ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT
អាស៊ី

អាល្លឺម៉ង់ និង​ជប៉ុន សន្យា​លើក​កំពស់​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ទល់​នឹង​ចរន្ត​អត្មានិយម

media  
លោក Abe និង​លោកស្រី Merkel កំពុង​ពិនិត្យ​មើល​ឧបករណ៍ដ្រូន បច្ចេកវិទ្យា​​ចុងក្រោយ REUTERS/Fabian Bimmer

លោកស្រី​អង់ហ្គេឡា មែរគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​លោក​ស៊ិនហ្សូ អាបេ ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ថ្នាក់​ដឹកនាំ​ទាំងពីរ ​ បាន​សន្យា​ជំរុញ​លើក​កំពស់​ ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ឲ្យ​មាន​សមធម៌ ​ហើយ​ប្រឆាំង​ដាច់ខាត ​នឹង​ចរន្ត​ពាណិជ្ជកម្ម ​បែប​បិទទ្វារ​អត្មានិយម។ បើទោះ​បី​ជា​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ មិន​បាន​លើក​ឡើង​ឲ្យ​ចំៗ ​ ក៏​គេអាច​ស្មាន​ដឹង​ថា ​គឺ​ចង់​សំដៅ​ទៅ​លើ​លោក​ដូណាល់ ត្រាំ ​ដែល​បាន​ប្រកាស​ថា ​នឹង​ដាក់​រនាំង​ពាណិជ្ជកម្ម​ ប្រឆាំង​នឹង​ផលិតផល​ នាំ​ចូល​ពី​បរទេស។ បន្ទាប់​ពីជូប​លោកស្រី ​មែរគេល ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​និង​អញ្ជើញ​ពិសារបាយ ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ នៅ​ល្ងាច​ថ្ងៃទី​២០ ​មីនា​​ នៅ​ទីក្រុង​ប៉ារីស។

ឆ្លៀត​ឱកាស​ដែរ​ជប៉ុន​ជា​ប្រទេស​កិត្តិយស ​នៃ​ពិពណ៌ Hight-Tech ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​Hanovre​ ប្រទេស​អាល្លឺម៉ង់ ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​ឆ្លៀត​ជួប​ពិភាក្សា​ជាមួយ​លោកស្រី ​អង់ហ្គេឡា មែរគែល ​ដែល​ទើប​ត្រលប់​មក​ពី​សហរដ្ឋ​អាមេរិក។ មេដឹកនាំ​ប្រទេស​ទាំង​ពីរ ​ ជប៉ុន ​និង​អាល្លឺម៉ង់​ បាន​លើក​ឡើង​ជាអាទិ​ ស្តីពី​ការ​ជំរុញ ​លើក​កំពស់ ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី។

 
លោកស្រី​អង់ហ្គេឡា មែរគែល ​បាន​ថ្លែង​ថា “​យើង​ចង់​បាន​ទីផ្សារ​ដែល​មាន​លក្ខណៈ​សេរី ​និង​បើក​ចំហរ។ យើង​ចង់​បាន​ណាស់ ​នូវ​ការ​ដោះដូរ​ពាណិជ្ជកម្ម ​ដែល​មាន​សមធម៌ ​ស្មើ​ភាព​គ្នា ​តែ​យើង​មិន​ចង់​បាន​ដាច់ខាត​ នូវ​ការ​ដាក់​រនាំង​ការពារ​ប្រយោជន៍​តែ​រៀងៗ​ខ្លួន។” លោកស្រី​មែរគែល ​បាន​បន្ត​ថា ​“អ្វី​ដែល​អាល្លឺម៉ង់​ចង់​បាន ​គឺ​ភ្ជាប់​ក្រុមហ៊ុន​អាល្លឺម៉ង់ ​ទៅ​នឹង​ក្រុមហ៊ុន​តាម​ប្រទេស​ដ៏ទៃ ​ដើម្បី​ស្ថាបនា​ចំណង​សហការ​ ដែល​មាន​លក្ខណៈ​យុត្តិធម៌​ ស្មើ​ភាពគ្នា។”
 
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ក៏​បាន​ឆ្លៀត​លើក​ឡើង​ផង​ដែរ​ អំពី​គម្រោង​ចុះ​ហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាង​សហភាព​អឺរ៉ុប​ និង​ជប៉ុន ​ដែល​នឹង​អាច​ត្រូវ​ធ្វើ​នៅក្នុង​ឆ្នាំ​២០១៧​នេះ។ សម្រាប់​លោកស្រី​មែរគែល ​វា​ជា​រឿង​មួយ​ល្អណាស់ ​ដែល​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ មិន​ឈ្លោះ​ប្រកែក​គ្នា ​ហើយ​មាន​ការ​យល់ឃើញ​ដូចគ្នា ​ទៅ​លើ​សារៈសំខាន់ ​និង​ផល​ប្រយោជន៍​នៃ​ការ​បើក​ចំហរ​ទ្វារ ​ទទួល​យក​ការ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ ទៅវិញ​ទៅមក។
 
លោកស៊ិនហ្សូ អាបេ​វិញ ​បាន​ឆ្លើយ​តប​ថា ​“ជប៉ុន​សន្យា​នៅ​ក្បែរ​អាល្លឺម៉ង់​ជានិច្ច ​ក្នុង​ការ​ផ្តល់​សន្ទុះ​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ ​តែ​ត្រូវ​កំណត់​គោលការណ៍​ឲ្យ​បាន​ច្បាស់​ ដើម្បី​ទប់​ស្កាត់​ រាល់​ចរន្ត​អត្មានិយម​ និង​ចៀសវៀង​ ការ​ប្រមូល​ផ្តុំ​ផល​ចំណេញ ​និង​ធនធាន​ ឲ្យ​នៅ​តែ​ក្នុង​កណ្តាប់​ដៃ ​របស់​ក្រុមហ៊ុន ​រឺ​មនុស្ស​មួយ​ក្តាប់​តូច។”
 
គួរកត់​សម្គាល់​ថា ​ការ​ប្រកាស​រួមគ្នា ​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​និង​ជប៉ុន​នាពេល​នេះ ​ គឺ​​ជា​​ការ​បន្លឺ​រិះគន់ ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ទៅ​លើ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​​អាមេរិក​ តែងតែ​ស្រែក​ក្តែងៗ។ លោកត្រាំ ​មាន​ទស្សនវិស័យ ​ផ្ទុយ​ស្រលះ​អំពី​គោលការណ៍​ដោះដូរ​ពាណិជ្ជកម្ម​សេរី។ កម្មវិធី​នយោបាយ​របស់​លោកត្រាំ ​គឺ​ធ្វើ​យ៉ាង​ណា​បិទ​ទ្វារ​ ដាក់​រនាំង​ ដាក់​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន ​រឺ​ក៏​ផលិត​ផល​ប្រទេស​ផ្សេង។ ជាង​នេះ​ទៅ​ទៀត ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​បាន​ទាមទារ​មិន​ឲ្យ ​កិច្ច​ប្រជុំ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០​ ធ្វើ​សេចក្តី​ថ្លែងការ​រួម ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ចរន្ត​ពាណិជ្ជកម្ម ​បែប​បិទទ្វារ​ អត្មា​និយម​ នេះ​ទៀត​ផង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ