អានតួអត្ថបទ
កម្ពជា

គ.ជ.ប​ ​នឹង​​ចាប់ឆ្នោត​​កំណត់​​លេខ​​រៀង​​បក្ស​នយោបាយ​​នៅ​​ថ្ងៃ​ទី​២៩ ​ឧសភា​​សប្តាហ៍​​ក្រោយ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប បានប្រកាស​ឲ្យ​ដឹងថា ដំណើរការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​របស់​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ចូល​រូ​ម​ការបោះឆ្នោតជាតិ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែឧសភា​ខាងមុខនេះ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គ.ជ.ប កាលពី​រសៀល​នៅ​រសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១។ គួរ​បញ្ជាក់ថា ការបោះឆ្នោត​ក្នុង​ខែកក្កដា​នឹង​ប្រព្រឹត្តទៅ​ដោយមាន​បក្ស​ចំនួន២០ចូលរួម​ប្រកួតប្រជែង។

ពិធី​ចាប់​ឆ្នោត​លំដាប់​លេខ​បក្ស​កាល​ពី​បោះឆ្នោត​ព្រឹទ្ធសភា​កន្លង​មក​
ពិធី​ចាប់​ឆ្នោត​លំដាប់​លេខ​បក្ស​កាល​ពី​បោះឆ្នោត​ព្រឹទ្ធសភា​កន្លង​មក​ @NEC
ផ្សាយពាណិជ្ជកម្ម

ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​របស់​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​នេះ នឹងធ្វើ​ឡើង​នៅ​នៅវេលា​ម៉ោង០៨៖៣០នាទី​ព្រឹក នៅ​សាលប្រជុំ​អគារ «S» នៃ​ក្រសួងមហាផ្ទៃ។ សម្ដេចព្រះសង្ឃរាជ​ទាំង២គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អ្នក​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស។

សូមបញ្ជាក់ថា គណបក្សនយោបាយ​ចំនួន២០ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី៦ នៅ​ថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ គណបក្ស​ទាំងនេះ មាន​មួយចំនួន​ជា​គណបក្ស​ចាស់វស្សា​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ​ជាដើម។ រីឯ​មួយចំនួនទៀត​ជា​គណបក្ស​ទើប​បង្កើតឡើង​ថ្មី​នៅក្នុង​ឆ្នាំ២០១៨នេះ​តែម្តង ដូចជា​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​លោក​គង់ គាំ គណបក្ស​ខ្មែរ​តែមួយ​របស់​ប្អូនប្រុស​សព​លោក​បណ្ឌិត​កែម ឡី និង​គណបក្ស​ខ្មែរ​ក្រោក។

ចំពោះ​គណបក្ស​ដែល​ទើប​បង្កើតឡើង​ថ្មី​ទាំងនេះ ត្រូវបាន​លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​គណបក្សប្រឆាំង​កម្ពុជា​ចាត់ទុកថា ជា​គណបក្ស​អំពិលអំពែក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​សម រង្ស៊ី ថែមទាំង​បរិហារ​ទៀតថា គណបក្ស​ទាំងអស់​ដែល​ចូលរួម​ការបោះឆ្នោត គឺ​សុ​ដើម្បី​ជូន​ដំណើរ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅកាន់​អំណាច​ជាថ្មី​តែប៉ុណ្ណោះ។ ដូច្នេះហើយ លោក​សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត បាន​អំពាវនាវ​កុំ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ។

ក៏ប៉ុន្តែ​ការអំពាវនាវ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា ជា​រឿង​ខុសច្បាប់ និង​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជំនួស​មកវិញ លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា។ សម្រាប់​លោក​ហ៊ុន សែន ការបោះឆ្នោតជាតិ​នៅតែ​ប្រព្រឹត្តទៅ​ដដែល​គ្មាន​ការប្រែប្រួល និង​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ