សេអ៊ូល ចោទព្យុងយ៉ាង ថារំលោភលើបទឈប់បាញ់ ដោយសំអាងលើរូបភាពវីដេអូ
កងទ័ពកូរ៉េខាងត្បូងនិងអាមេរិក នៅថ្ងៃពុធទី២២វិច្ឆិកានេះ បានចោទប្រកាន់កូរ៉េខាងជើង ថាបានរំលោភលើបទឈប់បាញ់នៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលដែលទាហានកូរ៉េខាងជើងម្នាក់ បានរត់ឆ្លងព្រំដែនខណ្ឌចែកកូរ៉េទាំងពីរជាទីដែលមានកងទ័ពចំនួនដ៏សម្បើម។ រូបភាពវីឌីអូដែលផ្សព្វផ្សាយដោយទីក្រុងសេអ៊ូល បានបង្ហាញឲ្យដឹងថា ពួកទាហានកូរ៉េខាងជើង បានខិតខំព្យាយាមឃាត់ខ្លួនទាហានរត់ចោលជួរដើម្បីកុំអោយឆ្លងកាត់រូចខ្សែបន្ទាត់ក្រហម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
តាមរយៈវីដេអូរបស់ទីក្រុងសេអ៊ូល បង្ហាញឲ្យដឹងថាទាហានកូរ៉េខាងជើង មានសេចក្តីក្លាហានហួសប្រមាណនៅក្នុងការរត់គេចខ្លួនចេញពីកូរ៉េខាងជើង។ គេឃើញទាហានរត់ចោលជួរទ័ពកូរ៉េខាងជើងនេះ ឡើងជិះឡាន Jeep មួយគ្រឿងដោយបើកសំដៅយ៉ាងលឿនស្លេវ តម្រង់ទៅកាន់តំបន់ព្រំដែនដែលខណ្ឌចែកកូរ៉េទាំងពីរ។
នៅពេលបើកជិតទៅដល់គំនូសបន្ទាត់ព្រំដែននិងនៅសល់តែពីរឬ៣ម៉ែត្រប៉ុណ្ណោះ ស្រាប់តែឡានហ្ស៊ីបរបស់ទាហាននោះ បានបើកធ្លាក់ទៅក្នុងអូរមួយដែលជម្រុញឲ្យទាហាននេះរត់ចុះពីរថយន្តភ្លាម ដើម្បី ធ្វើការរត់គេចខ្លួនជាបន្តដោយថ្មើរជើងវិញម្តង ។ មិនតែប៉ុំណ្ណោះ ទាហានរូបនេះ វិះៗតែត្រូវសមមិត្តរបស់ ខ្លួន ចាប់បានទៀត។
ក្នុងពេលនោះហើយ ដែលកងទាហានកូរ៉េខាងជើង បានធ្វើការបាញ់រះស្ទើរតែនៅជិតគ្នាបំផុត ទៅលើកូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ មានទាហានរបស់កូរ៉េខាងជើងម្នាក់ បានសាកល្បងដេញតាមចាប់ ជនរត់គេចខ្លួន ដោយថែមទាំងបានឆ្លងកាត់ព្រំដែនមួយភ្លែតដែរ មុននឹងបកក្បាលត្រឡប់ចូលមកក្នុងទឹកដីកូរ៉េខាងជើងវិញ។ តាមរយៈវីដេអូរបស់សេអ៊ូលដដែល ទាហានរត់គេចខ្លួននោះ បន្ទាប់មក បានរត់ចូលទៅដល់ទឹកដីកូរ៉េខាងត្បូង តែខ្លួនប្រាណរបស់គេ ក៏ត្រូវទទួលរងគ្រាប់កាំភ្លើងចំនួន៥ គ្រាប់ដែរមុននឹងសន្លប់បាត់ស្មារតីនៅលើដីក្បែរជញ្ជាំងព្រំដែន។
កងទ័ពកូរ៉េខាងត្បូងចំនួន៣នាក់ បានសាកល្បងលូនវារដើម្បីចៀសវាងពីការបាញ់ជាយថាហេតុពីសំណាក់ទាហានកូរ៉េខាងជើង ដើម្បីធ្វើការរំដោះ យកទាហានកូរ៉េខាងជើងរងគ្រោះសន្លប់បាត់ស្មារតីនោះ ។ នៅទីបំផុត ពួកគេ បានសម្រេចនិងបានដឹកជម្លៀសទាហានរងគ្រោះនោះ សំដៅទៅកាន់មន្ទីរពេទ្យ។
ទន្ទឹមនេះ ទីបញ្ជាការយោធារបស់អ ស ប បានពិពណ៌នា នៅលើការបាញ់ប្រហារនិងការឆ្លងកាត់ព្រំដែនមួយរយៈពេលខ្លីរបស់ទាហានកូរ៉េខាងជើងនេះ ថាជាការរំលោភលើបទឈប់បាញ់ ហើយបានស្នើសុំឱ្យកូរ៉េខាងជើង ជួបប្រជុំមួយដើម្បីពិភាក្សាអំពីបញ្ហានេះ។
ចំណែកទាហានរត់ចោលជួរទ័ពរបស់ទីក្រុងព្យុងយ៉ាងវិញ ដែលទើបតែអាយុជាង២០ឆ្នាំប៉ុណ្ណោះ ត្រូវបានទទួលការវះកាត់ពីគ្រូពេទ្យកូរ៉េខាងត្បូងជាច្រើនសារ នៅមុនពេលគេបានដឹងខ្លួនឡើងវិញនាពេលថ្មីៗនេះ។ ម្យ៉ាងទៀត នៅខណៈពេល ធ្វើការវះកាត់ គ្រូពេទ្យកូរ៉េខាងត្បូង បានរកឃើញសត្វប៉ារ៉ាស៊ីតជាច្រើននៅក្នុងពោះវៀនរបស់ទាហានកូរ៉េខាងជើងនោះ ដែលជាសញ្ញាមួយបញ្ជាក់ឲ្យដឹងពីស្ថានភាពរស់នៅដ៏លំបាកលំបិនរបស់ទាហានកូរ៉េខាងជើងដែរ។ ក៏ប៉ុន្តែហេតុផលនៃការរត់គេចខ្លួនរបស់ទាហានកូរ៉េខាងជើងនោះ គេក៏នៅពុំទាន់ដឹងនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ