អានតួអត្ថបទ
អឺរ៉ុប-ថៃ

សហភាព​អឺរ៉ុប​ដាក់​កំហិត​ឱ្យ​ថៃ​ឈប់​​នេសាទ​ខុសច្បាប់

ថៃ​ប្រទេស​នាំ​ចេញ ​គ្រឿង​សមុទ្ទ​លំដាប់​លេខ​បី​លើ​ពិភពលោក​ ដែល​កំពុង​ជាប់​ចោទ​ពី​បទ​​រំលោភ​សិទ្ធិមនុស្ស​ក្នុង​​វិស័យ​នេសាទ ទំនង​ជា​អាច​ជាប់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​ពី​សំណាក់​សហភាព​អឺរ៉ុប។ ត្បិត​នៅ​ថ្ងៃ​អង្គារ​ទី ២១​មេសា​នេះ គណៈកម្មការ​អឺរ៉ុប បាន​​ព្រមាន​​ទុក​ពេល​ឱ្យ​ថៃ​៦​ខែ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់ បើ​ពុំ​នោះ​ទេ ថៃ​នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​។

ទូក​នេសាទ​ថៃ​ នៅ​ខេត្ត​ប៉ាតានី កម្មករ​ភាគ​ច្រើន​ជា​អន្តោប្រវេសន៍​ភូមា
ទូក​នេសាទ​ថៃ​ នៅ​ខេត្ត​ប៉ាតានី កម្មករ​ភាគ​ច្រើន​ជា​អន្តោប្រវេសន៍​ភូមា (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជា​ការ​ព្រមាន តែ​ថ្ងៃ​មុខ​ នឹង​មាន​ការ​បិទ​ទីផ្សារ​​អឺរ៉ុប​លែង​​​នាំ​ចូល​​ផលិតផល​នេសាទ ដូច​ជា​ត្រី​ឈាម និង​បង្គារ មក​ពី​​ប្រទេស​ថៃ​ទៀត​ទេ ប្រសិន​បើ​ថៃ​មិន​ចាត់​វិធានការ​​បញ្ឈប់​សកម្មភាព​នេសាទ​ខុស​ច្បាប់​ទេនោះ។ ទីផ្សារ​ដែល​ផ្តល់​ចំណូល​ដល់​ថៃ​ប្រមាណ​ជា​​​៦៤២​លាន​អឺរ៉ូ​ នៅ​ឆ្នាំ​២០១៤។ ក្រុង​បាងកក​ មាន​ពេល​៦​ខែ សម្រាប់​រៀប​ចំ​ផែនការ​កែ​ខ្លួន​ ​ដែល​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប ដោយ​ត្រូវ​យ៉ាង​ហោច​ណាស់​បង្កើត​​វិធានការ​ត្រួត​ពិនិត្យ​ តាម​ដាន​សកម្មភាព​នេសាទ ព្រោះ​អឺរ៉ុប​ធា្លប់​បាន​ពិភាក្សា​អំពី​ការ​នេសាទ​ខុសច្បាប់​ជាមួយ​ថៃ តាំង​ពី​ឆ្នាំ​២០១១​មក ប៉ុន្តែ​​រដ្ឋាភិបាល​គ្មាន​បញ្ចេញ​សកម្មភាព​អ្វី​ទាំង​អស់ ការ​នេសាទ​ប្រព្រឹត្តទៅ​ដោយ​ខុសច្បាប់​និង​យ៉ាង​សេរី។

 
ការដាក់​កំហិត​លើ​​ថៃ​នេះ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​​​​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ដូច​ជា​ អង្គការ​Oceana Pew WWF Environmental Justice Doundation។ សម្រាប់​អង្គការ​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​នេសាទ​ខុសច្បាប់ ថៃ​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង ​ ដោយ​ ប្រើ​កម្មករ​​ជា​ទាសករ វាយបង្ខំ​ ឱ្យ​ធ្វើ​ការជា​ទម្ងន់​ ធ្វើ​ទារុណកម្ម​​យ៉ាង​ឃោរឃៅ​ អមនុស្សធម៌​បំផុត។ ថ្មីៗ​នេះ​ថៃ​បាន​អនុម័តច្បាប់​​ការពារ​សិទ្ធិ​កម្មករ​នេសាទ ប៉ុន្តែ​ការ​អនុវត្តន៍​ច្បាប់​ក្នុង​ស្ថានភាព​ជាក់​ស្តែង​ជា​រឿង​ផ្សេង។

ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​នេះ អឺរ៉ុប​បាន​បិទ​ទីផ្សារ​​របស់​ខ្លួន​តាំង​ពី​ខែ​មីនា ២០១៤​មក មិន​ឱ្យ​មាន​ការ​នាំ​ចូល​ផល​នេសាទ​មក​ពី​ប្រទេស​កម្ពុជា ហ្គីណេ និង​ស្រីលង្កា​ទេ ហើយ​ក៏​ហាមឃាត់​នាវានេសាទ​អឺរ៉ុប​មិន​ឱ្យ​ចូល​ក្នុង​ដែន​ទឹក​ប្រទេស​ទាំង​នោះ​ដែរ។ អឺរ៉ុប​បាន​ចាត់​វិធានការ​​ដូច​គ្នា​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូងនៅ​ឆ្នាំ​២០១៣ និង​ហ្វីលីពីន​នៅ​ឆ្នាំ​២០១៤។ តែ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ខិត​ខំ​ធ្វើ​កំណែទម្រង់​សម​ស្រប​ បំពាក់​ការ​តាមដាន​ការ​នេសាទ​ខុសច្បាប់​ អឺរ៉ុប​ក៏​បាន​លុប​ចោល​ការ​ព្រមាន​វិញ។ ​សហភាព​អឺរ៉ុប​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​រក្សា​ធនធាន​ធម្មជាតិ​មច្ឆា​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ