ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT
អាស៊ី

ភាពរន្ធត់​នៅហុងកុង នៅក្រោយ​ការប៉ះទង្គិច​ដ៏ហិង្សា រវាង​ប៉ូលិស និង​បាតុករ ប្រឆាំង​ច្បាប់ធ្វើ​បត្យាប័ន

media បាតុកម្ម​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​ដីគោក​បាន​ប្រែក្លាយ​ជា​ការប្រឈមមុខ​គ្នា​ដ៏ហិង្សា និង​ធ្វើ​ឲ្យ​មនុស្ស​របួស ច្រើនជាង ៧០នាក់ នៅថ្ងៃពុធទី ១២មិថុនា ២០១៩ នៅទី ហុងកុង ©REUTERS/Athit Perawongmetha

ក្រោយពី​ត្រូវ​វាយបំបែក នៅយប់​ថ្ងៃ​ពុធទី ១២​មិថុនា ២០១៩ ក្រុមបាតុក​ហុងកុង រាប់ពាន់​នាក់ ដែល​មាន​ការចូលរួម​ពី​សិស្ស​សាលា​ផងដែរ បាន​ត្រលប់​ទៅ ប្រមូលផ្តុំ​គ្នា​សាជាថ្មី  នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ នៅជុំវិញ​អគារ​រដ្ឋសភា ដើម្បី បន្ត​ប្រឆាំង​នឹង​ច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន បញ្ជូន​ជនសង្ស័យ​ពីហុងកុង ទៅ​កាន់ប្រទេស​ចិន ដីគោក។

 

អាជ្ញាធរ​ហុងកុង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​សម្រេច​បន្ត បិទ​អគា​រដ្ឋាភិបាល នៅក្នុង​សង្កាត់​ជំនួញ​ដែល​កើតមាន​ការប៉ះទង្គិច កាលពី​ថ្ងៃ​ពុធ។ កងកម្លាំង​ពិសេស ប្រឆាំង​កុប្បកម្ម ត្រូវ​បាន​ដាក់​ពង្រាយ យ៉ាង​សម្បើម នៅ​ជុំវិញ​អគាររដ្ឋាភិបាល ជាទី ដែល ក្រុមបាតុករ ហើយ​និង​ប៉ូលិស រក្សា​សណ្តាប់ធ្នាប់ បាន​ប៉ះទង្គិចគ្នា​យ៉ាង​ហិង្សា កាលពី​យប់​ថ្ងៃ​ពុធ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ៧០​នាក់​របួស និង​ក្នុងនោះ ២នាក់ រងរបួស​ធ្ងន់។ រងរន្ធត់​នឹង​ហេតុការណ៍ កាលពី​យប់​ថ្ងៃ​ពុធ លោកស្រី ការី ឡាំ ប្រមុខ​ដឹកនាំ​ហុងកុង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ចេញមុខ រិះគន់ ក្រុមបាតុករ ដែល​លោកស្រី​ចោទថា បាន​រៀបចំ​ធ្វើ​កុប្បកម្ម​ដ៏ហិង្សា​កាលពី​ថ្ងៃ​ពុធ។

ប្រសាសន៍​របស់​លោកស្រី ការី ឡាំ នៅទូរទស្សន៍​ហុងកុង នៅ​ថ្ងៃព្រហស្បតិ៍ ប្រែសម្រួល​ដោយ​ឈាង បុប្ផា

ប្រសាសន៍​របស់លោកស្រី Carrie Lam ប្រុមុខ​ដឹកនាំ​ហុងកុង 13/06/2019 ស្តាប់

“ពេញមួយថ្ងៃ នៅជុំវិញ អគារដ្ឋសភា ទាំងអស់គ្នា​បាន​ឃើញ​រូបភាព​ដ៏ក្រៀមក្រំ។ សកម្មភាព​កុប្បកម្ម​ដែល​បាន​បំផ្លាញ​សង្គម​សន្តិភាព ដោយ​មិនរអែងខ្លាច​ច្បាប់ គឺ​ជារឿង​ដែល​គេ​មិនអាច​ទទួល​យកបាន នៅក្នុង​សង្គម​ស៊ីវិល័យ​មួយ។ ច្បាស់ណាស់​ថា វា​មិនមែន​ជា​ការប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិភាព ប៉ុន្តែ វា​ជា​កុប្បកម្ម ដែល​ត្រូវ​បាន​រៀបចំ យ៉ាង​បើកចំហរ។ វាមិនមែន​ជា​ឥរិយាបថ​ដែល​បង្ហាញ​ក្តីស្រឡាញ់​ដល់​ទីក្រុង​ហុងកុង​នោះឡើយ។

ខ្ញុំ​សង្ឃឹមថា សណ្តាប់ធ្នាប់​សង្គម​នឹងអាច​ត្រូវ​រៀបចំ​ឲ្យ​ល្អ​ឡើងវិញ តាមតែ​អាច​ធ្វើទៅបាន។ ហើយ​ខ្ញុំ​នឹង​មិន​សង្ឃឹម​ដែរទេ​ថា នឹង​ឃើញ​មាន​អ្នករបួស សាជាថ្មី នៅក្នុង​កុប្បកម្ម។ ខ្ញុំ​សូមអំពាវនាវ​ឲ្យ​អ្នកដែល​ស្រឡាញ់ ស្នេហា សភាហុងកុង ស្ថិតនៅ​ឆ្ងាយ​ពី​អំពើហិង្សា។ ខ្ញុំ​ជឿក្នុង​ចិត្ត​យ៉ាង​មុតមាំថា ក្នុង​នាម​ជា​សង្គម​ស៊ីវិល័យ ហុងកុង​នៅតែ​អាច​ប្រើ​សន្តិភាពនិយម ហេតុផល ហើយ​និង​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា ដើម្បី ផលប្រយោជន៍​រួម​របស់​ហុងកុង”។

ក្រុមបាតុករ​ហុងកុង​វិញ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ត្រលប់​មកធ្វើ​បាតុកម្ម​ដ៏ធំ​សម្បើមមួយ នៅ​ថ្ងៃ អាទិត្យ​ចុងសប្តាហ៍នេះ។ ទាក់ទង​នឹង​បាតុកម្ម​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន ទៅ​ប្រទេស​ចិន​នេះ​ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​នេះ បានបរិហារ​ប្រតិកម្ម​បែប មិនទទួល​ខុសត្រូវ របស់​សហភាព​អឺរ៉ុប។ សហភាពអឺរ៉ុប ដែល​បាន​ចេញមុខ រិះគន់​ការប្រើកម្លាំង​ច្រើនជ្រុល​របស់​អាជ្ញាធរ​ហុងកុង ទៅលើ​ក្រុមបាតុករ។ សម្រាប់​ទីក្រុង​ប៉េកាំង បញ្ហា​ហុងកុង ជា​សំណុំរឿង​ផ្ទៃក្នុង​សុទ្ធសាធ​របស់​ប្រទេស​ចិន ដែល​គ្មាន​ស្ថាប័ន ឬ​បុគ្គល​ណាមួយ អាច​លូកដៃ​បាន​ឡើយ។ មួយវិញ ទៀត សម្រាប់​ប៉េកាំង ហេតុការណ៍​ដែល​ឡើង​នៅថ្ងៃ​ម្សិលមិញ មិនមែន​ជាបាតុកម្ម ដោយ​សន្តិភាព​នោះទេ ប៉ុន្តែ ជា​កុប្បកម្ម រៀបចំ​ទុកជាមុន។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ