អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​សហ​ព័ន្ធ​ស្រូវ​អង្ក​រ​៖ ​អង្ករ​កម្ពុជា​នាំ​ទៅ​ចិន​ជិត​២​ម៉ឺន​តោន ​ដូច​ការ​សន្យា​ទិញ​របស់​ចិន​៤០​ម៉ឺន​តោន​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អង្ករ​កម្ពុជា​ជិត​២​ម៉ឺន​តោន​បាន​នាំ​ចេញ​ទៅ​ចិនកាល​ពី​ខែ​មករា ​ដែល​ចំនួន​នេះ​ស្ថិត​នៅក្នុង​​ការសន្យាទិញ​​អង្ករ​៤០​ម៉ឺន​តោន របស់​ចិន​កាល​ពេល​ថ្មីៗ​។ តាម​រយៈ​ការ​នាំ​ចេញ​នេះ វិស័យ​ឯកជន​មាន​សុទិដ្ឋិ​និយម​ថា តម្លៃ​ស្រូវ​នឹង​លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ​ចំពោះ​កសិករ​។ ប៉ុន្តែ​តំណាង​កសិករ​នៅ​តែ​មើល​ឃើញ​ថា តម្លៃ​ស្រូវ​នៅ​ជា​ឧបសគ្គ​សម្រាប់​ការ​លក់​ចេញ​របស់​កសិករ​គិត​មក​ដល់​ពេល​នេះ​។ 

ចិនក៏បានចូលរួមជួយទិញស្រូវកម្ពុជាដែរ (រូបតំណាង)
ចិនក៏បានចូលរួមជួយទិញស្រូវកម្ពុជាដែរ (រូបតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា រដ្ឋា​ភិបាល​ចិន​បាន​បើក​ផ្លូវ​ឲ្យ​កម្ពុជា​នាំ​ចូល​អង្ករ​ទៅ​ចិន​តាម​កិច្ច​សន្យា​ទិញ​៤០​ម៉ឺន​តោន​ហើយ​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ដែល​នាំ​អង្ករ​ទៅ​ចិន​ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​លើ​បញ្ហា​តម្លៃ​និង​ស្តង់​ដា​គុណភាព​អង្ករ​។ជាក់​ស្ដែង កាល​ពី​ខែ​មករា​អង្ករ​កម្ពុជា​ប្រមាណ​ជា​ជិត​២ម៉ឺន​តោន​បាន​នាំ​ទៅ​ចិន ខណៈ​ការ​នាំ​ចូល​នេះ​បាន​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៨​។

ទោះ​យ៉ាង​ណា ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន​សម្រាប់​ខែ​មករា​នៅ​តែ​មាន​ចំនួន​តិច បើ​ធៀប​នឹង​ការ​ចូល​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បន្ទាប់​ពី​អឺរ៉ុប​ផ្ដើម​គិត​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​។ ក្នុង​ខែ​មករា​ដូច​គ្នា អង្ករ​កម្ពុជា​នាំ​ទៅ​អឺរ៉ុប​មាន​ចំនួន​ជាង​២​ម៉ឺន​តោន និង​បន្ទាប់​បន្សំ​អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត ដែល​សរុប​ក្នុង​គោល​ដៅ​ទាំង​បី​អង្ករ​កម្ពុជា​ជិត​៦ម៉ឺន​តោន​បាន​នាំ​ចេញ​។ នេះបើតាម លោក ហ៊ុន ឡាក់ ។

លោក​ថេង សាវឿន តំណាង​កសិករ​មើល​ឃើញ​ថា ចំពោះ​ការ​នាំ​អង្ករ​ទៅ​ចិន​ជិត​២ម៉ឺន​តោន​នេះ​នៅ​មិន​ទាន់​ចាត់​ទុក​ថា ជា​ដំណឹង​រីក​រាយ​នៅ​ឡើយ​ទេ សម្រាប់​កសិករ​កម្ពុជា​។ មិន​រីក​រាយ​ព្រោះ​ថា ការ​នាំ​ចេញ​នៅ​ក្នុង​ខែ​មករា​បាន​ធ្លាក់​ចុះ​៥​ភាគ​រយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​។ ក្នុង​ករណី​ដែល​ខែ​បន្ត​បន្ទាប់ ការ​នាំ​ចូល​អង្ករ​ទៅ​ចិន​បន្ត​ធ្លាក់​ចុះ​នឹង​ក្លាយ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​។

ទន្ទឹម​នឹង​ការ​នាំ​អង្ករ​ទៅ​ចិន ឈ្មួញ​វៀត​ណាម​ក៏​ផ្ដើម​ចូល​មក​ទិញ​ស្រូវ​ពី​កម្ពុជា​នៅ​ក្នុង​ខេត្ត​ខ្មែរ​ជាប់​ព្រំ​ដែន​វៀតណាម​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​កសិកម្ម​កម្ពុជា​កាល​ពី​កន្លង​មក​។ រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣​ម្សិល​មិញ​ថា តម្លៃ​ស្រូវ​ធម្មតា​(IR)បាន​ហក់​ឡើង​វិញ​ពី​តម្លៃ​៦៣០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ​ហក់​ឡើង​ដល់​៦៧០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ ។ ដោយ​ឡែក​ចំពោះ​តម្លៃ​ស្រូវ​ក្រអូប​ពី​តម្លៃ​១,០០០​រៀល​ហក់​ឡើង​ដល់១,០២៥​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​យ៉ាង​មិញ លោក ថេង សាវឿន ក្រើន​រំឭក​ថា ទោះ​តម្លៃ​ស្រូវ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​បាន​ឡើង​ថ្លៃ​បន្តិច តែ​រដ្ឋា​ភិបាល​គួរ​បន្ត​ឃ្លាំ​មើល​មិន​អាច​ភ្លេច​ខ្លួន​បាន​ឡើយ​។

សូម​បញ្ជាក់​ថា អង្ករ​កម្ពុជា​ជិត​៥០​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ធ្លាក់​ចុះ​១៣​ភាគ​រយ នៅ​រយៈ​ពេល​១១​ខែ ឆ្នាំ​២០១៨។ ក្នុង​ចំណោម​ប្រទេស​ជាង​៦០ ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ចិន ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​ចំនួន​ជាង​១៣​ម៉ឺន​តោន តាម​ពី​ក្រោយ​ដោយ​ប្រទេស​បារាំង ចំនួន​ជាង​៧ម៉ឺន​តោន និង​ម៉ាឡេស៊ី​ចំនួន​ជិត​៤ម៉ឺន​តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ