ថ្ងៃអាទិត្យនេះ កូវ៉ែតបានប្រកាសផ្តល់ពេល១ខែ អោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង អោយចាកចេញពីប្រទេសកូវ៉ែត។ កូវ៉ែតប្រកាសកាត់បន្ថយផងដែរ បុគ្គលិកការទូតកូរ៉េខាងជើង និងផ្អាកផ្តល់ទិដ្ឋាការអោយពលករកូរ៉េខាងជើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅកូវ៉ែត មានពេលមួយខែ ដើម្បីរៀបចំខ្លួន ចាកចេញពីប្រទេសកូវ៉ែត។ ចំនួនបុគ្គលិកការទូតកូរ៉េខាងជើងក្នុងទឹកដីកូវ៉ែតវិញ ក៏នឹងកាត់បន្ថយអោយមកនៅមានត្រឹមអ្នកទទួលបន្ទុកកិច្ចការម្នាក់ និងមន្ត្រីការទូត៣នាក់។ នេះបើយោងតាមការប្រកាសរបស់មន្ត្រីការទូតជាន់ខ្ពស់កូវ៉ែតដែលមិនបញ្ចេមឈ្មោះមួយរូប ប្រាប់អោយដឹង នៅថ្ងៃអាទិត្យនេះ។
ក្នុងគម្រោងដាក់ទណ្ឌកម្មកូរ៉េខាងជើង កូវ៉ែតសម្រេចផងដែរ ថាលែងផ្តល់ទិដ្ឋាការដល់ពលករកូរ៉េខាងជើងដែលធ្វើការក្នុងទឹកដីកូវ៉ែត។ ពលករកូរ៉េខាងជើងដែលធ្វើការនៅកូវ៉ែតមានពី២០០០នាក់ ទៅ២៥០០នាក់។ ចាប់ពីពេលនេះទៅ ពួកគេត្រូវត្រលប់ទៅស្រុកកំណើតវិញ ពេលការងាររបស់ពួកគេត្រូវចប់សព្វគ្រប់។ យោងតាមប្រភពព័ត៌មានអាស៊ី នៅតំបន់ឈូងសមុទ្រ ប៉ុន្មានសប្តាហ៍មកនេះ ជប៉ុននិងកូរ៉េខាងត្បូង បានដាក់ សម្ពាធអោយប្រទេសក្នុងតំបន់ឈូងសមុទ្រ អោយឈប់ជ្រើសរើសពលករមកពីកូរ៉េខាងជើងតទៅទៀត។ ជប៉ុននិងកូរ៉េខាងត្បូងលើកឡើងថា ប្រាក់ខែដែលពលករទាំងនេះទទួលបាន គឺសម្រាប់បម្រើផលប្រយោជន៍រដ្ឋក្រុងព្យុងយ៉ាងប៉ុណ្ណោះ។
កូវ៉ែតប្រកាសដាក់ទណ្ឌកម្មកូរ៉េខាងជើង ថ្ងៃអាទិត្យនេះ គិតទៅគឺ១០ថ្ងៃប៉ុណ្ណោះ ក្រោយអេមៀកូវ៉ែតបានជជែកពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ជាសត្រូវរបស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន។ អង្គការសហប្រជាជាតិទើបនឹងអនុម័តទណ្ឌកម្មលើកទី៨ ជាសំណើទណ្ឌកម្មរបស់អាមេរិក ប្រឆាំងកូរ៉េខាងជើង ដោយសារការសាកល្បងនុយក្លេអ៊ែរលើកទី៦កាលពីដើមខែកញ្ញា និងការបាញ់មីស៊ីលរំលងទឹកដីជប៉ុនកាលពីចុងខែសីហា។
ប៉ុន្តែ កូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលផ្គើនអន្តរជាតិដដែល។ ជាក់ស្តែង កាលពីថ្ងៃសុក្រ ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលិស្ទិក ចំងាយមធ្យម ហោះរំលងទឹកដីជប៉ុនជាថ្មីម្តងទៀត។ មីស៊ីលកាលពីថ្ងៃសុក្រ បានហោះក្នុងចំងាយឆ្ងាយមិនធ្លាប់មាន សបញ្ជាក់ពីការរីកចម្រើនរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍមីស៊ីល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ