អានតួអត្ថបទ
កម្ពុជា

អង្គការ​​​សង្គ​ម​​​ស៊ីវិល​​​​​សុំ​ឱ្យ​រដ្ឋាភិបាល​​​​បើក​​​ចំហ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​​​អង្គការ​​​

ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល​​ជាតិ​​និង​​អន្តរជាតិ​​ នៅ​ថ្ងៃ​សុក្រ​​នេះ​ ​បាន​​ធ្វើ​​សន្និសីទ​​កាសែត​​មួយ​​ ដើម្បី​​បង្ហាញ​​ពី​​ផល​​ប៉ះពាល់​​នៃ​​សេចក្តី​​ព្រាង​ច្បាប់​​ស្តីពី​​ សមាគម​​ និង​​អង្គការ​​មិន​មែន​​រដ្ឋាភិ​បាល​។​ ក្រុម​អង្គការ​​សង្គម​​ស៊ីវិល​​បាន​​មើល​​ឃើញ​​ថា ប្រសិន​​បើ​​សេចក្តី​​ព្រាង​ច្បាប់​​នេះ ​ត្រូវ​​បាន​​អនុម័ត​​ក្នុង​​ស្ថានភាព​​បច្ចុប្បន្ន​​នេះ​ នោះ​​ប្រាកដ​​ណាស់​ថា​​ ច្បាប់​នេះ​​ នឹង​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ទៅ​​ដល់​​ គោល​ដៅ​​​អភិវឌ្ឍន៍​​របស់​​ប្រទេស​​កម្ពុជា​។

យុទ្ធនាកាStop and Consult ដើម្បីទទួចសុំឱ្យរដ្ឋាភិបាលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម។
យុទ្ធនាកាStop and Consult ដើម្បីទទួចសុំឱ្យរដ្ឋាភិបាលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម។ RFI
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​ក្តីសង្ឃឹម​នៅ​មាន​តិចតួច​ក្តី ក៍​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយក្រុម​ ដែល​នាំមុខ​ដោយ​ គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា (CCC), វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ហៅកាត់​ថា (NGO Forum)  រួមជា​មួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា ​៣៣៦ បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាកា​ Stop and Consult ដើម្បី​ទទួច​សុំ​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ យុទ្ធនាការ Stop and Consult បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី៤​ឧសភា ដែល​បាន​ទទួល​ការ​គាំទ្រ (Like) ពី​ប្រជាពលរដ្ឋ​ចំនួន ៥០០០នាក់ នៅ​លើទំព័រ Facebook។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ហៅ​កាត់​ថា (NGO Forum) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅឯ​ភូជនីយដ្ឋាន​ខ្មែរ​សូរិន​នៅថ្ងៃ​សុក្រ​ទី២៩​ឧសភា​នេះ​ថា មាន​ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ក្នុង​នោះ​ក៍​មាន​ប្រធាន​សហភាពអឺរ៉ុប​ ប្រធាន​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មន្រ្តី​ស្ថានទូត​ និង​ដៃ​គូរ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។

ដូច្នេះ លោក តឹក វណ្ណារ៉ា បាន​ថ្លែង​ក្នុង​នាម​តំណាង​ឱ្យ​សំលេង​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដោយ​បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ចំនួន​២ចំណុច​៖ ទី១​គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​។ សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​បាន​ព្រាង​ចប់​នៅ​ឆ្នាំ​២០១៥​នេះ។ និង​ទី២​គឺ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បើកចំហ​ឱ្យ​មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ពេញ​លេញ​មួយ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ មុន​ពេល​បញ្ជូន​ទៅ​ឱ្យ​គណៈ​រដ្ឋមន្រ្តី​និង​រដ្ឋសភា​អនុម័ត​។

ប៉ុន្តែ​សំណើរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ​ ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ទៅ ហើយ។ យឺត​ពេល​ដោយ​សារ​តែ​នៅ​ថ្ងៃសុក្រ​នេះ ​ទីស្តី​ការ​គណៈរ​ដ្ឋមន្រ្តី​បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។ ប៉ុន្តែ​ជា​សំណាងល្អ​ ដែល​កិច្ច​ប្រជុំ​នេះ​ ត្រូវ​បាន​លើក​ពេល ដោយ​សារ​តែ​អវត្តមាន​របស់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ដែល​ជាម្ចាស់​សាម៉ីក្រសួង។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី បើគ្មាន​ការ​ប្រែប្រួល​ទេនោះ​ នោះ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នឹង​បើក​កិច្ច​ប្រជុំ​ជាថ្មី​នៅ​ថ្ងៃសុក្រ​ទី៥​មិថុនា​ខាង​មុខ​នេះ​ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ