អានតួអត្ថបទ
ម៉ាល់ឌីវ-ចិន-ឥណ្ឌា

ម៉ាល់ឌីវរៀបចំ​បោះឆ្នោត​សភាក្នុង​កាលៈទេសៈប្រជែងឥទ្ធិពល​អំណាច​រវាង​ឥណ្ឌា​និង​ចិន

ប្រទេស​បណ្តុំ​កូន​កោះ ម៉ាល់ឌីវ រៀបចំ​ការបោះឆ្នោត​សភា នៅ​ថ្ងៃអាទិត្យ ទី​២១មេសា​​។ ការ​បោះឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ​លើក​នេះ ឋិត​ក្នុ​ង​បរិបទ​នៃការ​​ប្រជែងឥទ្ធិពល​​អំណាច​ដ៏​ក្តៅគគុក​ រវាង​មហាយក្ស​ចិន និង​ឥណ្ឌា។ ដ្បិត​ថា រដ្ឋ​សភា​ផុត​អាណត្តិ​ ​មាន​សំឡេង​ភាគច្រើន​​ទំនោរ​គាំទ្រ​ឥណ្ឌា ត្រូវ​ប្រឈម​មុខ​នឹង​បក្ស​កាន់​អំណាច​របស់ប្រធានាធិបតី​ថ្មី ដែល​គាំទ្រ​ចិន​ផ្កាប់​មុខ​។​ ​

ម៉ាល់ឌីវ រៀបចំបោះឆ្នោតសភា ក្នុងកាលៈទេសៈប្រជែងឥទ្ធិពលអំណាចរវាងឥណ្ឌានិងចិន នៅថ្ងៃអាទិត្យ ទី២១មេសា។​
ម៉ាល់ឌីវ រៀបចំបោះឆ្នោតសភា ក្នុងកាលៈទេសៈប្រជែងឥទ្ធិពលអំណាចរវាងឥណ្ឌានិងចិន នៅថ្ងៃអាទិត្យ ទី២១មេសា។​ AFP - MOHAMED AFRAH
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អាស៊ីខាងត្បូង ម៉ាល់ឌីវ ជា​ទីតាំង​ភូមិសាស្ត្រនយោបាយ​​ដ៏​គន្លឹះ​ ដែល​ ចិន​ និង​ឥណ្ឌា​ ប្រជែង​ដណ្តើម​ឥទ្ធិពលគ្នា ដើម្បី​ផល​ប្រយោជន៍​យុទ្ធសាស្ត្រផ្លូវ​នាវាចរណ៍​សំខាន់ នៅ​ឥណ្ឌូបាស៊ីហ្វិក។ ដ្បិតថា ការដឹកនាំ​ប្រេង​​ទៅកាន់​ពិភពលោក ស្ទើរតែ​១ភាគ៣​ ត្រូវឆ្លងកាត់​កំពង់ផែ​ម៉ាល់ឌីវ​។

​ក្នុង​ឱកាស​ឃោសនា​បោះឆ្នោតសភា​លើក​នេះ​​ ​គណ​បក្សប្រឆាំង​ ខំប្រឹង​ឃោសនា​ជំទាស់​នឹង​មហិច្ឆតា​ចិន​និយម របស់​បក្ស​កាន់​អំណាចរបស់​ប្រធានាធិបតី​ថ្មី​។ គណបក្ស​​ប្រជាធិបតេយ្យ​ម៉ាល់ឌីវ MDP ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅក្នុងសភា​ផុត​អាណត្តិ ត្រូវគេ​ស្គាល់​ច្បាស់ថា មាន​ជំនោរ​គាំទ្រ​ឥណ្ឌា តាម​ទម្លាប់​ជា​យូរ​មកហើយ​។ ថ្នាក់ដឹកនាំបក្សប្រឆាំង លោក Mariya Didi ដែលធ្លាប់​ធ្វើជារដ្ឋមន្ត្រីការពារជាតិ​អាណត្តិ​ចាស់  បាន​ថ្លែងថា ឥណ្ឌា​ ជាប្រទេស​ជិត​ខាង ហើយ​តែងតែ​ជួយ​ម៉ាល់ឌីវ​ជានិច្ច នៅពេល​មាន​ទុក្ខ​ព្រួយ​អាសន្ន​លំបាក។​ ប្រឈម​មុខ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែលអាច​នឹង​​លិច​កោះ​ម៉ាល់ឌីវ ​មាន​តែ​ឥណ្ឌាទេ ដែល​នៅ​ជិត និង​អាច​ជួយស្រោចស្រង់​​ម៉ាល់ឌីវ​​ទាល់​ពេល​វេលា។​ ចំណែក ចិនវិញនៅ​ឆ្ងាយ​ណាស់​។ រំពឹង​​មិន​បានទេ។​ នេះបើតាមអ្នកនយោបាយ​ប្រឆាំង​​លោក Mariya Didi។​

ផ្ទុយ​ទៅវិញ ប្រធានាធិបតីម៉ាល់ឌីវ លោក ​Mohamad Muizzu ដែល​ជាប់ឆ្នោត​ពី​ឆ្នាំ​ទៅមិញ ជា​អ្នក​នយោបាយ​មាន​និន្នាការទន់​​ទោរទៅ​គាំទ្រ​ចិន​យ៉ាង​ផ្កាប់មុខ។ តាំងពី​ឡើង​កាន់​អំណាច​​ជាប្រមុខរដ្ឋ​ជាង​៦ខែ​មកនេះ លោកបាន​ដាក់​ឱសានុវាទ​បណ្តេញ កង​​ទាហាន​ឥណ្ឌាជាង​​៨០​នាក់ ឲ្យ​ចាកចេញ ពី​ម៉ាល់ឌីវ យ៉ាង​យូរ​ត្រឹម ថ្ងៃទី​១០ ឧសភា។ បើតា​មសេចក្តីរាយការណ៍​ព័ត៌មាន​ខ្លះទៀត,​ លោក​ក៏​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា ចាក​ចេញពី​ម៉ាល់ឌីវ​ ដែរ។​ ជំនួស​មកវិញ លោក​ទទួល​ឲ្យ​នាវា​ចិន​ចូល​ចុះ​ចត ហើយ​និង​បាន​ចេញទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ប៉េកាំង​ទៀត​ផង។​ យោង​តាមក្រសួងការពារជាតិ​ម៉ាល់ឌីវ, ក្នុង​ខែមីនាកន្លងទៅ​ ម៉ាល់ឌីវ បានចុះ​កិច្ចព្រមព្រៀង​ទទួល​ជំនួយ​យោធា​ចិន​ និង​ពង្រឹង​កិច្ចសហការ​ផ្ទេរភាគី​ ថែមទៀត​។

ក្នុង​ឱកាស​ឃោសនា​បោះឆ្នោតសភា​​ ប្រធានាធិបតីម៉ាល់ឌីវទំនោរគាំទ្រ​ចិន លោក Mohamad Muizzu ​ ​បាន​ស្តី​បន្ទោស​សមាជិក​សភាផុត​អាណត្តិ​ ដែល​មិន​សហការ​ជាមួយ​រូប​លោក តាំងតែ​លោក​ឡើង​កាន់​អំណាច​មក។​ ជាក់ស្តែង​ តាំងពី​ចុង​ឆ្នាំ ២០២៣មក សមាជិក​សភា​ភាគច្រើន​​គាំទ្រ​ខាង​ឥណ្ឌា បាន​បោះឆ្នោត​រារាំងបដិសេធ​​គម្រោង​ថវិកា​វិនិយោគ​​របស់​រដ្ឋាភិបាល​ ហើយនិង​រារាំង​ការ​តែងតាំង​សមាជិក​រដ្ឋាភិបាល​ ៣ នាក់​។​ ដូច្នេះ ក្នុងការ​បោះឆ្នោត​សភាលើក​​នេះ លោក Mohamad Muizzu ​សង្ឃឹម​ថា​នឹង​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​សភា ដើម្បី​អាច​សម្រេច​គោល​នយោបាយ​ដូចដែលលោក​បាន​សន្យា​។​​

ប្រជា​ពលរដ្ឋ​ម៉ាល់ឌីវ ​ចុះឈ្មោះ​បោះឆ្នោត​ ប្រមាណ​ជា​ ២៨៤ ០០០ នាក់​ ត្រូវបោះឆ្នោត​​ជ្រើសរើស​សមាជិក​សភា​ ចំនួន​ ​៩៣ អាសនៈ​ ដែល​​រើស​​ចេញពី​ក្នុង​ចំណោម​បេក្ខជន​តំណាងរាស្ត្រ​ ៣៦៨ នាក់។​ អាណត្តិ​សមាជិក​សភា​ម៉ាល់ឌីវ មា​នរយៈ​ពេល​ ៥ ឆ្នាំ​។ តាមទម្លាប់​នៅម៉ាល់ឌីវ លទ្ធផល​បោះ​ឆ្នោត​ អាច​នឹង​ចេញ​ដឹង​ភ្លាមៗ​ ពេល​បិទ​ការិយាល័យ​បោះឆ្នោត ហើយ​ការ​រៀបចំសមាសភាព​​សមាជិក​សភាថ្មី​ ក៏​អាច​នឹង​ត្រូវ​ដឹង​ភ្លាមៗ ក្នុង​ថ្ងៃ​តែ១​ដែរ​​​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ