អានតួអត្ថបទ
សុវត្ថិភាព​ស្បៀងអាហារ

អ.ស.ប. ថាពិភពលោក​មាន​​អសុវត្ថិភាព​ស្បៀងអាហារ​កាន់​តែ​ធ្ងន់​នៅ​ឆ្នាំ​២០២៣

ដោយហេតុ​តែ​ជម្លោះ​ប្រដាប់​អាវុធ​ ជា​ពិសេស​នៅ​ហ្កាហ្សា​និង​នៅ​ស៊ូដង់  ព្រមទាំង​វិបត្តិ​អាកាសធាតុ​ និង​សេដ្ឋកិច្ច​អាប់អួរ មាន​ប្រជាពលរដ្ឋ​ជិត​២៨២​លាន​នាក់​ ត្រូវ​ការ​ជា​ចាំបាច់​និងជា​បន្ទាន់​ជំនួយ​​ស្បៀងអាហារ។ នេះ​បើ​តាម​របាយការណ៍​របស់​ស្ថាប័ន​ ​អង្គការ​សហប្រជាជាជាតិ និង​អង្គការ​មនុស្ស​ធម៌​ ចំនួន​១៦ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៤​មេសា​២០២៤ ដោយ​ទាញ​សញ្ញា​អាសន្ន​ថា ២០២៣ ជា​ឆ្នាំ​មាន​អសុវត្ថិភាព​ស្បៀងអាហារ​កាន់​តែ​ធ្ងន់​។

អ.ស.ប. ថាពិភពលោកមានអសុវត្ថិភាពស្បៀងអាហារកាន់តែធ្ងន់នៅឆ្នាំ២០២៣
អ.ស.ប. ថាពិភពលោកមានអសុវត្ថិភាពស្បៀងអាហារកាន់តែធ្ងន់នៅឆ្នាំ២០២៣ © Mahmoud Issa / REUTERS
ផ្សាយពាណិជ្ជកម្ម

អសុវត្ថិភាព​ស្បៀងអាហារ​ គឺ​ចង់​សំដៅ​ទៅ​លើ​ស្ថានភាព​ដែល​មនុស្ស​ គ្មាន​មធ្យោបាយ​រស់សមរម្យ ជីវិត​ប្រឈម​នឹង​ការ​ស្លាប់​ឆាប់ៗ​ដោយហេតុ​​គ្មាន​អ្វី​មក​បំពេញ​ក្រពះ​ បំបាត់​ភាព​ស្រេក​ឃ្លាន​។

បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០២២ ចំនួន​មនុស្ស​ត្រូវ​ការ​ស្បៀង​អាហារ​បន្ទាន់ បាន​កើន​ជាង​២៤​លាន​នាក់​នៅ​ឆ្នាំ​២០២៣។ បើ​គិត​តាំងពី​ឆ្នាំ​២០១៦ ឆ្នាំ​ដែល​បណ្តាញ​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​វិបត្តិ​ស្បៀងអាហារ​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​ដំបូង​មក ចំនួន​មនុស្ស​រស់​ក្នុង​អសន្តិសុខ​ស្បៀង​អាហារស្រួច​ស្រាវ​​បាន​កើន​ឡើង​ពី ១០៨ ទៅ ២៨២​លាននាក់។ តំបន់​មាន​អសុវត្ថិភាព​ស្បៀងអាហារ​ លាត​សន្ធឹង​ដំបូង​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន សាធារណរដ្ឋ​កុងហ្គោ អេត្បូពី នីហ្សេរីយ៉ា ស៊ីរី និង​យេម៉ែន ឥលូវ​ហៀ​ ហ្កាហ្សា និង​ស៊ូដង់​ទៀត។

នៅក្នុង​របាយការណ៍​ចុងក្រោយ​ទើប​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២៤​មេសា​២០២៤​នេះ បណ្តាញ​​​ពិភពលោក​ប្រឆាំងនឹង​វិបត្តិ​ស្បៀងអាហារ​ដែល​ផ្តុំ​ដោយអង្គការ​និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​និង​មនុស្ស​ធម៌ចំនួន​១៦ បាន​លម្អិត​ថា ​កំណើន​មនុស្ស​រស់​ក្នុង​អសុវត្ថិភាព​ស្បៀងអាហារ​ បាន​កើន​ឡើង​ ​ជា​គម្រប់​៥​ឆ្នាំ​ជាប់​គ្នា ​ហើយទស្សនៈ​វិស័យ​សម្រាប់​ឆ្នាំ​ខាង​មុខ​​ស្រអាប់​គ្មាន​ពន្លឺ​ទេ។ អសុវត្ថិភាព​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ២០២៣​នេះ បណ្តាលមក​ពី​បណ្តាញ​ពង្រីក​តំបន់​សិក្សា​ស្រាវជ្រាវ​ផង​ និង​ពិសេស​បណ្តាល​មក​ពីស្ថានភាព​ដុនដាបជា​​ថ្មី​នៃ​វិបត្តិ​ស្បៀងអាហារ​នៅ​ស៊ូដង់ និង​ហ្កាហ្សា​ផង។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​នាយិការង​ ​​Fleur Wouterse ទទួល​បន្ទុក​ការិយាល័យ​សង្គ្រោះ​បន្ទាន់ នៃស្ថាប័ន​អង្គការសហប្រជាជាតិ និង​កសិកម្មFAO​។

វិបត្តិ​ស្បៀងអាហារ​អាច​នឹង​ប្រសើរ​ឡើង​ដរាប​ណា​តែ​ជំនួយ​មនុស្សធម៌​អាច​ទៅ​ដល់​ហ្កាហ្សា​និង​ស៊ូដង់​យ៉ាង​ឆាប់​រហ័ស​តែ​ប៉ុណ្ណោះ។ តែ​​ជំនួយ​ហិរញ្ញវត្ថុរត់​មិនទាន់​សេចក្តី​ត្រូវការ​ទេ។ នេះ​បើ​តាម​ពាក្យ​ថ្ងូច​ថ្ងូរ​របស់​លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​នៅ​ក្នុង​អារម្ភកថា​នៃ​របាយការណ៍។

​នៅ​ឆ្នាំ​មុន​មាន​ពលរដ្ឋប្រមាណ​​៧សែន​នាក់​ ក្នុង​នោះ​៦សែន​នាក់​នៅ​ហ្កាហ្សា កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​គ្រោះ​ទុរ្ភិក្ស តែ​តួលេខជ​នរងគ្រោះដោយ​ភាព​អត់​ឃ្លាន​និង​សង្គ្រាម​​​បន្ត​កើន​ឡើង​ជា​លំដាប់​និង​ជារៀង​រាល់​ថ្ងៃ​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ ដល់​១,១លាន​​នាក់។ ភាពមិន​ជាក់លាក់​នៅ​ហៃទី អាច​នឹង​មក​បន្ថែម​តួលេខ​ឱ្យ​កាន់​តែ​ធ្ងន់ធ្ងរ។

បើ​តាម​របាយការណ៍ដដែល ​ជម្លោះប្រដាប់​អាវុធ​​​ជា​ដើម​ហេតុ​ចម្បង​នៃ​វិបត្តិ​អសុវត្ថិភាព​ស្បៀងអាហារ ក្នុង​២០ប្រទេស​ឬ​ដែនដី។ ការប្រែប្រួល​អាកាសធាតុ​បូក​នឹង​បាតុភូត​អែលនីញ៉ូ ដែល​បាន​ជំរុញ​ឱ្យ​តំបន់​អាហ្វ្រិក​ខាង​លិច និង​កណ្តាល ជួប​គ្រោះ​រាំងស្ងួត​យ៉ាង​ខ្លាំង ជា​មូលហេតុ​ធំ​នៃ​អស្ថិរភាព​ស្បៀងអាហារ​សម្រាប់​មនុស្ស៧២​លាន​នាក់​ក្នុង​១៨​ប្រទេស និង​​៧៥លាននាក់​រស់​ក្នុង​២១​ប្រទេសមាន​ចំណូល​ទាប​ ត្រូវ​ប្រឈម​វិបត្តិស្បៀងអាហារ​ដោយ​ហេតុ​បញ្ហា​​សេដ្ឋកិច្ច​។ ជា​ចុងក្រោយម្ចាស់​របាយការណ៍​យល់​ថា​ ពិភពលោក​មាន​លទ្ធភាព​ស្រោច​ស្រង់ប្រជាពលរដ្ឋ​ពី​វិបត្តិ​ស្បៀងអាហារ ដោយ​គាំទ្រ​វិស័យ​កសិកម្ម ព្រោះ​មាន​១៧​ប្រទេស​ដែល​ស្ថានភាព​សន្តិសុខ​ស្បៀងអាហារ​បាន​ប្រសើរ​ឡើង​បន្តិច​នៅ​ឆ្នាំ​២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ