អានតួអត្ថបទ
កម្ពុជា

ACU បញ្ជូន​មេធាវី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នៅ​ព្រឹក​ថ្ងៃ​ទី ២ មិថុនា​នេះ បាន​បញ្ជូន​ខ្លួន​មេធាវី ពេជ រតនា ដែល​ ACU ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ទៅ​កាន់​សាលាដំបូង​រាជធានីភ្នំពេញ។ សាលា​ដំបូង នៅ​មិន​មាន​មាន​សេចក្តី​សម្រេច​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ព្រឹក​នេះ ប្រធាន​គណៈមេធាវី បាន​ស្នើ​សុំ​តុលាការ ឲ្យ​មេធាវី ពេជ រតនា បាន​នៅ​ក្រៅ​ឃុំ។ ក្នុង​នោះ គណៈ​មេធាវី ក៏​បាន​ត្រៀម​មេធាវី​ចំនួន ៦នាក់ ដើម្បី​ការពារ​ក្តី​ជន​ជាប់​ចោទ​រូប​នេះ​ផង​ដែរ។

@ACU
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​មេធាវី​ពេជ រតនា ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​នៅ​ឡើយ​នោះ​ទេ។ វិទ្យុ​បារាំង​អន្តរជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU នៅ​ឡើយ​ទេ ដោយ​សារ​លោក​មិន​បាន​លើក​ទូរស័ព្ទ។

យ៉ាង​ណា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី ២ មិថុនា​នេះ ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក​ប៊ុន ហុន និង​សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​ការពារ​ក្តី ៦​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។ លោក​ប៊ុន ហុន បាន​ប្រាប់​អ្នក​កាសែត​នៅ​តុលាការ​ថា លោក​មក​សួរ​សុខ​ទុក្ខ ​និង​ស្នើ​ស្ថាប័ន​តុលាការ កុំ​ឲ្យ​ឃុំ​ខ្លួន​លោក​ពេជ រតនា។​ ចំណែក​មេធាវី ៦​នាក់​ទៀត បាន​មក​តុលាការ ដើម្បី​ដាក់​ពាក្យ​ការពារ​ក្តី​ជូន​លោក ពេជ រតនា។

សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ ៦នាក់ ដែល​សម្រេច​ការពារ​ក្តី​លោក​ពេជ រតនា រួម​មាន លោក​សាំង វណ្ណៈ - លោក​អ៊ីវ ប៉ូលី - លោកជូ ចាន់ធីរ៉ា​ - លោក​លីវ​ សុវណ្ណា - ​លោក ឈី សម្បត្តិ និង​អ្នកស្រី​សៅ កញ្ញា។

សូម​បញ្ជាក់​ថា លោក​ពេជ រតនា អាយុ ៤០ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​បរវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​ ACU។ ACU បាន​សាកសួរ​លោក​ពេជ រតនា ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​បទចោទ​ទាក់​ទង​នឹង​សំណុំ​រឿង​ពុក​រលួយ​នោះ​ឡើយ។

ក្រោយ​ការ​ចាប់​ខ្លួន​នោះ គណៈមេធាវី​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ចំនួន ៩​ចំនុច ស្តីពី​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី បាន​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​សមាជិក សមាជិកា​រូប​ណា ដែល​បង្កការ​លំបាក​ដល់​គណៈមេធាវី និង​មិន​គោរព​តាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ក្រម​សីលធម៌​មេធាវី បទ​បញ្ជា​ផ្ទៃ​ក្នុង ដោយ​មិន​អត់​អោន​ចំពោះ​អ្នក​ប្រព្រឹត្ត​បំពាន​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ