អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រកាស​បញ្ចប់​យុទ្ធនាការ​ចែក​ទឹក​ទ្រង់​ទ្រាយ​ធំ

ថ្លែង​ចេញ​ពី​ពិធី​ចែក​សញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​ទី​២៥ ខែ​ឧសភា​នេះ បាន​ប្រកាស​បញ្ចប់​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ខ្វះ​ខាត​ទឹក។ ការ​ប្រកាស​បិទ​បញ្ចប់​នេះ គឺ​បន្ទាប់​ពី​ចេញ​ប្រតិបត្តិ​ការណ៍​បាន​មួយ​ខែ។ ក្រៅ​ពី​នោះ​លោក​ក៏​បាន​លើក​ឡើង​ពី​ការ​កំណត់​ពេល​វេលា​បោះឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ផង​ដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​តទៅ​យុទ្ធនាការ​ចែក​ទឹក​ទ្រង់ទ្រាយ​ធំ​កម្រិត​ទូទាំង​ប្រទេស​ត្រូវ​បិទ​បញ្ចប់​ហើយ ក្រោយ​យុទ្ធនាការ បាន​ធ្វើ​ឡើង​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​អស់​រយៈ​ពេល​១​ខែ​បន្ទាប់​ពី​បញ្ជា​ដាច់​ណាត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា។ បើ​ទោះ​បី​ជា​យុទ្ធានាការ​ទ្រង់​ទ្រាយ​ធំ​ត្រូវ​បិទ​បញ្ចប់​មែន ប៉ុន្តែ​យុទ្ធនាការ​ទ្រង់​ទ្រាយ​តូច​អាច​បន្ត នៅ​តាម​តំបន់​ដែល​គ្មាន​ភ្លៀង​វស្សា​ធ្លាក់ និង​គ្មាន​ប្រព័ន្ធ​ប្រឡាយ។ នេះ​ជា​ការ​បន្ថែម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្សានុសិស្ស​។

យ៉ាង​ណា​ក៏​ដោយ ពុំ​ទាន់​មាន​ទូរលេខ​ណាមួយ​បញ្ជាក់​ពី​ការ​ចំណាយ​ទាំង​មូល​សម្រាប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ដែល​មាន​ទាំង​ការ​ចូលរួម​ទាំង​វិស័យ​ឯកជន រដ្ឋ និង​កាក​បាទ​ក្រហម​ក្នុង​រយៈ​ពេល​១​ខែ​នេះ​ទេ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​នេះ គណៈកម្មកា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ចំណាយ​ថវិកា​របស់​រដ្ឋ​ប្រមាណ​១​ពាន់​លាន​រៀល​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បឋម និង​ការ​ជីក​ស្រះ​១៤​កន្លែង រួម​ទាំង​អណ្តូង​១៦​កន្លែង​នៅ​តាម​ខេត្ត​ ដែល​រង​គ្រោះ​ខ្លាំង។ សូម​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​រាំង​ស្ងួត​នៅ​ឆ្នាំ​២០១៦​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ប្រមាណ​២​លាន​កន្លះ សត្វ​គោ​ក្របី និង​សត្វ​ត្រី​រាប់​រយ​ក្បាល និង​រាប់​សិបតោន។

ក្រៅ​ពី​បញ្ហា​គ្រោះ​រាំង​ស្ងួត លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ​ផង​ដែរ។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ការ​ប្រកាស​ពី​ថេរវេលា​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នេះ គឺ​ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង។ ការ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ទី៤​នៃ​ខែ​មិថុនា​ឆ្នាំ​២០១៧ ដោយ​ឡែក​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ទី​៤ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨។ ត្រង់​ចំណុច​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​បន្លំ​សន្លឹក​ឆ្នោត និង​ធ្វើ​បញ្ជី​ក្លែង​ក្លាយ​ផង បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​ក៏​ចង់​បាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​សុក្រឹត​ដែរ។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ក្រោយ​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ហើយ ខាង​គណបក្ស​លោក​នឹង​មាន​ឱកាស​បក​ស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បញ្ជី​ឈ្មោះ​ចាស់​ត្រូវ​បាន​លួច​បន្លំ។

សូម​បញ្ជាក់​ថា បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា​តែងតែ​ជា​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​រាប់​អាណត្តិ​មក​ហើយ។ ហើយ​ជម្លោះ​នេះ​ពេល​ខ្លះ​ក៏​បាន​ឈាន​ទៅ​ដល់​ភាព​តាង​តឹង​នយោបាយ​ផង​ដែរ​ជាក់​ស្តែង​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ