អានតួអត្ថបទ
កម្ពុជា

ស្ត្រី​សកម្ម​ជន​ដីធ្លី​ត្រូវ​បាន​លើក​លែង​ទោស​ ដោយ​ព្រះ​មហាក្សត្រ​

នៅ​វេលា​ម៉ោង​ ៤​ រសៀល​ថ្ងៃទី​១១​ ខែមេសា​នេះ ​ស្ត្រី​រង​គ្រោះ​ដីធ្លី​ទាំង​១០​នាក់​និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ហើយ ​ក្រោយ​ពី​ព្រះមហាក្សត្រ​បាន​ឡាយ​ព្រះ​ហស​ត្ត​លេខា​នៅ​ថ្ងៃ​នេះ​។ ​សកម្ម​ជន​ទាំង​១០​នាក់​ និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នោះ ​មាន​អ្នក​ស្រី​ទេព ​វន្នី ​លោកយាយ ​ង៉ែត​ ឃុន​ រួម​ទាំង​ស្ត្រី ​៨នាក់​ផ្សេង​ទៀត​ផង​ដែរ​។

ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០១៥​
ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

 

នេះ​គឺ​សម្លេង​ស្រែង​ហ៊ោ​សប្បាយ​ត្រេកអរ​របស់​សាច់​ញាតិ ​និង​សកម្ម​ជន​ដីធ្លី​ផ្សេង​ទៀត ​ដែល​បាន​ឈរ​រង​ចាំ​ទទួល​ស្ត្រី​សកម្ម​ជន​ដីធ្លី​បឹង​កក់​ទាំង​១០​នាក់ ​និង​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ​ដើរ​ចេញ​ពី​ពន្ធនាគារ​ ដោយ​មាន​ពាក្យ​អាវ​ខ្មៅ ​និង​មាន​អក្សរ​ពណ៌​ស​សរសេរថា ​The Whole World Is Watching ឬ​មាន​ន័យ​ថា​ពិភព​លោក​នេះ​កំពុង​តែ​សម្លឹង​មើល​។

លោក​ចាន់ ​ពុទ្ធិ​ស័ក ​ជា​អ្នក​តំណាង​សហ​គមន៍​បឹង​កក់ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង ​RFI យ៉ាង​ដូច្នេះ​ថា ស្ត្រី ​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​នោះ ​ហាក់​ដូច​ជា​មិន​ចង់​ទទួល​យក​ការ​លើក​លែង​ទោស​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​គ្មាន​ទោស​អ្វី​ទាំង​អស់។ ក្រោយ​ពី​ការ​ដោះ​លែង​ភ្លាម ​ក៏​មាន​ការ​រៀប​ចំ​ដង្ហែ​ក្បួន​អ្នក​ទាំង​នោះ ​មក​ផ្ទះ​លោក ​កឹម​ សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​រៀប​ចំ​ពិធី​ស្រោច​មន្ត​លើករាសី ​តាម​បែប​សាសនា ​ហើយ​ពួក​គេ​ក៏​បាន​ដង្ហែ​ក្បួន​តាម​រយៈ​រថយន្ត​មក​កាន់​សហ​គមន៍​បឹង​កក់ ​ដើម្បី​រៀប​ចំ​ពីធី​អបអរ​សាទរ​ទទួល​ស្ត្រី​ទាំង​១០​នាក់​។

ការ​ដោះ​លែង​ស្ត្រី​សកម្ម​ជន​ដីធ្លី​ទាំង ​១០​ នាក់​ និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ​កាល​ពី​ម៉ោង​៤រសៀល​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​បាន​ឡាយ​ព្រះ​ហសត្ត​លេខា​លើក​លែងទោស ​នា​ព្រឹក​ថ្ងៃទី​១១ ​ខែមេសា​នេះ។ ​ស្ត្រី​ទាំង​១០​នាក់​នោះ ​មាន​ម្នាក់​គឺជា​ស្ត្រី​សកម្ម​ជន​សហគមន៍​ថ្មគោល ​៨នាក់​ផ្សេង​ទៀត​ជា​សកម្ម​ជន​បឹង​កក់​ និង​ម្នាក់​ទៀត​ជា​អតីត​សកម្ម​ជន​បឹង​កក់។

សូម​បញ្ជាក់​ថា ​លោក​អេង​ ឆៃអ៊ាង ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​កាល​ពី​ថ្ងៃទី​១០​ ខែមេសា ​ថា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​និង​លោក​ សម​ រង្ស៊ី ​បាន​ពិភាក្សា​សម្រប​សម្រួល​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​បឹង​កក់ ​និង​ថ្មគោល ​ដែល​រួម​មាន​អ្នក​ស្រី ​ទេព វ​ន្នី ​ផងដែរ​។

យ៉ាង​ណាមិញ ​លោក​មឿន​ តុលា ​ប្រធាន​កម្ម​វិធី​សិទ្ធិ​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ​ការ​ដោះ​លែង​ស្ត្រី​សកម្ម​ជន​ដីធ្លី​នៅ​ពេល​នេះ គឺ​ជា​រឿង​ល្អ​មួយ​ តែ​ក៏​អាច​បញ្ជាក់​ថា​ការ​ចាប់​ឃុំ​ស្ត្រី​រង​គ្រោះ​ដោយ​សារ​ដីធ្លី​កន្លង​មក​គឺ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ​ ហើយ​ការដោះ​លែង​នេះ ​ក៏​បាន​កើត​ឡើង​ក្រោយ​ពេល​ ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា​ពី​សមា​សភាព ​គ.ជ.ប​ ថ្មី។

សូម​រំលឹក​ថា​ស្ត្រី​សកម្ម​ជន​ដីធ្លី​បឹង​កក់​ ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃទី​១០ ​និង​ថ្ងៃទី​១១វិច្ឆិកា ​ឆ្នាំ​២០១៤ ក្នុង​ពេល​តវ៉ា ​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​រំដោះ​ទឹក​កុំ​ឲ្យ​លិច​កន្លែង​រស់​នៅ​របស់​ពួក​គាត់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ