ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

ពលរដ្ឋខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន

media  
បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេសជ​ប៉ុន FB: CNRPJP

ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃទី០៧ ខែ​តុលា​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ដែល​ជា​អ្នក​គាំទ្រ​អតីតបក្ស​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល មេគង្គ-ជប៉ុន លើកទី១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ជប៉ុន​លើក​ទី១ បន្ទាប់ពី​គណបក្ស​របស់​លោក​ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​សភា ក្នុង​ការ​បោះឆ្នោត កាលពី​ខែ​កក្កដា កន្លង​ទៅ។

តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម​មាន​ពលរដ្ឋខ្មែរ​ប្រមាណ​៦០០​ទៅ​៧០០នាក់ ដែល​ខ្លះ​មាន​ពាក់​អាវ មួក និង​ប្រើប្រាស់​ទង់​អតីត​គណបក្ស​ប្រឆាំង​ផង បាន​លើក​បដា និង​រូបថត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ដើម្បី​ប្រឆាំង​ទៅ​នឹង​វត្តមាន​របស់​លោក ខណៈ​លោក ហ៊ុន សែន កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

លោក ហៃ​ វណ្ណា​ សកម្មជន​សហគមន៍​ខ្មែរ​​នៅ​ប្រទេស​ជប៉ុន បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​មាន​ប្រមាណ​ជិត១ពាន់​នាក់។ លោក​បន្ត​ថា​បាតុកម្ម​នា​ពេល​នេះ មាន​គោល​ដៅ​ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា, ប្រកាស​មិន​ទទួល​ស្គាល់​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ, និង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ។ ជា​ការ​បោះ​ឆ្នោត ដែល​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​សភា​។

នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ជប៉ុន លោក ហ៊ុន សែន បាន​ថ្លែង​ចំអក​ដោយ​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​បក្សប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ជា​ថ្មី​ទៀត ដោយ​លោក​អះអាង​ថា ជា​ទម្លាប់​ចំនួន​អ្នក​ចូលរួមធ្វើ​បាតុកម្ម​គឺមានតែ១០ភាគ​រយ​ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​មក​គាំទ្រ​លោក។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​ទី០៦ ខែ​តុលា ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល មេគង្គ-ជប៉ុន លើកទី១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៦ ដល់ ១០ ខែតុលា ឆ្នាំ​២០១៨​នេះ។ ​ ជា​កិច្ច​ប្រជុំ ដែល​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្រ្តទី​ក្រុង​តូក្យូថ្មី សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់ ការ​លើក​កម្ពស់​សុខមាល​ភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ក៏នឹង​ឆ្លៀត​ឱកាស​ជួប​សំណេះសំណាល​ជា​មួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់​នៅ​ និងសិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​មិន​ទាន់​បង្ហាញ​ជំហរ​ទទួល​ស្គាល់​នោះ​ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូយ៉ក។ នៅ​ទីនោះ គឺ​មាន​ពលរដ្ឋខ្មែរ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក តែ​មួយ​ក្រុម​ទៀត​បាន​ទទួល​ស្វាគមន៍​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ