រដ្ឋមន្ត្រីការពារជាតិបារាំងទៅឥណ្ឌា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកស្រី ផ្លរ៉ង់ ប៉ារលី Florance Parly កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌាតាំងពីថ្ងៃព្រហស្បតិ៍មក។ កម្មវត្ថុ គឺដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប៉ារីស និងញូវដាលី ជំរុញការចរចាលក់យន្តហោះចម្បាំងរ៉ាហ្វាល់ថ្មីបន្ថែមទៀតផង និងដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥២
ឥណ្ឌាជាដៃគូចាំបាច់របស់អាមេរិក ឥណ្ឌាមានចំណងអតីតកាលជាមួយរុស្ស៊ី តែឥណ្ឌាក៏ត្រូវការមានជម្រើសដៃគូសហប្រតិបត្តិការទ្វេភាគីច្រើនផ្សេងទៀត ហើយបារាំងជាបេក្ខជនដ៏សក្តិសម ! ដែលឥណ្ឌា ក៏មិនចង់មើលរំលងដែរ ព្រោះបារាំងជាប្រទេសដៃគូឱ្យទុកចិត្ត និងមានបច្ចេកវិទ្យាខ្ពស់ គួរជាទីពេញចិត្ត។ កិច្ចសហប្រតិបត្តិការទ្វេភាគីបារាំង-ឥណ្ឌា មានដំណើរការល្អណាស់ ទាំងខាងវិស័យសន្តិសុខ សព្វាវុធ និង ស៊ីវិល។ នេះបើតាមប្រភពស្និទ្ធនឹងលោកស្រីរដ្ឋមន្ត្រី។
បន្ទាប់ពីជំនួបជាមួយសមភាគីឥណ្ឌានៅថ្ងៃសុក្រនេះ លោកស្រីត្រូវចូលជួប លោកនាយករដ្ឋមន្ត្រី ម៉ូឌី និងទីប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងតំបន់ ដូចជាបញ្ហាចិន កូរ៉េខាងជើង អាហ្វហ្កានិស្ថាន ប៉ាគីស្ថាន ...
នាឱកាសនេះ លោកស្រីរដ្ឋមន្ត្រី ក៏ត្រូវធ្វើជាអធិបតីបើកសម្ពោធសំណង់រោងចក្រផលិតយន្តហោះរបស់សហក្រុមហ៊ុនបារាំង Dassault Aviation និងឥណ្ឌា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបារាំង-ឥណ្ឌា ចែករំលែកបច្ចេកវិទ្យានិងវិនិយោគ កាលពីឆ្នាំ២០១៦ ដែលបានឈានដល់ការទិញលក់យន្តហោះរាហ្វាល់៣៦គ្រឿង។ យន្តហោះចម្បាំងនេះ៣៦នេះ នឹងត្រូវប្រគល់ឱ្យឥណ្ឌានៅរវាងចុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។
ក្រៅអំពីការលក់យន្តហោះចម្បាំង ប្រតិភូអមដំណើរលោកស្រីរដ្ឋមន្ត្រី កំពុងសំលឹងឃើញទីផ្សារថ្មីមួយទៀត។ ឥណ្ឌា អតិថិជនដ៏មានសក្តានុពលផ្នែកឧស្សាហកម្មសព្វាវុធ កំពុងត្រូវការខ្លាំងដែរ គឺការធ្វើទំនើបកម្មកងទ័ពជើងទឹក ដូចជាការបំពាក់នាវាផ្ទុកយន្តហោះ ឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុនផលិតនាវាចម្បាំងបារាំង ដែលធ្លាប់បានលក់នាវាមុជទឹកឱ្យឥណ្ឌាកាលពីឆ្នាំ២០០៥ សម័យឥណ្ឌាមិនទាន់ប្រកាន់យកនយោបាយ Made In India ក៏កំពុងចរចាធ្វើជាអ្នកផ្គត់ផ្គង់ផលិតនាវាចម្បាំង៦គ្រឿងបន្ថែមទៀត។
បន្ទាប់ពីប្រទេសឥណ្ឌា លោកស្រីរដ្ឋមន្ត្រីនឹងបន្តដំណើរទៅអេមីរ៉ាត់អារ៉ាបរួម ប្រទេសដែលបារាំងបញ្ចុះបញ្ចូល លក់យន្តហោះចម្បាំង ៦០គ្រឿង មិនទាន់បានសម្រេចសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ