អានតួអត្ថបទ
ហ្វីលីពីន-នយោបាយ

ហ្វីលីពីន ៖ ប្រធានាធិបតីឈ្នះ​ឆ្នោត​ថ្មី​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ

លោក រ៉ូដ្រីហ្កូ ឌុយទែរតេ Rodrigo Duterte បាន​ជាប់​ឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ហ្វីលីពីន​ហើយ ! គូប្រជែង​ទាំង​អស់​បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​រៀង​ៗ​ខ្លួន និង​អបអរ​ជ័យ​ជំនះ​របស់ របស់​លោក ឌុយទែរតេ ជា​ប្រធានាធិបតី​ថ្មី។​ អនាគត​ប្រធានាធិបតី​ថ្មី ដែល​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី ៣០​មិថុនា បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ អំពី​ចេតនា​ចង់​សើរើ​មើល​ការ​រៀប​ចំ​ប្រទេស​ឱ្យ​ដល់​ឬសគល់ ពោល​គឺ​ចង់​ប្តូរ​រដ្ឋធម្មនុញ្ញ​​តែ​ម្តង។

លោក Rodrigo Duterte អនាគត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី
លោក Rodrigo Duterte អនាគត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ថ្ងៃទី ២៨​ មីនា ១៩៤៥ លោក រ៉ូដ្រីហ្កូ ឌុយទែរតេ Rodrigo Duterte គឺ​ជា​មេធាវី ជា​អ្នក​នយោបាយ​ហ្វីលីពីន​ម្នាក់ ដែល​ចាប់​ផ្តើម​លេច​ឈ្មោះ បោះ​សំឡេងនៅឆ្នាំ​១៩៨៨ ​ពេល​បាន​ក្លាយ​ជា​អភិបាលក្រុង Davao ក្រុង​ធំ​ទីបួន​របស់​ហ្វីលីពីន។   លោកត្រូវ​បាន​គេ​ចាត់ទុក​ជា​ចៅហ្វាយក្រុង​ យូរ​ជាង​គេ ដោយ​បាន​កាន់​កាប់​តួនាទី​ចំនួន ៧ អាណត្តិ​ ពោល​គឺ​ជាង​២២​ឆ្នាំ។ 

មានប្រជាប្រិយភាព​ខ្លាំង នៅថ្នាក់​តំបន់ ដោយ​សារ​តែ​នយោបាយ​មិន​អនុគ្រោះ​សោះ​ដល់​ពួក​ឧក្រិដ្ឋជន រហូត​ដល់​​ទស្សនាវដ្តី​ Time បាន​ប្រសិទ្ធិនាម​ថា អ្នក​ផ្តន្ទាទោស។ ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ ក្រុង​Davao ដែល​ល្បី​ឈ្មោះ​ក្នុង​​អតីតកាល​ជា​ក្រុង​ឧក្រិដ្ឋកម្ម​ បាន​ក្លាយ​ជា​ក្រុង​​ដ៏​មាន​សុវត្ថិភាព​ជាង​គេ​បំផុត​ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ នេះ​បើ​តាមការ​ពិព័ណនា​របស់​ភ្នាក់ងារ​ទេសចរណ៍​​ផ្សេងៗ។

 
លោក ធ្លាប់​បាន​ឈរ​ឈ្មោះ​ជាបេក្ខជន​​ប្រធានាធិបតី​ ចំនួន​៧​ដង​​រួចមក​ហើយ។ គឺ​ទើប​តែ​នៅ​លើក​នេះ​ប៉ុណ្ណោះ ដែល Rodrigo Duterte ​បាន​ទទួល​ជ័យ​ជំនះ និងក្លាយ​ជា​​​ប្រធានាធិបតីហ្វីលីពីន​ដំបូង​គេ ដែល​គ្មាន​ត្រកូល និង​ក្រុម​គ្រួសារ ខ្សែ​រយៈ​​ជា​អ្នកធ្លាប់​​គ្រប់​គ្រង​អំណាច​ នៅ​ក្នុង​ប្រទេស​។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​ផ្តាច់ការ ម៉ាកូស និង​ថ្វី​បើ​ស្ថិត​នៅ​ក្នុង​គន្លង​លទ្ធិប្រជាធិបតេយ្យ​ ជ្រើសរើស​ថ្នាក់​ដឹកនាំ​តាម​រយៈ​ការ​បោះឆ្នោតដោយ​សេរី​ក្តី ក៏​ឈ្មោះ​ប្រធានាធិបតី​និង​ថ្នាក់​ដឹកនាំ​ មាន​​ត្រកូល​ដដែលៗ​ សឹង​ជា​រាជ្យវង្ស​តែ​មួយ ជា​បក្ស​ពួក​តែ​មួយ។ លោក Mar Roxas នៃ​បក្ស​កាន់​អំណាច​ផុត​អាណត្តិ ដែល​​​​ស្ថិត​នៅ​លំដាប់​ទីពីរ ដោយ​បាន​ទទួលសំឡេង​គាំទ្រតិច​ជាង​លោក ឌុយទែរតេ ជិត​ពីរ​ដងនោះ ក៏មាន​ជីតា​ធ្លាប់​ជា​ប្រធានាធិបតី​​ហ្វីលីពីន​ ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរភ្លាម​ដែរ។

​ប្តូរ​រដ្ឋធម្មនុញ្ញ

ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត លោក ឌុយទែរតេ មាន​អាទិភាព​ធំ​សំខាន់​ពីរ ៖ ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ លុប​បំបាត់​អំពើ​ពុករលួយ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ​វិសមភាព​សង្គម។
ជា​មួយ​នឹង​ប្រធានាធិបតី​ថ្មី ហ្វីលីពីន​ទំនង​ជា​នឹង​ត្រូវ​ភ្លេច ពាក្យ​ថា “សិទ្ធិមនុស្ស” ព្រោះ​លោក​ឌុយទែរតេ បាន​សន្យា​និង​គំរាម​សម្លាប់​តែ​ម្តង​ ប្រសិន​បើ​រឹង​ទទឹង​ មិន​គោរព​ច្បាប់​ សូម្បី​តែ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក៏​ត្រូវ​ទទួល​ទោស​បែប​នេះ​ដូចគ្នា។

នៅ​ថ្ងៃ​អង្គារ​នេះ​ទៀត លោក ឌុយទែរតេ បាន​ប្រកាស​ចេតនា​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ ដោយ​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ បែប​ប្រធានាធិបតី​និយម​ (ដូច​នៅ​សហរដ្ឋ​អាមេរិក) ទៅ​ជា​ប្រព័ន្ធ​​ដឹកនាំ​អាស្រ័យ​សភា នៃ​រដ្ឋ​សហព័ន្ធ​វិមជ្ឈការ មិន​មែន​រដ្ឋ​ឯកភាព​តែ​មួយ​ដូចពេល​នេះឡើយ។ ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​អំណាច​ច្រើន​ដល់​​ថ្នាក់​​ខេត្ត។

ការ​សើរើ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ វា​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ប្រសាសន៍របស់ ឌុយទែរតេ ដែល​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​អំណាច-ឥស្សរជន​​ជាន់​ខ្ពស់​មួយ​ក្តាប់​តូច និង​ដើម្បី​មួយ​ក្រុម​តូច​មាន​អំណាច​​ជ្រុល​ពេក នៅក្រុង​ម៉ានីល។

ស្តីអំពី​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង រដ្ឋាភិបាល​របស់លោក ឌុយទែរតេ នឹង​បន្ត​ធ្វើ​ការ​ចរចា​ពហុភាគី​ ដើម្បី​ដោះស្រាយវិបត្តិ​ជាមួយ​ចិន ដោយ​រាប់​បញ្ចូល​ជប៉ុន​ អូស្ត្រាលី និង​អាមេរិក​ផង ថា​ជា​ភាគី​សំខាន់​របស់​តំបន់​ដែរ។ ប៉ុន្តែ​ខាង​ផ្នែក​សេដ្ឋកិច្ច​ គេ​ដូច​ជា​មិន​សូវ​ឃើញ​មាន​កម្មវិធី​​អ្វី​ច្បាស់​លាស់​ដើម្បី​ជំរុញ​​ និង​ភ្ជោច​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​ក្នុង​លំដាប់​៦%​ទេ។

ចង់​ប្តូរ​ផ្លាស់ជាង​គិត​ដល់​របប​ផ្តាច់ការ

​​តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​មក​ គ្រប់​គ្នា​សុទ្ធ​តែ​បាន​លើក​ឡើងអំពី​ហានិភ័យ​នៃ​ការ​វិល​ត្រលប់​ទៅ​រក​​របប​ផ្តាច់ការ​នៅ​ហ្វីលីពីន។ លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ អាគីណូ បាន​ស្នើ​ឱ្យ​បេក្ខជន​ផ្សេងៗ ចង​សម្ព័ន្ធ​ជា​ធ្លុង​មួយ ​ដើម្បី​ធ្វើ​ជា​រនាំង​ទប់​ស្កាត់​លោក ឌុយទែរតេ។

ក្រុម​អ្នក​ប្រឆាំងប្រឹងធ្វើ​​គ្រប់​យ៉ាង​ និង​បាន​ព្រមាន​អំពី​គ្រោះ​ត្រលប់​ទៅ​រក​របប​ផ្តាច់ការ​បែប​​ថ្មី​ឡើង​វិញ​នៅហ្វីលីពីន ប៉ុន្តែ​ពាក្យ​គំរាម​អស់នេះ គ្មាន​ន័យ និង​មិន​អាច​ហាមឃាត់​ពលរដ្ឋ​ហ្វីលីពីន​ដែល​សេចក្តី​ស្រេក​ឃ្លាន​​ខ្លាំង​ចង់​បានការ​ប្តូរផ្លាស់នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត ថ្វី​ត្បិត​តែ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ បេក្ខជន​ឌុយទែរតេ បាន​ប្រើ​ពាក្យ​សំឡុត​គំរាម ព្រមាន​បិទ​សភា​មែន តែ​នៅ​ថ្ងៃ​នេះ​នៅ​ពេល​ប្រកាស​ជ័យជំនះ លោក បាន​លា​ដៃ​ទៅ​រក​បក្ស​ប្រឆាំង រក​ការ​ផ្សះផ្សា​ជាតិ​ឱ្យ​បាន​ជា​សះស្បើយ​​ គឺ​មិន​ឱ្យ​ត្រលប់​ទៅ​រក​​គ្រោះភ័យ​ មហន្តរាយ​កើត​មាន​ដល់​ប្រទេស​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ