អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េ​ខាង​ជើងនឹង​ព្រម​ចរចា​ជាមួយ​អាមេរិក បើ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់

មន្ដ្រី​ការទូត​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​ទី​១៣​ឧសភា​នេះថា ទីក្រុង​ព្យុងយ៉ាង​នឹង​ព្រម​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ​។ ជំហរ​របស់ទីក្រុង​ព្យុងយ៉ាង​ដូច្នេះ ធ្វើ​ឡើង​​ខណៈ​ពេល​ដែល​សម្ពាធ​ក្នុង​ឧបទ្វីប​កូរ៉េ​នៅ​តែ​បន្ត​តាន​តឹង​។

ប្រធានាធិបតី គីម ជុងអ៊ុន នៃ​កូរ៉េ​ខាង​ជើង និង​ប្រធានាធិបតី ដូណាល់ ត្រាំ នៃ​សហរដ្ឋ​អាមេរិក
ប្រធានាធិបតី គីម ជុងអ៊ុន នៃ​កូរ៉េ​ខាង​ជើង និង​ប្រធានាធិបតី ដូណាល់ ត្រាំ នៃ​សហរដ្ឋ​អាមេរិក REUTERS/KCNA handout via Reuters/File Photo & REUTERS/Lucas Jack
ផ្សាយពាណិជ្ជកម្ម

 

មន្ដ្រី​ជាន់​ខ្ពស់​​ការិយាល័យ​អាមេរិកខាង​ជើង​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​បង្ហើប​ប្រាប់​អ្នក​កាសែត​នៅ​ព្រលាន​យន្តហោះ​អន្ដរជាតិ​ប៉េកាំង នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋបាល​ក្រុង​ព្យុងយ៉ាង នឹង​ព្រម​ចរចា​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក្រោម​លក្ខខណ្ឌ​ដ៏​ត្រឹម​ត្រូវ​។ លោក​ស្រី Choe Son-Hui បាន​អះអាង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​ស្រី​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ ក្រោយ​ពី​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង អូស្លូ ជាមួយ​​អតីត​មន្ដ្រី​នៅ​ក្នុង​រដ្ឋបាល​សហរដ្ឋ​អាមេរិក និង​អតីត​ប្រេសិតអង្គការ​សហប្រជាជាតិ​មួយ​ចំនួនទៀត​។

គួរ​ជម្រាប​ជូន​ថា មិន​មែន​មាន​តែ​រដ្ឋបាល​ក្រុង​ព្យុងយ៉ាង​តែ​ឯង​ទេ ដែល​បាន​បង្ហើប​ពី​បំណង​បើក​ផ្លូវ​ឲ្យ​មាន​ជំនួប​ចរចា​ជាមួយ​អាមេរិក​។ សហរដ្ឋ​អាមេរិក​ខ្លួន​ឯង ក៏​មាន​បំណង​ដូច​គ្នា​នេះ​ដែរ​។ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ដើម​ខែ​ឧសភា​ថ្មី​ៗ​នេះ បាន​អះអាង​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច នឹង​ជួប​ជាមួយ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ប្រសិន​បើ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​។ លោក ដូណាល់ ត្រាំ មិន​បាន​បញ្ជាក់​លម្អិត​អំពី​លក្ខខណ្ឌ​ទាំង​នោះ​ឡើយ។

ដោយ​ឡែក ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដែល​ទើប​តែ​ឡើង​កាន់​តំណែង បាន​ប្រកាស​ថា លោក​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង ប្រសិន​បើ​លក្ខខណ្ឌ​អំណោយផល​។ បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​នេះ ត្រូវ​បាន​លោក​ប្រធានាធិបតី មូន ជេអ៊ីន ពន្យល់​ថា គឺ​ដើម្បី​បន្ថយ​ភាព​តានតឹង​។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សាក​សួរ​ថា​តើ​ទីក្រុង​ព្យុងយ៉ាង ត្រៀម​ខ្លួន​ដើម្បី​ជួប​ចរចា​ជាមួយ​ទីក្រុង​សេអ៊ូល​ដែរ​ឬ​យ៉ាង​ណា មន្ដ្រី​ជាន់​ខ្ពស់​កូរ៉េខាង​ជើង លោក​ស្រី Choe បាន​ឆ្លើយ​ប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី​ថា៖ ចាំ​មើល​សិន​។

គួរ​កត់​សម្គាល់​ថា ត្បិត​តែ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​ឧបទ្វីប​កូរ៉េ​បានបង្ហាញ​ទំនោរ​ទន់ទោរ​រក​គ្នា​ជាបន្ត​បន្ទាប់​ក្ដី ប៉ុន្តែ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយទេ​។ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្ថានភាព​នៅ​ជ្រោយ​កូរ៉េ​បាន​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយ​ក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទីក​ដ៏​គ្រោះ​ថ្នាក់ ហើយ​បាន​បាញ់​សាកល្បង​​​គ្រាប់​មីស៊ីល​ទាំង​នោះ​ជា​បន្ត​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ