អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ ត្រាំ ត្រូវ​គេ​ប្តឹង​ថា​រារាំង​សិទ្ធិ​បញ្ចេញ​មតិ ​ដោយការ​បិទ​ខ្ទប់​គណនី​Twitter ​របស់​អ្នក​រិះគន់

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ ត្រូវ​បាន​សមាគម​មួយ​ តំណាង​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​Twitter​ ដាក់​ពាក្យ​ប្តឹង ​ពី​បទ​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​ បន្ទាប់​ពី​គណនី​Twitter ​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ បិទ​ខ្ទប់​ មិន​ឲ្យ​ចូល​ទៅ​អាន​ រឺ​សរសេរ​សារ​បញ្ចេញមតិ ​ លើ​ ទំព័រ Twitter​ របស់​លោក​ ដូណាល់ ត្រាំ ​ឡើយ។ ដើម​បណ្តឹង ​បាន​លើក​ឡើង​ថា​ ថ្វី​ត្បិត​តែ​គណនី​Twitter ​របស់​លោកត្រាំ ​គឺ​ជា​គណនី​ផ្ទាល់​ខ្លួន ​តែ​គណនី​នេះ ​ត្រូវ​បាន​សេតវិមាន​ ប្រើប្រាស់​ជា​បណ្តាញ​ផ្លូវការ​​របស់ ​លោក​ប្រធានាធិបតី។

គណនីTwitter របស់លោក ដូណាល់ ត្រាំ
គណនីTwitter របស់លោក ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើប្រាស់​បណ្តាញ​Twitter ​ចំនួន​៧នាក់ ​បាន​ដាក់​ពាក្យ​ប្តឹង ​លោក​ដូណាល់ ត្រាំ ​តាម​រយៈ​សមាគម ​Knight F​irst Amendment Institut ​នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ញូយ៉ក។ ក្រៅពី​ លោក​ដូណាល់ ត្រាំ ​ពាក្យ​បណ្តឹង​នេះ ​ក៏បាន​សំដៅ​ចោទ​ប្រកាន់​លើ​រូបលោក ​Sean Spicer ​អ្នក​នាំពាក្យ​សេតវិមាន ​និង​លោក ​Daniel Scavino​ ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​បណ្តាញ​សង្គម ​របស់​សេតវិមាន​ ផងដែរ។

សមាគម​ដើម​បណ្តឹង ​ ​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ និង​ក្រុម​ការងារ​របស់​លោក ​ ថា​បាន​បំពាន ​នឹង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​ ដែល​ចែង​ការពារ​សិទ្ធិ​សេរីភាព ​ ក្នុង​ការ​បញ្ចេញ​មតិ។ អ្នក​ប្រើប្រាស់ ​គណនី​Twitter ​ទាំង​៧នាក់ ​សុទ្ធ​តែ​ត្រូវ​បាន ​លោក ​ដូណាល់ ត្រាំ ​បិទខ្ទប់ ​មិន​ឲ្យ​ចូល​ទៅ​អាន ​រឺ​សរសេរ​បញ្ចេញ​មតិ ​នៅ​លើ​គណនី​របស់​លោក ​ដូណាល់ ត្រាំ​ទេ។

ជា​ការពិត​ ម្ចាស់​គណនី​នៅ​លើ​បណ្តាញ​សង្គម​ ម្នាក់ៗ​មាន​សិទ្ធិ​បិទ​ខ្ទប់​គណនី​របស់​នរណា​ម្នាក់ ​ មិន​ឲ្យ​ចូល​មក​អាន ​រឺ​សរសេរ​បញ្ចេញ​យោបល់ ​លើ​គណនី​របស់​ខ្លួន។ ក៏​បន្តែ​សិទ្ធិ​នេះ ​អាច​ត្រូវ​ដក​ហូត ​ ក្នុង​ករណី ​ដែល​គណនីនោះ​ ត្រូវ​បាន​ចាត់ទុក​ថា​ជា​វេទិកា​សាធារណៈ។ យ៉ាង​ណាមិញ ​ គណនី​Twitter ​របស់​លោក​ដូណាល់ ត្រាំ ​ថ្វី​បើ​ជា​គណនី​ផ្ទាល់ខ្លួន​របស់​លោក​មែន​ពិត ​តែ​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ ​ជាច្រើន​នាក់​ ធ្លាប់​បាន​ប្រកាស​ថា ​រាល់​សារ​ដែល​សរសេរ​លើ​ទំព័រ​Twitter​ របស់​លោក​ដូណាល់ ត្រាំ ​គឺ​មាន​តំលៃ ​ជា​សារ​ផ្លូវការ​របស់​សេតវិមាន។

យោង​តាម​សមាគម​ដើម​បណ្តឹង ​លោក​ប្រធានាធិបតី​អាមេរិក ​មាន​គណនី​Twitter ​ផ្លូវការ​មួយ ​ តែលោក​​មិន​ដែល​ប្រើ​វា​ទេ។ ផ្ទុយ​ទៅ​វិញ​​ សេតវិមាន ​បាន​ប្រើប្រាស់​គណនី​Twitter​ផ្ទាល់ខ្លួន​ របស់​លោក​ដូណាល់ ​ត្រាំ ​ដើម្បី​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ​ដើម្បី​ការពារ​វិធានការ ​ឬ​ក៏​ការ​សម្រេច​ផ្សេងៗ ​របស់​លោក​ប្រធានាធិបតី។

ដើម​បណ្តឹង​សន្និដ្ឋាន​ថា​ ដូច្នេះ ​គណនី ​Twitter​ របស់​លោក​ដូណាល់ ត្រាំ ​មិនមែន​ជា​គណនី​ផ្ទាល់​ខ្លួន​ទៀត​ទេ ​ តែ​វា​ជា​គណនី​​តំណាង​ឲ្យ​វេទិកា​សាធារណៈ​ តំណាង​ឲ្យ​រដ្ឋាភិបាល។ ក្នុង​ករណី​នេះ ​ការ​បើក​ឲ្យ​មាន​ការ​ជជែក ​បញ្ចេញ​យោបល់​ដោយ​សេរី​ ត្រូវ​តែ​ធានា​ការពារ ​គោរព​តាម​រដ្ឋធម្មនុញ្ញ។​ គេមិន​អាច​បិទ​ខ្ទប់​គណនី​អ្នក​រិះគន់ ​ ហើយ​បើក​អនុញ្ញាតិ ​ឲ្យមាន​តែ​អ្នក​សរសើរ ​ស្រប​តាម​ខ្លួន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ