អានតួអត្ថបទ

ឥណ្ឌា៖ មនុស្សយ៉ាងហោច៨សែននាក់ ត្រូវជន្លៀសគេចពីខ្យល់ព្យុះ

ខ្យល់ព្យុះដ៏ខ្លាំងក្លាមួយ ឈ្មោះ ហ្វានី (Fani) កំពុងតែរំកិលខ្លួន បក់ទៅលើភាគខាងកើតប្រទេសឥណ្ឌា នៅរសៀល​ថ្ងៃសុក្រ។ នៅស្រុក ប៊ូបាណេស្វា មិនឆ្ងាយប៉ុន្មានពីក្រុងកាល់គូតា អាជ្ញាធរឥណ្ឌា​ បានជន្លៀស ប្រជាជន ប្រមាណជា៨សែននាក់ ឲ្យចេញពីផ្លូវឆ្លងកាត់ នៃខ្យល់ព្យុះនេះ។ បើតាមការព្យាករណ៍ ខ្យល់ព្យុះហ្វានីនេះ អាចនឹងមានកម្លាំងខ្លាំងមិនធ្លាប់មានទេ ក្នុងរវាង២០ឆ្នាំចុងក្រោយនេះ នៅឥណ្ឌា។

បុរសនេសាទ កំពុងស្វែងរក​កន្លែងសុវត្ថិភាព គេចពីខ្យល់​ព្យុះស៊ីក្លូន Fani។ ឆ្នេរ​នៅស្រុក Visakhapatnam ថ្ងៃទី​​១​ឧសភា ២០១៩
បុរសនេសាទ កំពុងស្វែងរក​កន្លែងសុវត្ថិភាព គេចពីខ្យល់​ព្យុះស៊ីក្លូន Fani។ ឆ្នេរ​នៅស្រុក Visakhapatnam ថ្ងៃទី​​១​ឧសភា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

សឹងតែមួយចំហៀង ខាងកើតជាប់មាត់សមុទ្ររបស់ឥណ្ឌា រាប់ចុះពីក្រុងកាល់គូតាចុះមក​ នឹងត្រូវរងសំពាធ ពីខ្យល់ព្យុះហ្វានី (Fani)។ យោងតាមការព្យាករណ៍ ខ្យល់ព្យុះ ដែលកំពុងតែបោកវិលបង្កើនកំលាំង នៅខាងលើឈូងសមុទ្របង់ហ្កាល់នេះ នឹងរំកិលខ្លួន ទៅដល់ភាគខាងកើតឥណ្ឌា នៅរសៀលថ្ងៃសុក្រទី​៣ឧសភា។

ខ្យល់ព្យុះស៊ីក្លូននេះ នឹងបង្កឲ្យមានទឹកភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់កន្ត្រាក់ គួចក្នុងល្បឿន ប្រហែល២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ អាជ្ញាធរសង្រ្គោះ នៅស្រុកប៊ូបាណេស្វារ (Bhubaneswar) បានឲ្យដឹងថា មានប្រជាជនយ៉ាងហោចណាស់​ ៨សែននាក់ ដែលត្រូវបានក្រុមសង្រ្គោះ បញ្ជូនយកទៅទុកនៅកន្លែងមានសុវត្ថិភាពហើយ។ អាជ្ញាធររដ្ឋOdisha បានឲ្យដឹងថា គេរំពឹងថានឹងអាចជន្លៀសមនុស្ស ចេញពីតំបន់នេះ យ៉ាងហោច​ណាស់ ជាង១លាននាក់។ សាលារៀន អាគាររដ្ឋ ប្រមាណ​​៣០០០​ទីតាំង ត្រូវបាន​ត្រៀម​រៀបចំ ដើម្បី​ទទួលប្រជាជន ឲ្យស្នាក់នៅបណ្តោះអាសន្ន។

សូមបញ្ជាក់ថា ទីក្រុងពូរី (Puri) ជាប់មាត់សមុទ្រ ដែលមានប្រាសាទបូរាណ Shree Jagannath ក៏ស្ថិតនៅលើផ្លូវឆ្លងកាត់ របស់ខ្យល់ព្យុះហ្វានីនេះដែរ។ អាជ្ញាធរឥណ្ឌា បានចេញបញ្ជា ឲ្យជន្លៀសភ្ញៀវទេសចរណ៍ចេញពីតំបន់នេះ នឹងបានប្រកាស ឲ្យក្រុមហ៊ុន​អាកាសចរណ៍ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់។ ខ្សែរថភ្លើង ឆ្ពោះទៅកាន់ទីក្រុងពូរី ត្រូវបានលប់ចោលទាំងអស់ ក្នុងរវាង៤៨ចុងក្រោយនេះ។ ក្រៅពីរដ្ឋOdisha អាជ្ញាធររដ្ឋ Andhra Pradesh និង រដ្ឋTamil Nadu ដែលស្ថិតនៅតាមមាត់សមុទ្រ ក៏បានចេញបញ្ជា ប្រុងប្រៀបខ្លួនប្រឈមនឹងខ្យល់ព្យុះដែរ។ រដ្ឋទាំងនេះ មានប្រជាជនរស់នៅនីមួយៗ ចន្លោះពី​៥០ ទៅ៧០លាននាក់។

គួរកត់សំគាល់ថា នៅភាគខាងកើត និងខាងត្បូង នៃឧបទ្វីបឥណ្ឌា គឺតែងតែរងនូវវិនាសកម្ម បោកបក់ដោយខ្យល់ព្យុះស៊ីក្លូន។ កាលពីឆ្នាំ២០១៧ មានមនុស្សយ៉ាងហោច ២៥០នាក់ បានស្លាប់ ក្រោមកម្លាំងខ្យល់ព្យុះ Ockhi នៅរដ្ឋ Tamil Nadu និងរដ្ឋ Kerela៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ