អានតួអត្ថបទ
កម្ពុជា-ច្បាប់

ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ម្សិល​មិញ៖ អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ទៅ​ដល់​១១​នាក់

គិត​មក​ដល់​ថ្ងៃ​ទី២៨ ខែ មករា ឆ្នាំ ២០១៧ ដែល​ត្រួវ​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ចិន-វៀតណាម អ្នក​ស្លាប់​ដោយ​សារ​គ្រោះថា្នក់​ចរាចរណ៍​បាន​កើន​ឡើង​ទៅ​ដល់​១១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២២​នាក់។ លោក​ រុន រ័ត្នវាសនា ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់​នេះ​ភាគ​ច្រើន​គឺ បណ្តាល​មក​ពី​មូលហេតុ​ធំ​ៗ​ចំនួន​២​ ទី​១គឺ ដោយ​សារ​តែ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​ទី​២ បណ្តាល​មក​ពី​ការ​បើក​បរនៅ​ក្នុង​ស្ថានភាព​ស្រវឹង​។ ព្រឿន បញ្ញារី រាយការណ៍៖

គ្រោះចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ កាលពីពេលកន្លងទៅ។
គ្រោះចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ កាលពីពេលកន្លងទៅ។ @RFI
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​មាន​ការ​ចាត់​វិធាន​ការ​យ៉ាង​តឹង​រឹង​របស់ នាយកដ្ឋាន​នគរបាល យ៉ាង​ណា​ក៏​ដោយ គេ​នៅតែ​សង្កេត​ឃើញ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៏​នៅ​តែ​មាន​ការកើនឡើង ពោល​គឺ​កើន​ទៅ​ដល់​៤នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​បាន​ខិត​ចូល​មក​ដល់។បើ​យោង​ទៅ​តាម​របាយការណ៍ របស់​នាយក​ដ្ឋាននគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ យ៉ាង​ហោច​ណាស់ ប្រជាពលរដ្ឋ​​ខ្មែរ​ចំនួន១១​នាក់​បាន​ស្លាប់ និង​២២​នាក់​រង​របួស​ធ្ងន់​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកម្ពុជា​។ ហេតុការណ៏​ទាំង​អស់​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​សែន​ចូល​ឆ្នាំចិន ពោល​គឺ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ម្សិលមិញ។

 
របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នា​ថ្ងៃម្សិលមិញ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើងទូទាំង​ប្រទេស​ចំនួន ១៦​លើក​បណ្តាល​ឱ្យ​ខូច​ខាត​ម៉ូតូ ១៤គ្រឿង រថយន្ត​តូច​៨​គ្រឿង រថយន្ត​ធំ១​គ្រឿង​។ ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​រួម​មាន ល្បឿន​លឿន​៧​លើក​ ស្រវឹង​៣​លើក មិន​គោរព​សិទ្ធិ​៣​លើក បត់​គ្រោះ​ថ្នាក់​១​លើក ងងុយ​ដេក​១​លើក និង​ប្រជែង​១​លើក​។

លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឱ្យ​ដឹង​ថា មុន​ពេល ក៏​ដូច​ជា​ក្រោយ​ពេល ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ភាគី​នគរបាល​និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ពង្រឹង​ស្ថាន​ការណ៍​ចរាចរណ៏​ជា​ច្រើន តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៃ​ការ​បើក​បរ ព្រម​ទាំង​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​មិន​ដែល​អាក់​ខាននោះ​ឡើយ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ជា​ទូទៅ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត និងរមណីយដ្ឋាន​ឆ្ងាយៗ​ ដែល​ភាគ​ច្រើននៃ​ពួក​គាត់​បាន​បើក​បរ​ហួស​ល្បឿន​កំណត់​នេះ​ ទើប​បណ្តាល​ឱ្យ​ករណី​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៏នេះ​មាន​ការ​កើន​ឡើង​ខ្ពស់​យ៉ាង​ដូច្នេះ។

លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​រឹត​បន្តឹង​តាមរយៈ​ការត្រួត​ពិនិត្យ​នៅ​តាម​បេនឡាន ដើម្បី​ជៀសវាង​ការ​ផ្ទុក​មនុស្ស​លើស​កំណត់ និង​ដាក់​ឥវ៉ាន់​ច្រើនសំពីង​សំពោង ព្រម​ទាំង​ការ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស​មុន​ពេល​ចេញ​ដំណើរ​ផង​ដែរ​។

ក្រៅ​ពីនេះ​នគរបាលចរាចរណ៏​ក៏​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​នៅ​តាម​ផ្លួវ​ជាតិ​សំខាន់ ដើម្បី​ជៀស​វាង​ការបើកបរ​លឿន​ហួស​កម្រិត​។ នា​ពេល​ថ្មី​ៗនេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សារធារណៈ​ក៏​បាន​ត្រួត​ពិនិត្យ​សារ​ជាតិ​ស្រវឹង និង​សារជាតិ​ញៀន នៅ​ពេល​យប់​និង​ថ្ងៃផង​ដែរ ដោយ​សារ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ចំនួន​ក៏​បណ្តាល​មក​ពី​កត្តា​ទាំង​នេះ​ដែរ​។​

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​២៧​ថ្ងៃ​គិត​ចាប់​ពី​ដើម​ខែ​មករា អ្នក​ដែល​មាន​ជាតិ​ស្រវឹង​នៅ​ក្នុងពេល​បើក​បរ​មាន​ទៅ​ដល់​៧១២​នាក់ ស្មើ​នឹង​៣% ហើយ​មនុស្ស​៤១​នាក់​ក៏​ត្រូវ​បាន​ឃាត់​ខ្លួនពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ​។

លោក រុន រ័ត្នវាសនា បន្ថែម​ថា ដោយ​សារ​គិត​មក​ដល់​ថ្ងៃនេះ​ទើប​តែ​ជា​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ទើប​លោក​មិន​ទាន់​អាច​ប្រៀប​ធៀប​ស្ថាន​ការ​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​ទៅ​នឹង​ឆ្នាំ២០១៦​នោះ​ទេ។យ៉ាង​ណា​ក៏​ដោយ លោក​នឹង​រង់​ចាំ​មើល​ស្ថានការ​ចរាចរណ៍​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត ក៏​ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ឱ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​កុំ​ឱ្យ​ហួស​ល្បឿន​កំណត់​ ព្រម​ទាំង​កុំ​ពិសារ​គ្រឿង​ស្រវឹង​នា​ពេល​បើកបរ​ផង​ដែរ៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ