អានតួអត្ថបទ
កម្ពុជា

អ្នក​ស្រុក​ថ្ម​បាំង​គ្រោង​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​

ក្រុម​អ្នកស្រុក​ថ្មបាំង​ដែល​នឹងត្រូវ​រងគ្រោះ​ដោយសារ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង​គ្រោង​ដាក់​ញត្តិ​​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​លុបចោល​គម្រោង​សាងសង់​នេះ។ការដាក់​ញត្តិ​នឹង​ធ្វើឡើង​ នៅ​ថ្ងៃ​ចន្ទ​ទី ៣១ មីនា ដោយ​ក្រុម​អ្នកស្រុក​ថ្មបាំង​នឹង​ហែ​​ញត្តិ​ពី​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង ​មក​ដាក់ជូន​សាលាខេត្ត​កោះកុង និង មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត។  

ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ចន្ទ ទី ៣១ មីនា ក្រុម​អ្នកស្រុក​ថ្មបាំង ក្នុង​ខេត្តកោះកុង នឹង​លើកគ្នា​ហែ​ញត្តិ​​ស្នើសុំ​លុបចោល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង​ដាក់ជូន​សាលាខេត្ត និង បណ្តា​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ទី​រួម​ខេត្តកោះកុង។លោក វ៉ែន វ៉ន តំណាង​ប្រជាពលរដ្ឋ​ស្រុក​ថ្មបាំង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃអាទិត្យ ទី 30 មីនា​នេះ ថា មកដល់ពេលនេះ​ប្រជាពលរដ្ឋ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ និង ក្រុមហ៊ុន​ចិន Sinohydro នៅឡើយ​នោះទេ។

លោក បន្តថា នៅ​ថ្ងៃស្អែក​នេះ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ២០០នាក់ ជិះ​ម៉ូតូ១០០គ្រឿង​នឹង​ហែរ​ញត្តិ​មក​ដា​ក់នៅ​សាលាខេត្ត​កោះកុង និង មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត។ក្នុង​ញត្តិ​នោះបាន​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លុបចោល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង និង បានបង្ហាញ​ពី​ផលប៉ះពាល់​នានា​ពី​គម្រោង​សាងសង់​នេះ។បើតាម​លោក វ៉ែន វ៉ន ប្រជាពលរដ្ឋ​​មិន​ចង់បាន​នោះឡើយ​នូវ​ទំនប់​វា​រី​អគ្គិសនី​នេះ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ផងដែរ។

លោក អ៊ិន គង់​ជិត មន្ដ្រីការពារ​សិទ្ធិមនុស្ស​របស់ អង្គការ លីកាដូ ប្រចាំខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា ប្រសិនបើ​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង​នេះ​ត្រូវបាន​សាងសង់​ នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​អាច​ត្រូវ​រង​ការបណ្តេញចេញ ហើយ​ធនធានធម្មជាតិ​ក៏​រង​ការបំផ្លិច​បំផ្លាញ​ផងដែរ។ ចំពោះ​ការ​ហែរ​ញត្តិ​នៅ​ថ្ងៃស្អែក​វិញ មន្ត្រី​ការពារ​សិទ្ធមនុស្ស​រូបនេះ​បាន​ថ្លែងថា លោក មិន​មានការ​ព្រួយ​បារ​ម្ត​ពី​ការរារាំង ឬ ការបង្ក្រាប​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ ព្រោះ​ការ​ហែ​​នេះ​នឹង​ធ្វើឡើង​ដោយ​អហិង្សា។
 

សូម​ជំរាបជូន​ថា គិត​មកដល់​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃទី ១៦ហើយ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង បាន​នាំ​តវ៉ា​ត្រៀម​បិទផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន Sinohydro ចូលទៅ​សិក្សា​នៅក្នុង​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង។ ក៏ប៉ុន្តែ​អាជ្ញាធរ និង ក្រុមហ៊ុន​ចិន​នៅ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​នោះឡើយ។ តាម​ការស្រាវជ្រាវ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយអា​រ៉ែ​ង​នេះ អាច​ផ្តល់​ថាមពល​តែ១០៨មេ​ហ្កា​វ៉ា​ត់​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន​ប្រមាណ ៦០០ គ្រួសារ ក្នុង​ឃុំ​ចំនួន៣ គឺ ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្ម​ដូន​ពៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ