ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ព្យុងយ៉ាង​ចង់ត្រលប់​ទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​វិញ

media  
កូរ៉េខាងជើង​គ្រោង​នឹង​អភិវឌ្ឍ​កម្មវិធី​​​នុយក្លេអ៊ែរ​វិញ បើ​គ្មាន​ការ​ដក​ទណ្ឌកម្ម © Reuters

តើ​កូរ៉េខាង​ជើង​កំពុង​ចង់​លេង​ល្បែង​អ្វី ? កូរ៉េខាងជើង​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ចុង​សប្តាហ៍​នេះ ក្នុង​អត្ថន័យ​បែប​គំរាម​​ថា ព្យុងយ៉ាង​កំពុង​ពិចារណា​ដោយ​ហ្មត់ចត់ ចង់​វិល​ទៅប្រកាន់​យក​នយោបាយ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ជាយុទ្ធ​សាស្ត្រ​របស់​ខ្លួន​វិញ​ហើយ ប្រសិន​បើ​​​ទណ្ឌកម្មសេដ្ឋកិច្ចដាក់​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​​មិន​ត្រូវ​បាន​លើកចេញ​ខ្លះ​ទេ​នោះ។

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ ​ព្យុងយ៉ាង​បាន​ប្រកាន់​យក​នយោបាយ​ “Byungjin” ​គឺ​នយោបាយ​អភិវឌ្ឍ“ព្រម​គ្នា”​ វិស័យ​នុយក្លេអ៊ែរ និង​សេដ្ឋកិច្ច។ ​នៅ​ខែ​មេសា​២០១៨ លោក គីម ជុងអ៊ុន​ ប្រមុខ​ដឹកនាំ​វ័យ​ក្មេង​កូរ៉េខាង​ជើង បាន​ប្រកាស​បិទ​បញ្ចប់​សកម្មភាព​ស្វែង​រក​អាវុធ​នុយក្លេអ៊ែរ​ និង​ផ្តុំ​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ឈរ​លើ​នយោបាយ​ស្ថាបនា​សេដ្ឋកិច្ច​បែប​សង្គមនិយម។ ឧបទ្វីប​កូរ៉េ​នឹង​បាន​ស្គាល់​ភាពស្រាកស្រាន្ត​និង​សន្តិភាព។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេសកូរ៉េខាងជើង​ ចុះ​ថ្ងៃ​សុក្រ​ទី ២​វិច្ឆិកា ប្រសិន​បើ​អាមេរិក​មិនព្រម​ប្តូរ​ជំហរ​ទាក់ទង​នឹង​ការ​​ដក​ទណ្ឌកម្ម​​ចេញ​ពី​កូរ៉េខាង​ជើង​ទេ ព្យុងយ៉ាង​ទំនង​ជា​នឹង​អាចប្តូរ​ផ្លាស់​នយោបាយ ដោយ​​វិល​មក​រក​គន្លង​ Byungjin វិញ​ហើយ។ ពេល​នេះ​កូរ៉េខាង​ជើង​កំពុង​រង់ចាំ​ចម្លើយ​​ពី​សហរដ្ឋ​អាមេរិក ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

កូរ៉េខាង​ជើង ដែល​ជាប់​ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​អាមេរិក បន្ថែម​ពី​​​ទណ្ឌកម្ម​ជា​ច្រើន​របស់​អង្គការ​សហប្រជាជាតិ​​ពី​បទ​បាន​សាកល្បង​កម្មវិធីនុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទិក ហាក់​អស់​អំណត់​នឹង​អាមេរិក​កាន់​តែ​ខ្លាំងឡើងៗ។ ព្យុងយ៉ាង​បាន​បរិហារ​​ អាមេរិក​ថាតាំង​ខ្លួន​​​ជា​បង​ធំ បង្ខំ​ឱ្យ​កូរ៉េខាង​ជើង​រំសាយ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ តែ​​គ្មានផ្តល់​សម្បទាន​វិញតប​មក​វិញ​បន្តិច​សោះ។ កាលពី​ខែ​មុន សារព័ត៌មាន​ផ្លូវការ​ព្យុងយ៉ាង​​ បាន​ចោទ​ប្រកាន់​វ៉ាស៊ីនតោន​ថា​លេង​ល្បែង​មុខ​ពីរ និង​បាន​រិះគន់ដោយ​ប្រយោល​លោក​ដូណាល់ ត្រាំ ​ដែលអះអាង​ថា​សេអ៊ូល​មិន​អាច​លើក​ទណ្ឌកម្ម​ចេញ​ពី​កូរ៉េខាង​ជើង​ដោយ​គ្មាន​ការ​អនុញ្ញត​ពី​អាមេរិក​ទេ។

អាមេរិក​និង​កូរ៉េខាងត្បូង មាន​​​ជំហរ​ខ្វែង​គ្នា​ស្តី​ពី​ការ​ដក​ទណ្ឌកម្ម​កូរ៉េខាង​ជើង​។ ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក ម៉ូន ចែអ៊ីន ចង់​លើក​ទឹក​ចិត្ត​ព្យុងយ៉ាងក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹងការ​​វិនិយោគ​និងគម្រោង​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន។​ តែ​សហរដ្ឋ​អាមេរិក​ យល់​ថា​ទណ្ឌកម្ម​និងទំនាក់ទំនង​ល្អ​ប្រសើរ​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា ! និង​ ​បាន​បដិសេធ​ដាច់​ខាត​មិន​បន្ធូរបន្ថយ​ទណ្ឌកម្ម​ឡើយ ដរាប​ណា​កូរ៉េខាង​ជើង​​​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ចប់​ទាំង​ស្រុង និង​អាច​ផ្ទៀង​ផ្ទាត់​បាន​ទេ​នោះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ