អានតួអត្ថបទ
ជប៉ុន

ព្រះចៅអធិរាជ​ជប៉ុន​អាច​​ដាក់​រាជ្យសម្បត្តិ​

សភា​ជាន់​ខ្ពស់​របស់​ជប៉ុន នៅថ្ងៃ​សុក្រ​ទី ៩​មិថុនា ២០១៧ ​បាន​បោះឆ្នោត​អនុម័ត ច្បាប់​ពិសេស​ថ្មី​មួយ ដែល​នឹង​អនុញ្ញាត​ បើក​ផ្លូវ​ឲ្យ​ព្រះចៅអធិរាជ​ជប៉ុន អាគីហ៊ីតូ ដាក់​​រាជសម្បត្តិ។ ការដាក់​រាជ្យ​សម្បត្តិ​ដែល​មាន​ជាលើក​ទី ១ នៅ​ជប៉ុន ក្នុង​រយៈពេល ២០០​ឆ្នាំ​ចុងក្រោយនេះ។ ក្នុង​ព្រះជន្ម ៨៣ ព្រះវស្សា ព្រះចៅអធិរាជ ​អាគីហ៊ីតូ ធ្លាប់​បាន​លើកឡើងថា ពីបញ្ហា​​​សុខភាព ហើយ​និង​ព្រះជន្ម​ច្រើន ​ធ្វើ​ឲ្យ​ព្រះអង្គ​ពិបាក​នឹង​អនុវត្ត​រាជកិច្ច ក្នុង​នាម​អធិរាជ ដែល​ជា​និមិត្តរូប​ជាតិ និង​ការរួបរួម​របស់​ប្រជាជន។

ព្រះចៅអធិរាជ​អាគីហ៊ីតូ និង​រាជបុត្រ​ស្នងរាជ្យ​ (កណ្តាល)
ព្រះចៅអធិរាជ​អាគីហ៊ីតូ និង​រាជបុត្រ​ស្នងរាជ្យ​ (កណ្តាល)
ផ្សាយពាណិជ្ជកម្ម

អំណើះ​តទៅ ព្រះចៅអធិរាជ​ជប៉ុន អាគីហ៊ីតូ អាច​ដាក់​រាជសម្បត្តិ​បាន​ហើយ។ នៅថ្ងៃ​សុក្រនេះ សភា​ជប៉ុន​បាន​បោះឆ្នោត អនុម័ត​ច្បាប់​ពិសេសថ្មី​មួយ ​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល សម្រាប់​ការដាក់រាជ្យ​សម្បត្តិ​របស់​ព្រះចៅ​អាគីហ៊ីតូ។ តាម​រដ្ឋាភិបាល ច្បាប់​នេះ​នឹង​អនុវត្ត​តែ​ទៅលើ​អធិរាជ​អាគីហ៊ីតូ​តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ គឺ​មិន​មាន​ចែង​ដល់​អនាគត​អធិរាជ​ជប៉ុននោះឡើយ។

 
​​ព្រះចៅអធិរាជ​អាគីហ៊ីតូ​ដែល​មាន​ព្រះជន្ម ៨៣​ព្រះវស្សា កាលពី​ខែ​សីហា​ឆ្នាំ​មុន​បាន​បង្កើត​​ឲ្យ​មាន​ការភ្ញាក់ផ្អើល បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថា ព្រះអង្គ​បារម្ភ​ខ្លាច​មិន​អាច​បំពេញ​សព្វគ្រប់ ព្រះរាជកិច្ច ដោយសារ​តែ​ព្រះជន្ម​ និង​សុខភាព​របស់​ព្រះអង្គ។​ សារនេះ​ធ្វើ​ឲ្យ​គេ​យល់​ថា ព្រះអង្គ​ចង់​ដាក់​រាជ្យ​សម្បត្តិ។ ព្រះអង្គ អាគីហ៊ីតូ មិនអាច​ថ្លែង​ពាក្យ​ដាក់រាជ្យ ​ដោយ​ព្រះអង្គ​ផ្ទាល់ទេ ព្រោះ​ថា ធ្វើដូច្នេះ គឺ​ព្រះអង្គ​នឹង​ត្រូវ​គេ​ចោទ​ថា ធ្វើ​នយោបាយ​ដែល​ហាមឃាត់​ ដាច់ខាត​ដោយ​រដ្ឋធម្មនុញ្ញ។​​

​ព្រះចៅអធិរាជ​អាគីហ៊ីតូ ​ចូល​ស្នង​រាជ្យ​សម្បត្តិ នៅ​ឆ្នាំ ១៩៨៩ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ ព្រះចៅ​អធិរាជ ហ៊ីរូហ៊ីតូ សោយទីវង្គត។ យោងតាម​ច្បាប់​ពិសេស​ថ្មី ព្រះរាជបុត្រ​ណារុហ៊ីតូ​នឹង​​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះចៅអាគីហ៊ីតូ។

ច្បាប់ថ្មី​​នេះ​មិន​បាន​កំណត់​ច្បាស់​ពី​កាលបរិច្ឆេទ​ ថ្ងៃ​ដាក់រាជ្យ​សម្បត្តិ​របស់​ព្រះចៅ​អធិរាជ​អាគីហ៊ីតូ​។ នៅក្នុង​ច្បាប់ គេគ្រាន់តែ​សរសេរ​ថា ថ្ងៃ​ឡើង​គ្រងរាជ្យសម្បត្តិ នៅធ្វើឡើង​នៅក្រោយ​ការដាក់រាជ្យ នៅក្នុង​រយៈពេល​៣​ឆ្នាំ ខាងមុខ នៅក្រោយ​ច្បាប់​នេះ​​ចូល​ជា​ធរមាន។ កាសែត​ជប៉ុន​បាន​សរសេរ​ថា បើសិន​អ្វីៗ​ប្រព្រឹត្ត​ទៅតាម​ការព្រាងទុក ព្រះចៅ​អាគីហ៊ីតូ​នឹង​អាច​ដាក់​រាជ្យសម្បត្តិ​នៅ​ចុងឆ្នាំ ២០១៨ ហើយ​ព្រះរាជបុត្រ​ណារុហ៊ីតូ​នឹង​ឡើង​គ្រងរាជ្យ​នៅ​ដើម​ឆ្នាំ ២០១៩។​

ទៅតាម​រដ្ឋធម្មនុញ្ញ​ជប៉ុន សរសេរ​ឡើង​ដោយ​អាមេរិក ដែល​វាយឈ្នះ​លើ​​ជប៉ុន​ នៅ​សង្រ្គាម​លោក​លើក​ទី ២ ព្រះចៅអធិរាជ​ជប៉ុន​ បាន​បាត់បង់​អំណាច​លើសលុប មកនៅ​​​ត្រឹម​ជា​ព្រះមហាក្សត្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ។ ប៉ុន្តែ ព្រះចៅ​អធិរាជ​អាគីហ៊ីតូ​ ឧស្សាហ៍ រើ បម្រះពី​​​ចំណង ដោយ​បានបញ្ចេញ​យោបល់​របស់ព្រះអង្គ​ស្តីពី​គ្រោះថ្នាក់​នៃ​គំនិត​ជាតិ​និយម នៅ​ជប៉ុន។ អ្នកជំនាញជាច្រើន​មើលឃើញថា អធិរាជ​ជប៉ុន​​កំពុងសំដៅ​​រិះគន់​ ដោយ​មិនផ្ទាល់ ជំហរ​ជាតិ​និយម​របស់​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ ដែល​​កំពុង​ទាមទារ​ឲ្យ​​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិនិយម ដើម្បីបង្កើនឡើងវិញ ​អំណាច​​យោធា​ជប៉ុន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ