អានតួអត្ថបទ
ថៃ

ភេរវកម្មនៅថៃ៖​ឃុំមនុស្ស​ចំនួន ១៥នាក់ តែ​អាថ៌កំបាំង​នៅ​បន្តមាន

នៅ​ក្នុង​ប្រទេស​ថៃ កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨​សីហា​នេះ​ថា មាន​មនុស្ស​សង្ស័យ​ចំនួន ១៥នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ស្តីពី​អំពើភេរវកម្ម​ជា​ច្រើន​កន្លែង​កាល​ពី​ថ្ងៃទី១១ និង​ថ្ងៃ​ទី១២ សីហា​កន្លង​ទៅ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជនសង្ស័យ​ឃុំខ្លួន​ទាំង ១៥នាក់​នោះ​មាន​អត្តសញ្ញាណ​អ្វី​ខ្លះ​ទេ ហើយ​មក​ដល់​ថ្ងៃ​នេះ ក៏​នៅ​មិន​ទាន់​មាន​ជន និង​ចលនា​ណា​មួយ​ចេញ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ឡើយ។

នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា
នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា Reuters
ផ្សាយពាណិជ្ជកម្ម

ពី​ដំបូង រដ្ឋអំណាច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ១៧នាក់ តែ​បាន​សម្រេច​ដោះលែង​ចំនួន ២នាក់​វិញ នេះ​ជា​ការ​ប្រកាស​របស់​អ្នកតំណាង​របបសឹកលោក​វរសេនីយ៍ឯក​ប៊ូរិន តុងប្រាប៉ៃ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៨​សីហា។ ក៏​ប៉ុន្តែ អ្នកតំណាង​របបសឹក​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ជនសង្ស័យ​ឃុំខ្លួន​ទាំង ១៥នាក់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អ្វី​ខ្លះ មាន​អត្តសញ្ញាណ​យ៉ាង​ម៉េច និង​ត្រូវ​ឃុំខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែរ។

នៅ​ក្នុង​ប្រទេស​ថៃ កងទ័ព​មាន​សិទ្ធិ​ឃុំខ្លួន​ជនសង្ស័យ​រហូត​ដល់ ៧ថ្ងៃ​ដើម្បី​សួរ​ចម្លើយ មុន​នឹង​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ចោទ​សួរ​ជា​បន្ត​ទៀត។ ករណី​ជនសង្ស័យ​ទាំង ១៥រូប​នឹង​ត្រូវ​កងទ័ព​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​នៅ​ថ្ងៃ​សុក្រ ទី១៩ សីហា។ សូម​រម្លឹក​ជូន​ថា​កាល​ពី​ថ្ងៃទី១១ និង​ថ្ងៃទី១២ សីហា​កន្លង​ទៅ មាន​គ្រាប់បែក​ឆ្នៃ​ចំនួន ១១គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្ទុះ​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​ប៉ែក​ខាង​ត្បូង ពិសេស​តំបន់​ទេសចរណ៍​មាត់​សមុទ្រ​ចំនួន​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៤នាក់ និង​របួស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរណ៍​បរទេស​ចំនួន ១០នាក់។

មួយ​សប្តាហ៍​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​នោះ​មក គ្មាន​ព័ត៌មាន​លំអិត​ណា​មួយ​បាន​បែកធ្លាយ​ពី​ការ​ស៊ើបអង្កេត ហើយ​ក៏​នៅ​មិន​ទាន់​មាន​ជន ឬ​ចលនា​ណា​មួយ​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ដែរ។ ចំណែក​ប៉ូលិស​បាន​បដិសេធ​មិន​ទម្លាក់​ការ​សង្ស័យ​លើ​ជន ឬ​ក្រុម​ណា​មួយ​ទេ។ តែ​របបសឹក​បាន​ផ្តោត​លើ​វិច្ឆេទកម្ម​ក្នុង​ស្រុក​រៀបចំ​ដោយ​ក្រុមប្រឆាំង​ជា​ជាង​ដោយ​ក្រុម​ភេរវជន​បរទេស។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកឯកទេស​បាន​លើក​ឡើង​ថា អាច​ជា​ស្នាដៃ​របស់​ពួក​ប្រឆាំង​ដែល​គេ​ស្គាល់​ជា​ពួក​អាវក្រហម​ដើម្បី​សងសឹក ឬ​មួយ​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង។

យ៉ាង​ណា​ក៏​ដោយ គណបក្សប្រឆាំង​តាម​រយៈ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់​បាន​ចេញ​មុខ​ទាត់ចោល​ការ​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​នៅ​ក្នុង​អំពើភេរវកម្ម​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ