អានតួអត្ថបទ
ស្រីលង្កា

ទឹកជំនន់នៅស្រីលង្កា៖​ជំនួយ​អន្តរជាតិ​បាន​ផ្តើម​ទៅ​ដល់​ជា​បណ្តើរៗ

នៅ​ក្នុង​ប្រទេស​ស្រីលង្កា រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី២១ ឧសភា​ថា ជំនួយ​អន្តរជាតិ​ពី​សឹង​គ្រប់​ប្រទេស​ក្នុង​លោក​បាន​ផ្តើម​ទៅ​ដល់​ទឹកដី​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ។ ជា​ជំនួយ​សម្រាប់​ជួយ​ទំនុកបម្រុង​ដល់​ប្រជាជន​ស្រីលង្កា​ប្រមាណ​ជា ៥០០ ០០០នាក់​ដែល​បាន​បង្ខំ​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​សម្បែង​ដោយសារ​ទឹកជំនន់។ ឥណ្ឌា​ជា​ប្រទេស​ទី១ ដែល​បាន​រួសរាន់​បញ្ជូន​ជំនួយ​ទៅ​កាន់​ប្រទេស​ស្រីលង្កា​មុន​គេ។

ទឹកជំនន់នៅស្រីលង្កា៖ជំនួយអន្តរជាតិបានផ្តើមទៅដល់ជាបណ្តើរៗ
ទឹកជំនន់នៅស្រីលង្កា៖ជំនួយអន្តរជាតិបានផ្តើមទៅដល់ជាបណ្តើរៗ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​យន្តហោះ​យោធា និង​នាវាចម្បាំង​ដែល​ឥណ្ឌា​បាន​ប្រើ​ដើម្បី​ដឹក​ជំនួយ​ទៅ​ជួយ​ជនរងគ្រោះ​ស្រីលង្កា​ដោយ​ទឹកជំនន់។ គឺ​ជា​ជំនួយ​បន្ទាន់​ដែល​ក្រសួង​ការបរទេស​ស្រីលង្កា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំនួយ​ដឹក​តាម​យន្តហោះ​យោធា​ឥណ្ឌា​មួយ​បាន​ទៅ​ដល់​ទីក្រុង​កូឡុំបូ ហើយ​ជំនួយ​ដឹកតាម​នាវាចម្បាំង​ឥណ្ឌា​ចំនួន​ពីរ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។ ជំនួយ​ឥណ្ឌា​ភាគច្រើន​មាន​ថ្នាំពេទ្យ ម៉ាស៊ីនបូមទឹក ម៉ុងភួយ ឆ័ត្រ ឬ​មួយ​ទូកស្បែក​ជា​ដើម។ ក្រៅ​ពី​ឥណ្ឌា ជប៉ុន​ក៏​បាន​ដឹក​ជំនួយ​តាម​យន្តហោះ​ទៅ​កាន់​ស្រីលង្កា ហើយ​អូស្រា្តលី និង​អាមេរិក​ក៏​បាន​ផ្តល់​ជា​ថវិកា។

គិត​នៅ​ត្រឹម​យប់​ថ្ងៃ​សៅរ៍ ទី២១ ឧសភា កម្រិត​ទឹកជំនន់​ក្នុង​ទីក្រុង​កូឡុំបូ​បាន​ស្រក​ចុះ​បន្តិច​វិញ តែ​នៅ​ជា​កម្រិត​មួយ​ខ្ពស់​ខ្លាំង​ដែល​មិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​អាច​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​គេហដ្ឋាន​របស់​ខ្លួន​វិញ​បាន​ទេ។ មួយ​វិញ​ទៀត ជាមួយ​នឹង​ភ្លៀង​បន្ត​ធ្លាក់​នាំ​ឲ្យ​គេ​បារម្ភ​ខ្លាច​ទឹក​ក្នុង​ទន្លេ​គីឡានី​កើន​ជោរជន់​ជា​ថ្មី។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ថ្ងៃ​អង្គារ ទី១៧ ឧសភា និង​ជា​លើកទី១ គិត​ក្នុង​រយៈពេល ១៥ឆ្នាំ​កន្លង​ទៅ​ដែល​ស្រីលង្កា​បាន​ជួប​ប្រទះ​នឹង​ភ្លៀងធ្លាក់​ខ្លាំងក្លា​បង្ក​ចេញ​ជា​ទឹកជំនន់ និង​ការ​បាក់ដី​ច្រើន​សមម្បើម។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី២១ ឧសភា ទឹកជំនន់ និង​ការ​បាក់ដី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៧១នាក់ និង​បាត់ខ្លួន ១២៧នាក់​ផ្សេង​ទៀត ពិសេស​នៅ​ក្នុង​ស្រុក​ពីរ​មាន​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​កូឡុំបូ។

ក្រៅ​ពី​ជំនួយ​អន្តរជាតិ លោក​ប្រធានាធិបតី​ស្រីលង្កា​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​សាមគី្គភាព​ផ្ទៃក្នុង​រវាង​ប្រជាជន និង​ប្រជាជន​ចំពោះ​ជនរងគ្រោះ។ តួលេខ​ផ្តល់​ដោយ​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឲ្យ​ដឹង​ថា មាន​ស្រុក​ចំនួន ២២ ក្នុង​ចំណោម​ស្រុក​ទាំង ២៥ របស់​ស្រីលង្កា​បាន​ជួប​គ្រោះ​ទឹកជំនន់ ហើយ​មាន​ជនរងគ្រោះ​ចំនួន ៣០០ ០០០នាក់​កំពុង​ជ្រកកោណ​នៅ​ទីតាំង​បណ្តោះអាសន្ន​រៀបចំ​ដោយ​រដ្ឋអំណាច និង​មាន ២០០ ០០០នាក់​ផ្សេង​ទៀត​កំពុង​ស្នាក់នៅ​ជ្រកកោណ​តាម​ផ្ទះ​បងប្អូន និង​មិត្តភក្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ