អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី​ចូលរួម​រំលឹក​វិញ្ញាណក្ខន្ធថ្ងៃ​ចុងក្រោយ​ឲ្យ​​សព​ លោក​លី ក្វាន់យូ

ប្រជាជន​សិង្ហបុរី រាប់ម៉ឺននាក់ នៅថ្ងៃ​អាទិត្យ ទី ២៩ មីនា បាន​តស៊ូ ឈរ​ក្រោម​ទឹកភ្លៀង ដើម្បី សំដែង​ការគោរព ថ្ងៃ​ចុងក្រោយ ដល់​សព​លោក​លី ក្វាន់យូ វីរបុរស និង​សា្ថបនិក​ជាតិ​សិង្ហបុរី។ ប្រមុខ​ដឹកនាំ​បរទេស​ជាច្រើន​ដែល​នៅក្នុង​នោះ មាន​នាយករដ្ឋមន្រ្តី​ជប៉ុន កូរ៉េខាងត្បូង និង​កម្ពុជា ជាដើម នឹង​ចូលរួម​សំដែង​ការគោរព​វិញ្ញាណក្ខន្ធ​សព​លោក​លី ក្វាន់យូ ដែល​ត្រូវ​បញ្ចុះ នៅថ្ងៃ​អាទិត្យនេះ។ 

ប្រជាជន​សិង្ហបុរី គោរព​ថ្ងៃ​ចុងក្រោយវិញ្ញាណក្ខខន្ធ​លោក​លី ក្វាន់យូ អតីត​នាយករដ្ឋមន្រ្តី​ទីមួយ​របស់​សិង្ហបុរី ដែល​បាន​ទទួល​អនិច្ចកម្ម ក្នុង​ជន្មាយុ​៩១​ឆ្នាំ
ប្រជាជន​សិង្ហបុរី គោរព​ថ្ងៃ​ចុងក្រោយវិញ្ញាណក្ខខន្ធ​លោក​លី ក្វាន់យូ អតីត​នាយករដ្ឋមន្រ្តី​ទីមួយ​របស់​សិង្ហបុរី ដែល​បាន​ទទួល​អនិច្ចកម្ម ក្នុង​ជន្មាយុ​៩១​ឆ្នាំ ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

មជ្ឈូស​ដាក់​សព លោក​លី ក្វាន់យូ បិតា​បង្កើត​សិង្ហបុរី ត្រូវ​បាន​ដឹក​ដង្ហែ​ចេញ​ពី​វិមាន​រដ្ឋសភា នៅថ្ងៃ​អាទិត្យ​នេះ សំដៅ​សកលវិទ្យាល័យ​ជាតិ ជាទី ដែល​រដ្ឋាភិបាល​រៀបចំ​ពិធីបុណ្យ​សព ដោយ​មាន​ការចូលរួម ពី​ក្រុមគ្រួសារ មន្រ្តី​រដ្ឋាភិបាល​សិង្ហបុរី និង​មេដឹកនាំ​បរទេស​ជាច្រើន​រូប។ ទៅតាម​ការគ្រោងទុក  ពិធី​បូជា​សព​នឹងត្រូវ​ធ្វើ​ឡើងជា​ឯកជន នៅឯ​ឈាបនដ្ឋាន Mandai។

 
លោក​លី ក្វាន់យូ​បាន​ទទួល​អនិច្ចកម្ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ក្នុង​ជន្មាយុ ៩១​ឆ្នាំ ដោយ​ជម្ងឺ​រលាកសួត។ រដ្ឋាភិបាល​សិង្ហបុរី​បាន​ប្រកាស​កាន់ទុក្ខ​ជាតិ រយៈពេល ៧​ថ្ងៃ ហើយ តាំង​ពីថ្ងៃ​ពុធ ប្រជាជន​សិង្ហបុរី ជាង ៤​សែននាក់ គឺ​ស្មើ​នឹង​១០​ភាគរយ​នៃ​ប្រជាជន​សិង្ហបុរី សរុប​បាន​ចូល​ទៅ​គោរព​សព​លោក​លី នៅ​វិមាន​រដ្ឋសភា។

នៅថ្ងៃ​អាទិត្យនេះ ប្រជាជន​សិង្ហបុរី បានសំដែង​ការគោរព​ជា​ចុងក្រោយ ដល់​បិតា​បង្កើត​ជាតិ​របស់ខ្លួន។ ចំណែក នៅ​លើ​ផ្ទៃមេឃ ឯណោះវិញ យន្តហោះ​ចម្បាំង​៤​គ្រឿង​ហោះ​រំលង ពីលើ និង​កាណុង​កាំភ្លើង ដែល​គេ​ប្រើ ជា​ពិសេស​សម្រាប់​តែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បាន​បាញ់​ផ្ទួនៗ​គ្នា ដើម្បី​ផ្តល់​កិត្តិយស ជាចុងក្រោយ ដល់​សព​លោក​លី ក្វាន់យូ។

មេដឹកនាំ​បរទេស​ជាច្រើន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ថ្ងៃ​គោរព​ចុងក្រោយ​សព​លោក​លី​ក្វាន់យូ ដែល​នៅក្នុង​នោះ មាន​អតីត​ប្រធានាធិបតី​អាមេរិក លោក​ប៊ីល គ្លីនតុន លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ធ្លាប់​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​លោក​លី ក្វាន់យូ។ នៅក្នុង​តារាង​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ទៅចូលរួម​ពិធីបុណ្យ​សព​អតីត​នាយករដ្ឋមន្ត្រី សិង្ហបុរី មាន​ផងដែរ លោក​ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន លោកស្រី ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ នាយករដ្ឋមន្រ្តី​អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី និង​ព្រះចៅ​ស៊ូតង់ របស់​ព្រុយណេ​ជា​ដើម។

លោក​លី ក្វាន់យូរ បាន​លាចាក​លោក​ទៅ ដោយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ជា​រដ្ឋបុរស​ដែល​បាន​ប្រែក្លាយ​សិង្ហបុរី​ ពី​កូនកោះ​មួយ​ដុំតូច​ដ៏សែន​ក្រីក្រ ឲ្យ​ក្លាយ​ទៅជា​ប្រទេស​អ្នកមាន​និងជឿនលឿន​បំផុត មួយ​នៅលើ​ពិភពលោក ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព។

ថ្វីដ្បិត​ តែ លោក​ លី ត្រូវ​គេ​ចាត់ទុក ជា​មេដឹកនាំ​ដែល​ប្រកាន់​យក​​របៀប​គ្រប់គ្រង​បែប​ផ្តាច់ការ ក៏​ប៉ុន្តែ លោក​ជា​មេដឹកនាំ​ផ្តាច់ការ​ដែល​គិត​​ផលប្រយោជន៍​ជាតិជាធំ គឺ​ខុស​ពី​មេដឹកនាំ​ផ្តាច់ការ​នៅ​តាម​បណ្តា​ប្រទេស​អន់ថយ​ជាច្រើន ដែល​ក្តោបក្តាប់អំណាច​ ដើម្បី​យក​ទៅ​បម្រើ​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ក្រុមគ្រួសារ​របស់​ខ្លួន បក្ស​ពួក​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ