អានតួអត្ថបទ
ហុងកុង-ចិន-អង់គ្លេស

ប៉េកាំង​ហាម​មិន​ឱ្យ​គណៈកម្មការ​សភា​អង់គ្លេស​ទៅ​ហុងកុង

គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា​អង់គ្លេស បាន​សម្តែង​ការ​ប្រឆាំង​នៅ​ថ្ងៃអាទិត្យ​ទី ៣០ វិច្ឆកា ២០១៤​នេះ នឹង​សេចក្តី​សម្រេច​​របស់​អាជ្ញាធរ​ចិន ហាមឃាត់​មិន​ឱ្យ​គណៈកម្មការ​នេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង។ គណៈកម្មការ​សភា​អង់គ្លេស​​ចង់ទៅ​សិក្សា​អំពី​ទំនាក់ទំនង​​រវាង​អង់គ្លេស​ជាមួយ​ហុងកុង​ជា​អតីត​ដែ​ន​ដី​អាណានិគម​​របស់​ខ្លួន​រយៈ​ពេល​មួយ​សតវត្សរ៍។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បោះជំរំ​កណ្តាល​ក្រុង​ហុងកុង​ ទាមទារ​ការ​បោះឆ្នោត​ដោយ​សេរី​និង​សកល
សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បោះជំរំ​កណ្តាល​ក្រុង​ហុងកុង​ ទាមទារ​ការ​បោះឆ្នោត​ដោយ​សេរី​និង​សកល RFI/ Heike Schmidt
ផ្សាយពាណិជ្ជកម្ម

បើ​តាម​​សេចក្តី​ជូន​ដំណឹង​មួយរបស់​​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​​សភា​អង់គ្លេស គឺ​ ស្ថានទូត​ចិន តែ​ម្តង​ដែល​បដិសេធ​ មិន​អនុញ្ញាត​ឱ្យ​គណៈកម្មការ​នេះ​ចុះ​ទៅ​ធ្វើ​អង្កេត​​ស្វែង​យល់​អំពី​ទំនាក់ទំនង​អង់គ្លេស​ហុងកុង​។ ការិយាល័យ​អន្តរជាតិ បាន​ប្រកាស​លុប​ចោល​ទស្សនកិ​ច្ច​របស់​សមាជិក​សភា​អង់គ្លេស​នៅ​ហុងកុង នៅ​សប្តាហ៍​ ខណៈ​ដែល​ប៉េកាំង​មិន​ព្រម​ផ្តល់​ទិដ្ឋាការ​ដល់​សមាជិក​ម្នាក់ ដែល​និយម​និ​ងការពារ​ខ្លាំង​ស្វ័យភាព​ហុងកុង។

 
ជាមួយ​នឹង​ការ​បរិហារ​ ថា​​រដ្ឋាភិបាល​ចិន​បាន​ប្រើ​វិធី​​គំរាម​យ៉ាង​ចំហ ប្រធាន​គណៈកម្មការ​ ​​នឹងបញ្ជូន​សំណុំ​រឿង​នេះ​ជា​បន្ទាន់​ទៅ​កាន់​អង្គ​​សភា​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះតែ​ម្តង។

សូម​បញ្ជាក់​ការ​អង្កេត​នេះ​ធ្វើ​ឡើង​ដើម្បី​ស្ទាប​ស្ទង់​ស្ថាន​ភាព​ទំនាក់ទំនង​​ការទូត​រវាង​ក្រុង​ឡុងដ៍ និង​ហុងកុង​ ក្នុង​ក្របខ័ណ្ឌ​នៃ​សេចក្តីថ្លែងការណ៍​រួម​ចិន-អង់គ្លេស​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ ១៩៨៤ ដែល​បាន​កំណត់​លក្ខខណ្ឌ​​នៃ​ការ​ប្រគល់​ហុងកុង​ឱ្យ​ទៅ​ចិន​នៅឆ្នាំ​១៩៩៧។

ក៏​ប៉ុន្តែការ​បដិសេធ​នេះ​ធ្លាក់​មក​ជួន​ចំ​ពេល​​ ដែល​​ហុងកុង អតីត​ដែនដី​អាណានិគម​អង់គ្លេស និង​ជា​ដែន​ដី​ចិន មាន​ស្វ័យភាព​ពិសេស​កំពុង​តែ​ធ្លាក់​ក្នុង​វិបត្តិ​​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​​១៩៩៧​មក​។ បាតុករ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ បិទ​ខ្ទប់​ក្រុង​ឱ្យកក​ស្ទះ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រមុខ​ដឹកនាំ​កោះ​ដោយ​សេរី​ជា​សកល​ គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ប៉េកាំង។ ការ​ប៉ះទង្គិច​បន្ត​មានទៀត​រហូត​មក​ទល់​ថ្ងៃ​អាទិត្យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ