អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​បក្ស​ប្រឆាំង​ថា ​នឹង​បង្កើន​ការ​ត​ស៊ូ​មតិ​ឲ្យ​ដោះ​លែង​ លោក​ កឹម​ សុខា​

អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ដែល​បន្ត​ប្រើ​ប្រាស់​រូប​សញ្ញា​របស់​គណ​បក្ស​សង្រ្គោះជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ពី​ទី​កុ្រង​វ៉ាស៊ីន​តោន​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ ថា ​ខ្លួន​នឹង​បង្កើន​សកម្មភាព​តស៊ូមតិ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម​ សុខា​ និង​អ្នក​ទោស​នយោបាយ​ ផ្សេង​ទៀត​ព្រម​ទាំង​ឲ្យ​មាន​វត្ត​មាន​គណ​បក្ស​សង្រ្គោះជាតិ​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខនេះ​។ ​ការ​​ដាក់​​ចេញ​​យុទ្ធសាស្ត្រ​ថ្មី​របស់អតីតបក្ស​ប្រឆាំង​ធំជាងគេ​នេះ ធ្វើ​ឡើង​​ស្រប​​ពេល ​​គ.ជ.ប​ កំពុង​ទទួល​​ចុះ​​បញ្ជី​​គណបក្ស​នយោបាយ​សម្រាប់​​ចូល​រួម​​ការ​​បោះឆ្នោត​​ថ្ងៃ​ទី២៩​​ខែ​កក្កដា​ខាងមុ​ខ។​

ការជួបគ្នារបស់មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅអាមេរិក
ការជួបគ្នារបស់មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅអាមេរិក @ Mu Sochou
ផ្សាយពាណិជ្ជកម្ម

ក្រៅពីបង្កើនការតស៊ូមតិឲ្យដោះលែង លោក កឹម សុខា អតីតគណបក្សសង្រ្គោះជាតិ បានឲ្យដឹងទៀតថា គណបក្សនេះនៅតែរក្សាគោលជំហររឹងមាំ គោរពឆន្ទៈប្រជាពលរដ្ឋ ដោយ​រៀបចំ និងពង្រឹងកម្លាំងបណ្តាញគាំទ្រគណបក្សសង្រ្គោះជាតិទាំងក្នុង និងក្រៅ​ប្រទេស​។

ការប្រកាសនេះធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ ​ក្រោយពីកិច្ចប្រជុំរបស់​មន្ដ្រី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា នៅសហរដ្ឋអាមេរិក។ គួរកត់​សម្គាល់ មុន​នេះ​៣​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ពុធ ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញមក​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា នៅតែ​បន្ត​រួបរួមគ្នា​ដដែល​។ ជាការអះ​អាង​នេះ ធ្វើឡើង​ក្រោយពី​គណបក្សនយោបាយថ្មីៗមួយចំនួន​ទើប​ត្រូវបាន​បង្កើតឡើង ជាពិសេស​គឺ​គណ​បក្ស«ឆន្ទៈ​ខ្មែរ» របស់​កូនប្រុស​លោក ​គង់ គាំ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលណោះ ថ្នាក់ដឹកនាំ​អតីត​ប្រឆាំង​ក៏បាន​អំពាវនាវ​ដល់​សមាជិក និង​សកម្មជន​ទាំងអស់​ឲ្យ​ពង្រឹងស្មារតី និង​បន្ត​ការតស៊ូ​ដោយ​អហិង្សា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាម​បែបបទ​លទ្ធិប្រជា​ធិបតេយ្យ។

ចំណែក​សេចក្តីប្រកាសនៅថ្ងៃទី៤ខែឧសភានេះវិញ អតីតគណបក្សសង្រ្គោះជាតិ​បានបញ្ជាក់ថា មន្ត្រី គណបក្សនេះនឹងជួបជុំគ្នា​នៅដើមខែមិថុនា ឆ្នាំ២០១៨ ដើម្បី​កំណត់ផែនការយុទ្ធសាស្ត្រ សក​ម្ម​ភាព ​មុនការបោះឆ្នោត។

ការដែល​គណបក្សនេះគ្រោងជួបគ្នានៅខែមិថុនា គឺជួនចំពេលដែលគណៈប្រតិភូ​សហភាព​អឺរ៉ុប (EU) នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ក្នុង​អំឡុង​ខែ​មិថុនា ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ពី​កិច្ច​ព្រម​ព្រៀង ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធ (EBA) ។ លោក​ស្រី ហ្វ៊េតដេរីកា មុកហ្គើរីនី (Federica Mogherini) នាយិការង​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​បាន​លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ សម្រាប់​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខាង​ផ្នែក​ពាណិជ្ជកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ