ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

វិបត្តិ​កាស្មៀរ៖ ឥណ្ឌា-ប៉ាគីស្ថាន ឈានដល់ជម្លោះការទូត និងសេដ្ឋកិច្ច

media កំហឹង​តវ៉ា មាន​ឈានដល់​ការ​ដុតទង់ជាតិឥណ្ឌាចោលថែមទៀតផង។ @Reuters

«កាស្មៀរ ជាកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា!» នេះ​ជា​ចម្លើយ​តប​របស់​ឥណ្ឌា​ទៅ​នឹង​ប្រតិកម្ម​របស់​ប៉ាគីស្ថាន​ ដែលបាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ទី​ក្រុង​អ៊ីស្លាម៉ាបាដ ចេញ​ពី​ប្រទេស​។ ​ជាការ​​ព្រមាន​ ប៉ាគីស្ថាន​ទាម​ទារ​គ្រប់គ្រង​តំបន់​កាស្មៀរ​ទាំង​ស្រុង​ ដោយ​​បាន​ចាត់​វិធាន​ការ​សេដ្ឋកិច្ច និងការទូត​យ៉ាងចាស់ដៃ​។ រឿង​នេះ​​ គឺកើត​ឡើង​​តែ​ពីរ​ថ្ងៃក្រោយ​សេចក្តី​សម្រេច​របស់រដ្ឋាភិបាល​ឥណ្ឌា​ដក​ស្វ័យភាពតំបន់កាស្មៀរ។

ទោះបី​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន​ អះអាងថានឹង​មិន​យក​យោធា​ដោះស្រាយ​ជម្លោះនេះឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌា បាន​លើកឡើង​ នៅថ្ងៃព្រហស្បតិ៍ ទី​៨សីហា ថាព្រឹត្តិការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​នៅ​តំបន់​កាស្មៀរ គឺ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ចែង​ពី​ឯករាជជាតិ​ ត្រង់​ មាត្រា​៣៧០ ហើយ​នេះ គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ឥណ្ឌា​សុទ្ធសាធ។ បន្ថែមលើ​អំណះអំណាងនេះ​ នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា ម៉ូឌី នឹង​ថ្លែង​សារបំភ្លឺ​បញ្ជាក់​ជាថ្មីម្តងទៀត​​ទៅកាន់​ប្រជាជាតិ​ ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​ទាញ​យក​តំបន់​កាស្មៀរ​មកគ្រប់គ្រង។​

នៅ​ថ្ងៃ​ចន្ទ​ទី៥សីហា ដើម​សប្តាហ៍​​នេះ ​នាយករដ្ឋមន្ត្រីឥណ្ឌា បាន​ចេញ​ក្រឹត្យ​ប្រកាស​លុប​ចោល​លក្ខន្តិកៈពិសេស​តំបន់ Jammu និងកាស្មៀរ ហើយ​ដកស្វ័យភាពគ្រប់គ្រង​តំបន់កាស្មៀរ មកដាក់​ក្រោម​ការត្រួតត្រា​របស់​រដ្ឋបាល​សហព័ន្ធ​ឥណ្ឌា​វិញ។ សេចក្តីសម្រេច​នេះ ធ្វើឱ្យ​ប៉ាគីស្ថាន​ក្តៅ​ស្លឹក​ត្រចៀកជាខ្លាំង។​ ជាប្រតិកម្ម​ឆ្លើយ​តប​យ៉ាង​ក្តៅ​និង​ជាបន្ទាន់  ប៉ាគីស្ថាន បានកាត់​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគ​ជាមួយ​ឥណ្ឌា​។ ហើយ​ក្រៅពីផ្តាច់​ចំណង​សេដ្ឋកិច្ច​, ប៉ាគីស្ថាន ថែមទាំងដាច់​ផ្តាច់​ចំណង​ទូតថែមទៀត​ ដោយដេញឯកអគ្គរដ្ឋទូត​ឥណ្ឌាឱ្យ​ចេញពីក្រុងអ៊ីស្លាម៉ាបាដ ហើយ​​កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងញូវដេលី ឱ្យត្រឡប់ចូលស្រុកវិញ។ ពលរដ្ឋ​ប៉ាគីស្ថាន​មួយ​ចំនួន​ បាន​ធ្វើ​បាតុកម្ម​មិន​សប្បាយ​ចិត្ត ហើយ​ដុត​ទង់ជាតិ​ឥណ្ឌា​ចោល​ថែមទៀតផង។​

គួរជ្រាប​ថា អស់​៥ថ្ងៃមកហើយ ដែល​ពលរដ្ឋ​នៅ​តំបន់​កាស្មៀរ​ត្រូវនៅ​​ឯកា​ពីពិភពលោក។ ប្រព័ន្ធទាក់ទងគ្នា ទូរទស្សន៍  ទូរសព្ទ អ៊ិនធឺរណែត វ៉ាយហ្វាយ ត្រូវរដ្ឋាភិបាល​ឥណ្ឌា​​កាត់​ផ្តាច់​មួយ​រយៈ ក្រោម​ហេតុ​ផល​ទប់ទល់​កុំឱ្យ​ចលាចល។ ការ​ធ្វើ​ដំណើរ​ត្រូវ​ហាមឃាត់ និង​រឹតត្បិត​យកតែមែនទែន​។ ប៉ូលីស និងយោធាឥណ្ឌា ត្រូវដាក់​ពង្រាយ​យាម​ល្បាត​យ៉ាង​តឹងតែង។ ក្នុងរយៈ​ពេល​៤-៥ថ្ងៃនេះ អាជ្ញាធរឥណ្ឌា បាន​ចាប់ឃាត់​ខ្លួន​មនុស្ស​ ជាង​៥០០រយនាក់ ដែល​បើ​តាម​ដំណឹង​ពី​កាសែត​ក្នុង​ស្រុក បញ្ជាក់ថា អ្នកទាំងនោះ មានភាគ​ច្រើន​ផង ជា​អ្នក​នយោបាយ​ តំណាងរាស្ត្រ​ និង​គ្រូបង្រៀនជាដើម​​។

តែ​យ៉ាងណា​ក៏ដោយ ដើម្បី​រឹត​បន្តឹង​សន្តិសុខ រដ្ឋអំណាច​ឥណ្ឌា បាន​ដាស់តឿន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ស៊ីវិល​ ដែល​ជិះ​កាត់​ផ្ទៃ​អាកាស​របស់​​ឥណ្ឌា​និងប៉ាគីស្ថាន ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដ្បិត​ថា​ យន្តហោះ អាច​ជា​ផ្ទាំង​ស៊ីប​នៃ​អំពើ​ភេរវកម្ម​ផង​​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ