អានតួអត្ថបទ
កម្ពុជា

អ្នក​នាំពាក្យ៖រដ្ឋាភិបាល​​ខ្មែរ​​និង​​ចិន​​មិន​​ទៅ​​ចាប់​អារម្មណ៍​​រឿង​​បាតុកម្ម​​របស់​​ក្រុម​ប្រឆាំង​​នៅ​​អាមេរិក​​ទេ​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​រដ្ឋាភិបាល​ចិន​មិន​ទៅ​ចាប់អារម្មណ៍​នឹង​ការធ្វើ​បាតុកម្ម​របស់​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅ​អាមេរិក​ឡើយ។ ការអះអាង​ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅមុខ​ស្ថានទូត​កម្ពុជា និង ស្ថានទូត​ចិន​ប្រចាំ​នៅ​អាមេរិក​កាលពី​យប់​ថ្ងៃទី៣១ ខែសីហា។

ក្រុម​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​តវ៉ា​នៅ​អាមេរិក​
ក្រុម​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​តវ៉ា​នៅ​អាមេរិក​ @facebook
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក និង​កាណាដា​មួយចំនួន​ដែល​គាំទ្រ​អតីត​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំគ្នា​តវ៉ា និង​ហែ​រញ​តិ្ត​ទៅ​ដាក់​នៅ​ស្ថានទូត​ចិន និង កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ចំពោះ​ស្ថានទូត​ចិន ពួកគេ​បានដាក់​ញ​តិ្ត​ទាមទារ​ឱ្យ​ប្រទេស​ចិន​គោរព​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា គោរព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ជាពិសេស​ទៀត​នោះ គឺ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចិន​ព្យួរ​ជំនួយ​ទាំងឡាយ​ដល់​រដ្ឋាភិបាល​កម្ពុជា រហូត​ដរាបណា​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង​របស់​អ្នកដឹកនាំ​ធ្វើបាតុកម្ម។

ចំណែក ចំពោះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក​វិញ បើតាម​អ្នកដឹកនាំ​ធ្វើបាតុកម្ម​ដដែល គឺ​ក្រុមបាតុករ​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​កឹម សុខា ដែល​ត្រូវបាន​ឃុំខ្លួន​ប្រមាណ​ជា២ឆ្នាំ​កន្លងមកនេះ។ ក្រៅពី​បញ្ហា​នេះ ពួកគេ​ក៏បាន​ទាមទារ​ឱ្យមាន​ការដាក់ឱ្យ​ដំណើរការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង ទាមទារ​ឱ្យមាន​ការដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង សង្គម​ស៊ីវិល និង អ្នកសារព័ត៌មាន​ឱ្យមាន​សេរីភាព​ពេញលេញ​ឡើងវិញ​ផងដែរ។

ចំពោះ​ការធ្វើ​បាតុកម្ម​ទាមទារ​ទាំងនេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា វា​គ្រាន់តែ​ជាការ​សម្តែង​មតិ​តែប៉ុណ្ណោះ ហើយ​មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ចិន​នោះទេ។ សម្រាប់​រដ្ឋាភិបាល​ចិន លោក​បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​ជា​មហាអំណាច​និង​ជា​ប្រទេស​ឯករាជ្យ​ដែល​គ្មាន​ហេតុផល​ណាមួយ​ដែល​ចិន​ត្រូវ​ទៅ​ស្តាប់​ក្រុមអ្នកតវ៉ា​ទាំង​នោះឡើយ។ រីឯ ការចង់ឱ្យ​ដោះលែង​លោក​កឹម សុខា​វិញ លោក​សុខ ឥសាន ប្រតិកម្ម​ថា នេះ​ជា​សកម្មភាព​រំលោភបំពាន​លើ​នីតិរដ្ឋ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិនអាច​ធ្វើទៅបាន។

បើជា​ទោះ​បែបនេះ​ក្តី អ្នកដឹកនាំ​ធ្វើបាតុកម្ម​នៅ​អាមេរិក​បានបង្ហាញ​ការ​ជឿជាក់ថា តាមរយៈ​បាតុកម្ម​របស់​ពួកគេ​នេះ អន្តរជាតិ​នឹងធ្វើ​ការគាបសង្កត់​លើ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ លោក​សុខ ឥសាន បាន​តប​ទៅវិញ​ថា បាតុកម្ម​នេះ គឺ​គ្រាន់តែ​ជា​រូបភាព​ប៉ុណ្ណោះ គឺ​គ្មាន​ប្រសិទ្ធភាព និង​ឥទ្ធិពល​ណាមួយ​មកលើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ