ស្រីលង្កា៖ ខួប៥ឆ្នាំនៃអំពើភេរវកម្មនៅវិហារកាតូលិក អ.ស.ប.អំពាវនាវរកយុត្តិធម៌ជូនជនរងគ្រោះ
ថ្ងៃទី២១មេសា គឺជាថ្ងៃខួបគម្រប់៥ឆ្នាំ នៃអំពើភេរវកម្មជីហាតអ៊ីស្លាម នៅក្នុងវិហារកាតូលិកទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ អំពើភេរវកម្មដ៏សាហាវព្រៃផ្សៃនេះ បានផ្តាច់ជីវិតមនុស្ស២៧៩នាក់ ដែលរហូតមកទល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ នៅតែដង្ហើយហៅរកយុត្តិធម៌។ តំណាងអង្គការសហប្រជាជាតិប្រចាំនៅស្រីលង្កា បានថ្លែងអំពាវនាវទៅកាន់អាជ្ញាធរស្រីលង្កា ត្រូវតែប្រញេបប្រញាប់បំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:២១
ថ្ងៃអាទិត្យទី២១មេសា ក្រុមគ្រួសារជនរងគ្រោះ ដោយអំពើភេរវកម្មនៅទីក្រុងកូឡុំបូ កាលពីឆ្នាំ២០១៩ បានជួបជុំគ្នាសូត្រធម៌រំឭកវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបគម្រប់៥ឆ្នាំ នៃភេរវកម្មដ៏ធ្ងន់ធ្ងរបំផុត ដែលស្រីលង្កាមិនធ្លាប់ជួបប្រទះ។ លោក Marc-André Franche តំណាងអង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវឲ្យអាជ្ញារស្រីលង្កា ត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានស៊ីជំរៅ និងប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ។ លោក Marc-André Franche បានលើកឡើងថា ស្រីលង្កាមានវិបត្តិមួយជាប្រចាំ គឺបញ្ហាគ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធររដ្ឋ មិនថាទាក់ទិននឹងអំពើឧក្រិដ្ឋកម្មសង្គ្រាម ការបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការរំលោភអំណាចជាដើម។
ក្នុងឱកាសខួប៥ឆ្នាំនៃភេរវកម្មនេះដែរ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលស្រីលង្កា ត្រូវតែចេញផ្សាយរបាយការណ៍ស៊ើអង្កេត ចុងក្រោយ និងពេលលេញមួយ ស្តីអំពីអំពើភេរវកម្មឆ្នាំ២០១៩ ហើយត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ។
សូមរំលឹកថា កាលពីថ្ងៃទី២១មេសាឆ្នាំ២០១៩ ថ្ងៃបុណ្យប៉ាក់តាមប្រពៃណីសាសនាកាតូលិក នៅទីក្រុងកូឡុំបូ រដ្ឋធានីស្រីលង្កា គឺបានដិតដាមដោយស្នាមឈាម។ ក្រុមភេរវកម្មជីហាតអង្គការរដ្ឋអ៊ីស្លាម បានវាយប្រហារបំផ្ទុះគ្រាប់បែក នៅវិហារកាតូលិកចំនួន៣កន្លែង និងនៅសណ្ឋាគារ៣ផ្សេងៗគ្នា បណ្តាលឲ្យស្លាប់មនុស្ស ២៧៩នាក់ និងរបួសជាង៥០០នាក់។ ក្នុងចំណោមជនរងគ្រោះ គឺមានទេសចរបរទេសជាច្រើននាក់។
គួរបញ្ជាក់ថា តុលាការកំពូលស្រីលង្ការ ធ្លាប់បានប្រកាសចាត់ទុកថា លោកអតីតប្រធានាធិបតី Maithripala Sirisena ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ថាពិតជាមានកំហុស ដែលមិនបានទប់ស្កាត់អំពើភេរវកម្ម។ ផ្អែកតាមឯកសារបណ្តឹងរដ្ឋប្បវេណី គឺទីភ្នាក់ងារចារកិច្ចឥណ្ឌា បានជូនដំណឹងមកកាន់អាជ្ញាធរស្រីលង្កា ថាក្រុមជីហាតមានគម្រោងវាយប្រហារភេរវកម្ម តាំងតែពី១៧ថ្ងៃមុនហេតុការណ៍ភេរវកម្មម្លេះ។ តែរដ្ឋាភិបាលស្រីលង្កាបានធ្វើព្រងើយ។
ដោយឡែក តំណាងសហគមសាសនាកាតូលីកស្រីលង្កា ធ្លាប់បានអះអាងថា មន្ត្រីជាន់ខ្ពស់នៃចារកិច្ចយោធាស្រីលង្កា កាលជំនាន់នោះ ធ្លាប់មានទំនាក់ទំនងជាមួយក្រុមភេរវករ និងបានបើកដៃឲ្យមានភេរវកម្មដ៏ព្រៃផ្សៃនេះ ដើម្បីជួយជំរុញបរិយាកាសនយោបាយ ឲ្យលោក Gatabaya Rajapaksa បានឡើងកាន់អំណាច។ ក្នុងឱកាសបុណ្យខួបគម្រប់៥ឆ្នាំនៃភេរវកម្ម លោកសង្ឃកាតូលិក Malcolm Janjith បានចោទថា គឺរដ្ឋាភិបាលស្រីលង្កា ដែលជាអ្នកបានបំផ្លាញភស្តុតាង ដើម្បីការពារមនុស្សដែលនៅពីក្រោយក្រុមភេរវកម្ម។
គួរកត់សំគាល់ថា ៥ឆ្នាំមកហើយ អាជ្ញាធរស្រីលង្កា មិនបានផ្តល់សំណងខូចខាតជូនដល់ជនរងគ្រោះ ដែលបានស្លាប់និងរបួសទេ ហើយក៏មិនបានចាប់អ្នកទទួលខុសត្រូវ ឲ្យមកទទួលទោសដែរ។ តុលាការកំពូលស្រីលង្កា បានសម្រេចឲ្យលោកអតីតប្រធានាធិបតី Maithripala Sirisena ព្រមទាំងបក្សពួក ផ្តល់សំណងជូនដល់ជនរងគ្រោះ ចំនួន៣១០លានរូពី ដែលស្មើនឹងប្រមាណ១លានដុល្លារ។ តែយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់មានសំណងអ្វីទាំងអស់ ដោយសារតែលោក Maithripala Sirisenaបានប្តឹងទាស់ទៅឧទ្ធរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ