អានតួអត្ថបទ
កម្ពុជា

សាឡុត ស ក្លាយជា “បងទីមួយ” លេខាបក្សកុម្មុយនិស្តកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍​មុន លោក​-អ្នកនាង​បានជ្រាបរួចហើយ​ថា សាឡុត ស បាន​ចូល​បក្សកុម្មុយនិស្ត​បារាំង នៅពេល​កំពុង​រៀន​នៅប៉ារីស។ ក្រោយ​ពី​រដ្ឋាភិបាល​ផ្តាច់​អាហារូបករណ៍ សាឡុត ស បាន​វិលត្រឡប់​ពី​ប្រទេស​បារាំង​ មក​កម្ពុជា​វិញ ហើយ​បាន​ចូល​ជាសមាជិក​បក្សកុម្មុយនិស្ត​កម្ពុជា ដែល​ពេលនោះ មាន​ឈ្មោះ​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។

ប៉ុលពត​ឡើង​ធ្វើ​ជាលេខាបក្ស​កុម្មុយនិស្ត​កម្ពុជា
ប៉ុលពត​ឡើង​ធ្វើ​ជាលេខាបក្ស​កុម្មុយនិស្ត​កម្ពុជា ©RFI
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ពួក​កុម្មុយនិស្ត​បាន​ទទួល​បរាជ័យ​ ក្នុង​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ១៩៥៥ សាឡុត ស ត្រូវ​ស្ថិតក្នុង​សភាព​តែលតោល គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ។ សាឡុត ស ក៏បាន​ចូល​ធ្វើជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​ ស្ថិតក្នុង​ក្រុង​ភ្នំពេញ ឈ្មោះ “វិទ្យាល័យ​ចម្រើន​វិជ្ជា”។ នៅទីនោះ សាឡុត ស បង្រៀន​ភាសា​បារាំង ប្រវត្តិសាស្រ្ត ភូមិវិទ្យា និង​សីលធម៌។
 
សិស្សមួយចំនួន ដែល​ធ្លាប់​រៀន​ជាមួយ សាឡុត ស បាន​រៀបរាប់​ឲ្យដឹង​ថា សាឡុត ស គឺជា​គ្រូ​បង្រៀន​ម្នាក់​ប្រកបដោយ​គរុកោសល្យ មាន​ចរិត​ទន់ភ្លន់ មិន​ឆេវឆាវ និង​ពូកែ​និយាយ។ ក៏ប៉ុន្តែ មិនមាន​អ្នកណាម្នាក់​អាច​ដឹង​បានទេ​ថា តើ​នោះ​គឺជា​អត្តចរិត​ពី​ធម្មជាតិ ឬមួយ​ក៏​គ្រាន់តែ​ជា​រូបភាព​ខាងក្រៅ ដែល សាឡុត ស ខំ​បញ្ចេញ​ឲ្យ​ឃើញ ដើម្បី​ទាក់ទាញ​កូនសិស្ស​ឲ្យ​ស្រឡាញ់​ចូលចិត្ត។
 
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦ សាឡុត ស បាន​រៀបការ​ជាមួយ ខៀវ ប៉ុណ្ណារី។ នៅពេលនោះ ខៀវ ប៉ុណ្ណារី មាន​អាយុ​៣៦ឆ្នាំ បង សាឡុត ស ដល់ទៅ​៥ឆ្នាំ។ ខៀវ ប៉ុណ្ណារី គឺជា​បងស្រី​របស់ ខៀវ ធីរិទ្ធិ ប្រពន្ធ​របស់ អៀង សារី។ សាឡុត ស និង ខៀវ ប៉ុណ្ណារី បាន​ស្គាល់គ្នា​តាំងពី​កាលរៀន​នៅ​ប្រទេស​បារាំង​មក​ម្ល៉េះ។ ក្រោយពី​បាន​វិលត្រឡប់​ពី​ប្រទេស​បារាំង​វិញ កាលពី​ឆ្នាំ១៩៥១ ខៀវ ប៉ុណ្ណារី បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​អក្សរសាស្រ្ត​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។
 
ក្រោយពីរៀបការហើយ សាឡុត ស បាន​ទៅនៅ​ផ្ទះ​ខាង​ប្រពន្ធ ដែល​ស្ថិតនៅ​ខាងក្រោយ​ព្រះបរមរាជវាំង។ ក្រោយពី អៀង សារី និង អៀង ធីរិទ្ធិ ជាភរិយា​វិលត្រឡប់​ពី​ប្រទេស​បារាំង​វិញ នៅ​ឆ្នាំ​១៩៥៧ អ្នកទាំងពីរ​ក៏​បាន​ទៅ​រស់នៅ​​ក្នុង​ផ្ទះ​ជាមួយ​គ្នា​នឹង​ប្តីប្រពន្ធ សាឡុត ស ដែរ។ ប្តីប្រពន្ធ​ទាំងពីរគូ​នេះ​សុទ្ធតែ​ជាគ្រូ​បង្រៀន​ដូចគ្នា។ អៀង សារី ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយទៀត ដែល​មាន​ឈ្មោះ​ថា “កម្ពុជបុត្រ”។ នៅពេលនោះ សាឡុត ស និង អៀង សារី បាន​បន្ត​ធ្វើការ​ដោយ​សម្ងាត់​ជាមួយ​ពួក​កុម្មុយនិស្ត។ ក្រៅពី​ឃោសនា​បំពាក់បំប៉ន​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ដល់​សិស្ស ​ដែល​រៀន​ជាមួយ​ខ្លួន សាឡុត ស បន្ត​ធ្វើការ​ជា​ជំនួយការ​ផ្ទាល់​របស់ ទូ សាមុត អនុប្រធាន​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទទួល​បន្ទុក​គ្រប់គ្រង​បណ្តាញ​កុម្មុយនិស្ត​ក្នុង​ក្រុង​ភ្នំពេញ។ មកទល់​ពេល​នោះ សាឡុត ស គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​របស់​បក្ស។
 
នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ១៩៥៨ បក្ស​កុម្មុយនិស្ត​ក៏បាន​ទទួល​បរាជ័យ​ជាថ្មី​ម្តងទៀត។ ក៏ប៉ុន្តែ ជន​កុម្មុយនិស្ត​ពីររូប​ គឺ ហ៊ូ នឹម និង ហ៊ូ យន់ ដែល​ធ្លាប់រៀន​ជាមួយ​សាឡុត ស នៅ​វិទ្យាល័យ​កំពង់ចាម បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្ត​និយម​របស់​សម្តេច នរោត្តម សីហនុ។
 
នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រោមការ​រៀបចំ​ចាត់ចែង​របស់ ជួន ប្រាសិទ្ធិ ដែល​ធ្វើការ​នៅ​អយស្ម័យយាន​ក្រុង​ភ្នំពេញ បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បក្ស​ដោយ​សម្ងាត់ នៅក្នុង​បរិវេណ​ស្ថានីយ៍​រថភ្លើង។ នៅក្នុង​មហាសន្និបាត​នេះ ថ្នាក់ដឹកនាំ​បក្ស​បាន​សម្រេច​ប្តូរ​ឈ្មោះ​បក្ស​មកជា “បក្ស​ពលករ​កម្ពុជា” វិញ។ ទូ សាមុត ត្រូវបាន​បោះឆ្នោត​ឲ្យ​ធ្វើជា​លេខាបក្ស​ជំនួស សៀវ ហេង ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៥៩។ នួន ជា បាន​ជាប់ឆ្នោត​ជា​អនុលេខា​បក្ស។ ចំណែក សាឡុត ស និង អៀង សារី ក៏បាន​ក្លាយជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស។
 
ចំណែក សឺន ង៉ុកមិញ ដែល​គេ​តែងតែ​ចាត់ទុក​ថា​ជា​ប្រមុខដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នោះ​ មាន​តំណែង​ត្រឹមតែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ក្នុង​បក្ស​ថ្មី​នេះ តែ​គ្មាន​អំណាច​សម្រេច​អ្វី​ពិតប្រាកដ​នោះទេ ព្រោះ​ពេលនោះ សឺន ង៉ុកមិញ មិនមានវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺ​នៅ​ប្រទេស​វៀតណាម​ឯណោះ។
 
នៅពេលនោះ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​បក្ស មានតែ ទូ សាមុត ប៉ុណ្ណោះ ដែលជា​អ្នក​ចាស់ទុំ។ ចំណែកឯ នួន ជា សាឡុត ស និង អៀង សារី វិញ សុទ្ធតែ​ជា​ក្មេង​ជំនាន់ក្រោយ។ នៅពេលនោះ អ្នក​ទាំងបីនាក់​នេះ​មាន​អាយុ​ទើបតែ​ជាង​៣០ឆ្នាំ​ប៉ុណ្ណោះ។ ប្រហែលជា​មកពី​ការដែល​ពួកគេ​ទទួល​តំណែង​សំខាន់ៗ នៅក្នុង​បក្ស ទាំង​នៅ​ក្មេង​បែបនេះ​ហើយ បានជា​ធ្វើឲ្យ​ពួកគេ​មាន​មោទនភាព​លើ​ខ្លួនឯង​ហួសហេតុ ហើយ​ជឿថា ខ្លួន​ជា​មនុស្ស​អស្ចារ្យ និង​មាន​សមត្ថភាព​ខ្ពស់។
 
សាឡុត ស និង​បក្សពួក​តែងតែ​ចាត់ទុក​ថា មហាសន្និបាត ឆ្នាំ១៩៦០​នេះ ទើបជា​ការចាប់​កំណើត​ពិតប្រាកដ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា មិនមែន​សន្និបាត​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ កាល​ពី​ឆ្នាំ​១៩៥១​នោះទេ។ សូម្បីតែ​នៅក្នុង​ឯកសារ​ប្រវត្តិបក្ស​ ក៏​ពួកខ្មែរក្រហម​សរសេរ​ដូចនេះ​ដែរ ដើម្បី​បង្ហាញ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា​មិនមែន​ជា​សាខា​របស់​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ទេ ហើយ​ក៏​មិនស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែរ។
 
ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការអះអាង​របស់​ពួក សាឡុត ស ប៉ុណ្ណោះ។ ឯ​ធាតុពិត បក្ស​ពលករ​កម្ពុជា​នៅពេល​នោះ​នៅមិនទាន់​កាត់ផ្តាច់​ឥទ្ធិពល​របស់​វៀតណាម​នៅឡើយ​ទេ។ ជាក់ស្តែង មហាសន្និបាត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ត្រូវបាន​រៀបចំ​ធ្វើឡើង​តែ​ប្រមាណ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ​ក្រោយ​មហាសន្និបាត​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។ ម្យ៉ាងទៀត សូម្បីតែ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា ដែលជា​ឈ្មោះ​ថ្មី​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ក៏​យកតាម​ឈ្មោះ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែរ ដែល​ពេលនោះ​មានឈ្មោះ​ថា “បក្ស​ពលករ​វៀតណាម”។
 
នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខា​បក្ស​ពលករ​កម្ពុជា​បាន​បាត់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ។ យោងតាម​សមាជិក​បក្ស​ពលករ​កម្ពុជា ទូ សាមុត ត្រូវ​បាន​ប៉ូលិស​របស់​សម្តេច នរោត្តម សីហនុ ចាប់ខ្លួន​ពី​កន្លែង​ ដែល​គាត់​លាក់ខ្លួន​ហើយ​ចង​ផ្អោបនឹង​ដុំថ្ម ទម្លាក់​ទៅក្នុង​ទន្លេ​មេគង្គ។ ក៏ប៉ុន្តែ យោងតាម​លោក Ben Kiernan សាឡុត ស មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់ខ្លួន​របស់ ទូ សាមុត។
 
ក្រោយពី ទូ សាមុត បាត់ខ្លួន សាឡុត ស ដែល​ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​បក្ស​ពលករ​កម្ពុជា បាន​ឡើង​មកធ្វើ​ជា​លេខាបក្ស​ស្តីទី រំលង​ នួន ជា ដែល​ជា​អនុលេខា។
 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក Nate Thayor ប៉ុល ពត ឬ សាឡុត ស បាន​អះអាង​ថា គាត់​ឡើងធ្វើ​ជា​លេខាបក្ស គឺ​ដោយ​បង្ខំចិត្ត​ ព្រោះ​មិនមាន​អ្នកណា​ចង់ធ្វើ​។ តាមពិត ​គាត់​មិនចង់​ធ្វើ​នោះទេ។ ក៏ប៉ុន្តែ ទាំងលោក Ben Kiernan លោក David Chandler និងលោក Raoul Jennar សុទ្ធតែ​បាន​អះអាង​ថា សាឡុត ស បាន​ប្រជែង​ជាមួយ នួន ជា និង សោ ភឹម ក្នុង​ការដណ្តើម​តំណែង​ជា​លេខាបក្ស។ ដូច្នេះ សាឡុត ស មិនមែន​បង្ខំចិត្ត​ធ្វើ​ជា​លេខាបក្ស ដោយសារ​តែ​មិនមាន​អ្នកណាផ្សេង​ចង់​ធ្វើ​នោះទេ។
 
នៅ​ក្នុង​មហាសន្និបាត​ ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបាន​តែងតាំង​ជា​លេខាបក្ស​ជំនួស ទូ សាមុត។ នួន ជា នៅជា​អនុលេខាបក្ស​ដដែល។ ចំណែក អៀង សារី បាន​ឡើង​មកជា​មេដឹកនាំ​លំដាប់​ទីបី។ សមាជិក​ពីរ​រូប​ទៀត​នៃ​គណៈអចិន្ត្រៃយ៍​បក្ស រួមមាន សោ ភឹម និង វ៉ន វ៉េត។ ចំណែក សុន សេន និង តាម៉ុក ត្រូវបាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស។
 
បើយើង​ពិនិត្យមើល​ទៅលើ​រចនាសម្ព័ន្ធ​ថ្មី​របស់​បក្ស​ពលករ​កម្ពុជា​នៅពេល​នោះ យើង​អាច​សង្កេតឃើញ​ថា មេដឹកនាំ​កំពូលៗ​ចំនួន​បីរូប គឺ សាឡុត ស អៀង សារី និង សុន សេន សុទ្ធសឹង​តែ​ជា​អតីត​និស្សិត​ ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង។ ចំណែក​ក្រុម​ខ្មែរ​កុម្មុយនិស្ត ដែល​ស្និទ្ធ​នឹង​វៀតណាម ត្រូវបាន​គេ​ផាត់ចេញ​ពី​គណៈអចិន្រ្តៃយ៍។
 
នេះ​គឺ​ជា​របត់​ដ៏​សំខាន់​មួយ​រវាង​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ (ដែល​បែក​ចេញពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន) និង​បក្ស​ពលករ​កម្ពុជា ដែល​ក្រោយមក​ក្លាយជា​បក្ស​កុម្មុយនិស្ត​កម្ពុជា ឬ​កម្ពុជា​ប្រជាធិបតេយ្យ។ គឺ​ក្រុម​មេដឹកនាំ​ថ្មី ដែល​កើតចេញ​ពី​មហាសន្និបាត​ខែ​កុម្ភៈ ឆ្នាំ១៩៦៣ នេះហើយ​ ដែល​បាន​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ឡើង​កាន់អំណាច នៅ​ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
 
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៦៣ ពីរ​សប្តាហ៍​ក្រោយពី​មហាសន្និបាត​បក្ស​ពលករ​កម្ពុជា លន់ នល់ បាន​ដៅឈ្មោះ​មនុស្ស​៣៤រូប ដែល​ជាប់​សង្ស័យ​ថា ជា​អ្នក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​សៀមរាប កាលពីពាក់កណ្តាល​ខែកុម្ភៈ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ នៅក្នុង​ចំណោម​មនុស្ស​ទាំង៣៤នាក់​នោះ ក៏មាន សាឡុត ស អៀង សារី និង សុន សេន ដែល​ជា​មេដឹកនាំ​បក្ស​ពលករ​កម្ពុជា​ផងដែរ។
 
សាឡុត ស និង អៀង សារី ក៏បាន​បោះបង់​ចោល​អាជីព​ជា​គ្រូ​បង្រៀន ហើយ​រត់ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។ កន្លែងនោះ​មាន​ឈ្មោះ​សម្ងាត់​ថា “មន្ទីរ១០០” ស្ថិតក្រោម​ការ​ការពារ​ពី​សំណាក់​ពួក​កុម្មុយនិស្ត​វៀតណាម។
 
ចាប់ពីពេលនោះមក ឈ្មោះ សាឡុត ស ស្ទើរតែ​បានបាត់​លែងឮ​គេប្រើ។ សាឡុត ស ប្រើ​តែ​ឈ្មោះ​សម្ងាត់ ហើយ​ឈប់ប្រើ​ឈ្មោះពិត។ ចំណែក​នៅក្នុង​បក្ស​វិញ គេ​តែងតែ​ហៅ សាឡុត ស ថា “បងលេខា” ឬ “បងទីមួយ” តៗគ្នា​រហូតមក។ ជីវិត​របស់ សាឡុត ស ដែល​ជា​មនុស្ស​ចូលចិត្ត​លាក់បាំង​ស្រាប់ផង ក៏​កាន់តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ថែមទៀត។
 
ការរស់នៅ​លាក់ខ្លួន​បែបនេះ​ធ្វើឲ្យ សាឡុត ស និង​មេដឹកនាំ​ផ្សេងទៀត​របស់​បក្ស​ពលករ​កម្ពុជា ត្រូវបាន​កាត់ផ្តាច់​ពី​សភាពការណ៍​ ដែល​កើតឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​កន្លែងផ្សេងៗ​ទៀត។ ព័ត៌មាន​ ដែល សាឡុត ស ទទួលបាន​ម្តងម្កាល​នោះ គឺ​បាន​តែ​តាមរយៈ​អ្នក​នាំសារ ដែល​គេ​ហៅថា និរសារ ឬ​តាមរយៈ​វិទ្យុ​វៀតណាម និង​ចិន​ប៉ុណ្ណោះ។ ការ​កាត់ផ្តាច់​ពី​ពិភពដទៃ​បែបនេះ ជា​កត្តាមួយ​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការ​សម្រេចចិត្ត​នានា​របស់ សាឡុត ស។ ម្យ៉ាងទៀត ការ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ធ្វើឲ្យ សាឡុត ស ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​បរទេស ជាពិសេស​ ពី​បដិវត្តន៍​វប្បធម៌​របស់ ម៉ៅ សេទុង នៅ​ប្រទេស​ចិន។
 
យោងតាម​ចម្លើយ​សារភាព​របស់​អតីត​សហការី​មួយចំនួន ដែលធ្លាប់​ធ្វើការ​ជាមួយ សាឡុត ស នៅ មន្ទីរ១០០ ដូចជា ឈឹម សាមោក ជាដើម សាឡុត ស មិនមាន​សិទ្ធិ​សេរីភាព​ចេញចូល​មន្ទីរ១០០ ស្រេចតែ​នឹង​ចិត្តនោះ​ទេ ដរាបណា​គ្មាន​ការ​អនុញ្ញាត​ពី​វៀតណាម។ សាឡុត ស នៅពេលនោះ មិនខុសពី​ចំណាប់ខ្មាំង​របស់​វៀតណាម​នោះទេ។
 
នៅក្នុងអំឡុងពេលនោះ សាឡុត ស មិនអាច​ធ្វើអ្វី​បាន​ជា​ដុំកំភួន​នោះទេ។ មហិច្ឆតា​ចង់​ឡើង​កាន់អំណាច​នៅ​កម្ពុជា​បាន​ត្រឹមតែ​ជា​ការ​ស្រមៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការស្រមៃ​របស់ សាឡុត ស បាន​កាន់តែ​ខិតជិត​ក្លាយជា​ការពិត ក្រោយពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នៅឆ្នាំ​១៩៧០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ