អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

លោក​​​​ត្រាំ​​ ប្តូរ​ជំហរ​មកវិញ ​ទាក់ទង​​គម្រោង​​​ចង់​​សហការ​​ជាមួយ​​រុស្ស៊ី​ ក្នុង​​វិស័យ​​​​សន្តិសុខ​​តា​ម​​​អ៊ីនធ័រនែត​

ក្រោយ​រងការ​រិះគន់​ខ្លាំង ពី​សមាជិក​បក្ស​សាធារណរដ្ឋ ថ្ងៃចន្ទ​នេះ ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ប្តូរ​ជំហរ​របស់​លោក​មកវិញ ទាក់ទង​នឹង​គម្រោង​ចង់​សហការ​ជាមួយ​រុស្ស៊ី ក្នុង​វិស័យ​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធ័រនែត។

លោក​ដូណាល់ ត្រាំ និង​លោក​ពូទីន ចាប់ដៃ​គ្នា ក្នុង​ជំនួប​កំពូល​ហ្សេ២០ នៅ​ទីក្រុង​ហាំបួ​ ថ្ងៃ​៧កក្កដា​២០១៧
លោក​ដូណាល់ ត្រាំ និង​លោក​ពូទីន ចាប់ដៃ​គ្នា ក្នុង​ជំនួប​កំពូល​ហ្សេ២០ នៅ​ទីក្រុង​ហាំបួ​ ថ្ងៃ​៧កក្កដា​២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អាទិត្យ​ម្សិលមិញ​​​ លោក​ដូណាល់ ត្រាំ បាន​លើកឡើង​តាម​ទ្វីតថឺ ថាលោក​បាន​ពិភាក្សា​​ជាមួយ​លោក​ពូទីន ទាក់ទង​នឹង​គម្រោង​​​ចង់​សហការ​​រវាង​អាមេរិក​និង​រុស្ស៊ី ក្នុង​វិស័យ​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធ័រនែត ​ដើម្បី​ការពារ​កុំអោយ​មាន​ការជ្រៀតជ្រែ​ក​ចូល​ក្នុង​ប្រព័ន្ធបោះឆ្នោត​ ដោយ​យថា​ហេតុណា​មួយ។

សមាជិក​​បក្ស​សាធារណរដ្ឋ​បាន​រិះគន់​គម្រោង​សហការ​ជាមួយ​រុស្ស៊ី​ លើ​ក្នុង​ការ​ការពារ​សន្តិសុខ​តាម​អ៊ីនធ័រនែត​នេះជាខ្លាំង។ បក្ស​សាធារណរដ្ឋ​មិនទុក​ចិត្ត​លោក​ពូទីនទេ ដោយសារ​តែ​អាមេរិក​កំពុង​សង្ស័យ​​ថា រុស្ស៊ី​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​​អាមេរិក ​ឆ្នាំ​២០១៦។ ​សម្រាប់​បក្ស​សាធារណរដ្ឋ ​ការ​សហការ​ជាមួយ​រុស្ស៊ី លើ​បណ្តាញ​សន្តិសុខ​អ៊ីនធ័រនែត​នេះ ប្រៀប​បាននឹង​ការ​សហការ​ជាមួយ​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់ អាសាដ​ ដូច្នោះដែរ។

លោកដូណាល់ ត្រាំ ប្រហែល​ជាទន់ចិត្ត​ជាមួយ​លោកពូទីន ក្នុង​ពេល​លោក​ជួប​លោក​ពូទីន ក្នុង​ជំនួប​ហហ្សេ២០ ​នៅទីក្រុង​ហាំបួ។ ម្សិលមិញ លោក​ដូណាល់ ត្រាំ លើកឡើង​ថា ​លោក​បាន​សួរ​លោកពូទីន​ដល់​ទៅ​២ដង ​ថា​តើ​រុស្ស៊ី​មាន​បាន​អន្តរាគមន៍​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ទេ ហើយ​លោក​ត្រាំ​បន្ថែម​ថា លោក​ពូទីន​ឆ្លើយ​បដិសេធ​យ៉ាង​ដាច់​អហង្កា។ លោកស្រី នីគី ហាឡី ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ថា អ្នកណា​ក៏ដឹង​ដែរថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុង​កា​របោះឆ្នោត​អាមេរិក។ សម្រាប់​លោកស្រី​ហាឡី លោក​ពូទីន​ឆ្លើយ​បដិសេធដូច្នេះ ​គឺ​ដើម្បី​កុំអោយ​អាប់​កិត្តិយសរុស្ស៊ី​​​​តែ​ប៉ុណ្ណោះ។

ក្រោយ​រងការ​រិះគន់​ខ្លាំង ថ្ងៃចន្ទ​នេះ លោក​ដូណាល់ ត្រាំ​ បាន​ប្តូរជំហរ​លោក​មកវិញ ទាក់ទង​នឹង​គម្រោង​សហការ​​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែត​ជាមួយ​រុស្ស៊ី។ លោក​លើកឡើង​ថា លោក​បាន​និយាយ​ជាមួយ​ពូទីន​រឿងនេះ មិនមែន​មានន័យ​ថា លោក​គិតថា នឹង​ធ្វើវាឡើង​នោះទេ៕ ​ ​ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ