អានតួអត្ថបទ

កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅ​លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូក្កែត​ដើម្បីត្រៀមលក្ខណៈ ទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ។ តាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅក្នុង​សមយុទ្ធ កាលពីថ្ងៃចន្ទទី​២២ មេសា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន​បាន​តាមដាន​មើល​ការធ្វើតេស្ត​​សាកល្បង​គ្រាប់រ៉ូក្កែត ដែលមាន​សមត្ថភាព​ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ​ទៅវាយប្រហារ​ទីតាំង​របស់សត្រូវ។ នេះជា​លើកទី១​ ដែល​កូរ៉េខាងជើង​ធ្វើ​តេស្ត​សាកល្បងប្រព័ន្ធ​បញ្ជា បាញ់​គ្រាប់មីស៊ីល​​ គ្រាប់រ៉ូក្កែត​ដែលអាច​ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់​ព្យុងយ៉ាង សមយុទ្ធ​កាលពីថ្ងៃ​ចន្ទ ឆ្លើយតប​ទៅនឹងទង្វើ​ញុះញង់ គំរាមកំហែង​របស់​អាមេរិក និង​កូរ៉េខាងត្បូងដែលកំពុង​រៀបចំសមយុទ្ធកងទ័ពអាកាស​ នៅ​ក្បែរទឹកដីកូរ៉េខាងជើង​រហូត​ដល់​ថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ។

កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅ​លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃចន្ទទី ២២​មេសា
កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅ​លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃចន្ទទី ២២​មេសា AP
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបទៅនឹង​សមយុទ្ធជើងអាកាស​របស់អាមេរិក និង​កូរ៉េខាងត្បូងដែលត្រូវ​ប្រព្រឹត្តទៅ​រហូត​ដល់​ថ្ងៃ​សុក្រទី ២៦​មេសា កូរ៉េខាងជើង​ កាលពីថ្ងៃចន្ទ​ទី ២២​មេសា បញ្ចេញ​សាច់ដុំយោធា​របស់ខ្លួនដែរ ដោយ​ធ្វើតេស្ត​សាកល្បង​ជាលើកទី១ ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត និងមីស៊ីល ដែលមាន​សមត្ថភាព​ពាំនាំ​ក្បាលគ្រាប់នុយក្លេអ៊ែរ។

យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​តាមដាន​ដោយ​ផ្ទាល់ សមយុទ្ធ​ផ្តោត​ទៅលើ​ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។ បើតាម​ទីភ្នាក់ងារ KCNA សមយុទ្ធ​កាលពីថ្ងៃចន្ទ ជា​ឱកាស​សាកល្បង​ជាលើកទី១ ប្រព័ន្ធគ្រប់គ្រង​​ ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ។ ការធ្វើតេស្តសាកល្បង​​កាលពីថ្ងៃចន្ទ អនុញ្ញាត​ឲ្យ​គេ​អាច​ដឹងពីភាពគួរឲ្យជឿជាក់នៃ​​ប្រព័ន្ធបញ្ជា គ្រប់គ្រង ត្រួតពិនិត្យ និងប្រតិបត្តិការជាទូទៅរបស់កងកម្លាំងទទួលបន្ទុកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ការធ្វើតេស្តសាកល្បងក៏ជាការធានាបញ្ជាក់​ដែរថា ប្រព័ន្ធជើងទ្របាញ់គ្រាប់រ៉ូក្កែតកូរ៉េខាងជើង​ អាចមាន​សមត្ថភាព​ផ្លាស់ប្តូរ​តួនាទីទៅ​ជា​អ្នកចាំទប់ទល់នឹង​ការវាយប្រហារនុយក្លេអ៊ែរ​ពីសត្រូវ​ខាងក្រៅ។

បើតាម​KCNA មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន​ពេញចិត្តជាខ្លាំង​ និង​ចាត់ទុក​ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត​របស់កូរ៉េខាងជើង​ជា​កាំភ្លើងSniper បាញ់ឥតខុសគោល​ដៅ។​ ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​KCNA ដដែល លោក​គីម ជុងអ៊ុន​និយាយ​ថា សមយុទ្ធ​នៅថ្ងៃ​ចន្ទ សំខាន់​ណាស់​សម្រាប់​ត្រៀម​រៀបចំកម្លាំងប្រយុទ្ធនុយក្លេអ៊ែរ ដើម្បីឲ្យពួកគេ​អាច​ប្រតិកម្ម​រហ័ស និងជាក់ច្បាស់នៅក្នុង​បេសកកម្ម​​ប្រយុទ្ធប្រឆាំង​នឹង​សង្រ្គាម។

នៅក្នុងការចុះផ្សាយ​កាលពីថ្ងៃអង្គារ​ទី ២៣​មេសានេះ ​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋ​KCNAបង្ហាញ​រូបភាព​ដែលនៅក្នុង​នោះ​គ្រាប់រ៉ូក្កែត​យ៉ាង​៤បាញ់​ចេញពីជើងទ្រ​ ក្រោម​ការតាមដាន​របស់​មេដឹកនាំកូរ៉ខាងជើង។ បើតាម​KCNA គ្រាប់រ៉ូក្កែត​បាន​ហោះក្នុងចម្ងាយ ៣៥២គីឡូម៉ែត្រ មុននឹង​ទៅធ្លាក់ទៅលើ​គោលដៅ​នៅលើ​កោះមួយ​ក្នុង​សមុទ្រជប៉ុន។ សេនាធិការកងទ័ពកូរ៉េខាងត្បូង​វិញអះអាងថា នៅថ្ងៃចន្ទ គ្រាប់រ៉ូក្កែត​ហោះ​ចម្ងាយ​៣០០គីឡូម៉ែត្រ​មុនធ្លាក់ក្នុងទឹកសមុទ្រ​ចន្លោះឧបទ្វីបកូរ៉េ និង​ប្រទេស​ជប៉ុន។ គេវាយតម្លៃថា រយៈចម្ងាយនេះអាច​ឲ្យគេ​ប៉ាន់ស្មានថា គ្រាប់រ៉ូក្កែត​របស់​កូរ៉េខាងជើង​អាច​វាយប្រហារ​ទីតាំង​មួយចំនួន​របស់​កូរ៉េខាងត្បូង។

ចំពោះកូរ៉េខាងជើង សមយុទ្ធ​ស្តែង​ពីការប្រើប្រាស់​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឆ្លើយតប​នឹង​សមយុទ្ធជើងអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង ដែល​ព្យុងយ៉ាងចាត់ទុក​ជា​ទង្វើ​ញុះញង់ គំរាមកំហែង និង​មានគោលដៅប្រឆាំងកូរ៉េខាងជើង​ដោយ​ចេញមុខ។

សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និងអាមេរិក​អះអាងថា សមយុទ្ធ​ប្រចាំឆ្នាំ ពីថ្ងៃទី ១២​ដល់ថ្ងៃទី​២៦​មេសា​​មាន​គោលដៅ​បញ្ជាក់​ប្រសិទ្ធិភាពសព្វាវុធផ្លូវអាកាស និង​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​ការពារ វាយបក​ និង​យកឈ្នះ​លើ​សត្រូវ។ បើតាម​ការវាយតម្លៃរបស់លោក Han Kwon-hee​​អ្នកជំនាញ​កូរ៉េខាងត្បូងមក​ពី​សមាគម​សិក្សា​ឧស្សាហកម្ម​យោធា​ ការធ្វើតេស្ត​​សាកល្បង​ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតជា​លំហាត់សឹក​មួយ​ទៀត​របស់កូរ៉េខាងជើង​នៅ​ក្នុង​សេណារីយ៉ូ ដែលនៅក្នុងនោះ​របបព្យុងយ៉ាង​ចាត់វិធានការវាយបក​នឹង​ការវាយប្រហារ​ផ្លូវអាកាសរបស់​អាមេរិក និងកូរ៉េខាងត្បូង។

អ្នកនាំពាក្យ​របស់​សេនាធិការកងទ័ពកូរ៉េខាងត្បូង លោក Lee Sung Joon វិញ អះអាងថា កូរ៉េខាងជើង​យកលេស​ធ្វើសមយុទ្ធដើម្បីតេស្តសាកល្បង​ប្រព័ន្ធបាញ់​គ្រាប់រ៉ូក្កែត ដែលតាមពិត​កូរ៉េខាងជើង​ត្រូវ​លក់ទៅ​ឲ្យរុស្ស៊ី​ធ្វើសង្រ្គាមនៅ​អ៊ុយក្រែន។ នៅប៉ុន្មានខែ​មកនេះ កូរ៉េខាងជើង​​បង្កើន​ការសាកល្បង​អាវុធ នោះបើទោះបីជា​ភាពតានតឹង​ការទូត​រវាង​កូរ៉េខាងជើង​និងអាមេរិក នៅជាប់ទ្រឹង​ មិនធ្លាក់ធ្ងន់ធ្ងរ ហើយ​ក៏មិនប្រសើរឡើង។ បើតាម​អ្នកវិភាគ ការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល ​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើងសម្រិតសម្រាំង​សព្វាវុធ​ដែលលក់​ទៅ​ឲ្យរុស្ស៊ី និងម្យ៉ាង​ដើម្បី​បង្កើនទំងន់​របស់ខ្លួន នៅក្នុងការចរចា​ជាមួយ​អាមេរិក។ ដោយ​បង្ហាញសាច់ដុំអាវុធ មីស៊ីល​របស់ខ្លួន​កាន់តែទំនើបៗ ព្យុងយ៉ាង​ចង់ដាក់សម្ពាធ​លើ​អាមេរិក​ឲ្យទទួលស្គាល់ខ្លួន​ជា​មហាអំណាចនុយក្លេអ៊ែរ និងត្រូវ​ធ្វើសម្បទាននៅក្នុងការចរចា​សេដ្ឋកិច្ច សន្តិសុខ​ជាមួយ​កូរ៉េខាងជើង៕​​​​  ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ