អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ប្រាប់​ឲ្យ​ផ្អាក​ការ​លក់​ដូរ​នៅ​មុខ​អង្គរ ដើម្បី​រៀបចំ​ពិធី​សាសនា​នៅ​ថ្ងៃ​ស្អែក

ពិធី​សាសនា​ដ៏​ធំមួយ នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅមុខ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏​ស្កឹមស្កៃ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ខាង​មុខ​នេះ​ ក្រោម​អធិបតីភាក​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​មន្ដ្រី​គ្រប់​លំដាប់​ថ្នាក់​។ បើ​តាម​រដ្ឋាភិបាល ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង​ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ដល់​ប្រជារាស្ត្រ និង​ប្រជាជាតិ​កម្ពុជា​។ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ពិធី​ដ៏​ធំ​សម្បើម​នេះ អាជ្ញាធរ​អប្សរា​បាន​ណែនាំ​ឲ្យ​អាជីវករ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ទាំង​អស់ ​ផ្អាក​ការ​លក់​ដូរ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​នេះ​ត​ទៅ។

ហាងលក់ដូរ​តូចតាច​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ
ហាងលក់ដូរ​តូចតាច​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ RFI/Soklim Ky
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២៨​វិច្ឆិកា​របស់​អាជ្ញាធរ​អប្សរា ការ​​ផ្អាក​សកម្មភាព​លក់​ដូរ​របស់​អាជីវករ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត នឹង​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​៣​ខែ​ធ្នូ​។ ពោល​គឺ​ទាល់​តែ​ពិធី​បុណ្យ​សាសនា​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​បិទ​បញ្ចប់​តែ​ម្ដង​។ ក្រៅ​ពី​ផ្អាក​ការ​លក់​ដូរ​ហើយ អាជ្ញាធរ​អប្សរា​បាន​បង្គាប់​ឲ្យ​ក្រុម​អាជីវករ​យក​សម្ភារៈ​លក់ដូរ​របស់​ខ្លួន​ចេញ​​ផង​ដែរ​។

ចំពោះ​បញ្ហា​ចរាចរណ៍​វិញ ប្រសិន​បើ​មាន​គោលដៅទៅ​កាន់​ប្រាសាទ​អង្គរ​វត្ត អាជ្ញាធរ​អប្សរា​បាន​ណែនាំ​ឲ្យ​ដាក់​ភ្ញៀវ​នៅ​ច្រក​ខាង​កើត​។ ចំណែក​យានជំនិះ​គ្រប់​ប្រភេទ​ផ្សេង​ទៀត​ដែល​មាន​គោលដៅ​ផ្សេង​ពី​ប្រាសាទ​អង្គរវត្ត ត្រូវ​ប្រើ​ប្រាស់​ផ្លូវ​៦០​ម៉ែត្រ រួច​បន្ត​ដំណើរ​ទៅ​កាន់​គោលដៅ​របស់​ខ្លួន តាម​ផ្លូវ​វង់​តូច​ឬ​វង់​ធំ​។

គួរ​ជម្រាប​ជូន​ថា សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​អប្សរា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ទីក្រុង​សៀមរាប​កំពុង​តែ​ត្រៀម​ខ្លួន​សំអិត​សំអាង រៀបចំពិធី​សាសនា​ដ៏​ធំ​មួយ រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ ដើម្បី​បួង​សួង​សុំ​សេចក្ដី​សុខ​ដល់​ពលរដ្ឋ​ខ្មែរ​និង​ប្រទេស​ជាតិ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បញ្ជាក់​បន្ថែម​ថា ពិធី​នេះ​ក៏​រៀបចំ​ធ្វើ​ដើម្បី​ជា​ការ​រំឭក​ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​ប្រាង្គ​ប្រាសាទ​បុរាណ​រាប់​ពាន់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​។

ពិធី​​សាសនា​​នៅ​ខេត្ត​សៀមរាប​នេះ ចាប់​ផ្ដើម​ដោយ​ការ​ក្រុង​ពាលីនិង​សូត្រ​មន្ត​ព្រះ​សង្ឃ​ចំនួន​៥០០​អង្គ នៅ​ថ្ងៃ​ទី​២​វិច្ឆិកា​​មុខ​ប្រាសាទ​អង្គរ​វត្ត។ នៅ​ព្រឹក​ថ្ងៃ​ទី​៣​វិច្ឆិកា ពិធី​បន្ត​ដោយ​ការ​បួង​សួង​សុំ​សេចក្ដី​សុខ​ចម្រើន​នៅ​ស្ពាន​ហាល​ប្រាសាទ​អង្គរ​វត្ត និង​បន្ត​ដោយ​ការ​រាប់​បាត​ព្រះ​សង្ឃ​ចំនួន​៥​ពាន់​អង្គ នៅ​មុខ​ប្រាសាទ​អង្គរ​​។

ក្រៅ​ពី​ពិធី​សាសនា​ទាំង​នេះ គណៈកម្មការ​រៀបចំ ក៏​នឹង​ចាត់ចែង​ឲ្យ​មាន​ការ​សម្ដែង​សិល្បៈ ដូច​ជា​របាំ​ក្បាច់​បុរាណ ប្រពៃណី ល្ខោន និង​ទស្សនីយភាព​កម្សាន្ត​ជា​ច្រើន​ទៀត ជូន​ដល់​អ្នក​មក​ចូល​រួម​។ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំង​អស់​ចូល​រួម​ពិធី​សាសនា​ដ៏​ធំ​នេះ តាម​ការ​គួរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ