អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​នឹង​ចាត់​វិធានការ​លើ​លោក​ស្រី ឡាក់ សុភាព ប្រសិន​បើ​មិន​ការពារ​កិត្តិយស​គណបក្ស

គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទុក​ឱកាស​រយៈ​ពេល​មួយ​ថ្ងៃ​ឲ្យ​លោក​ស្រី ឡាក់ សុភាព សមាជិក​គណៈកម្មការ​នាយក​គណបក្ស បក​ស្រាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា ប្រធាន​និង​អនុប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ មិន​មាន​ការ​បណ្ដេញ​ចេញ​ទេ ហើយ​ក៏​មិន​មាន​ការ​ដើរ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ដែរ ក៏​ប៉ុន្តែ បើ​មិន​មាន​ការ​ឆ្លើយ​តប​ដើម្បី​ការពារ​កិត្តិយស​គណបក្ស​ទេ គណៈកម្មាធិការ​វិន័យ​គណបក្ស នឹង​ចាត់​វិធានការ​លើ​លោក​ស្រី​ឡាក់ សុភាព ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស​។

ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។
ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី​ឡាក់ សុភាព សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​ស្រី​មិន​បាន​និយាយ​ថា​ប្រធាន​និង​អនុប្រធាន​គណបក្ស​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អ្វី​នោះ​ទេ​។ ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​វិន័យ​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ បាន​សាក​សួរ​លោក​ស្រី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​។

ស្ដ្រី​មេម៉ាយ​ដែល​ភ្ជាប់​និស្ស័យ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​នាយក​គណបក្ស លោក​កឹម សុខា អនុប្រធាន​គណបក្ស​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​ថា លោក​ស្រី បានប្រាប់​គាត់​ថា លោក​សម រង្ស៊ី បាន​ទៅ​យក​លុយ​ពី​គេ ទាក់ទង​នឹង​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​។

ក៏​ប៉ុន្តែ​នៅ​ពេល​នេះ លោក​ស្រី​បដិសេធ​ដោយ​ចោទ​ថា លោក​កឹម សុខា បាន​យក​រឿង​ដែល​មិន​ពិត វាយ​ប្រហារ​លោក​ស្រី​នៅ​ក្នុង​អង្គ​ប្រជុំ ហើយ​លោក​ស្រី​គ្មាន​ឱកាស​បក​ស្រាយ​។ ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​វិន័យ​នៅ​ថ្ងៃ​នេះ លោក​ស្រី​នៅ​តែ​អះអាង​ថា នោះ​គឺ​ជា​សម្ដី​របស់​លោក​កឹម សុខា មិន​មែន​ជា​សម្ដី​របស់​លោក​ស្រី ទេ​។ ជាមួយ​គ្នា​នេះ លោក​ស្រី​ឡាក់ សុភាព ទាមទារ​រក្សា​កិត្តិយស​ក្នុង​នាម​ជា​មន្ដ្រី​ជាន់​ខ្ពស់​របស់​គណបក្ស និង​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ស្រី ឡាក់ សុភាព មិន​បាន​បញ្ជាក់​ពី​ការ​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ស្រី​អះអាង​ថា ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប៉ុណ្ណោះ​។ មាន​សំណួរ​មុត​ស្រួច​មួយ​ចំនួន​ត្រូវ​បាន​ចោទ​សួរ​លោក​ស្រី អំឡុង​ពេល​ចូល​សវនាការ ចំពោះ​មុខ​គណៈកម្មការ​វិន័យ ដូច​ជា​ការ​លើក​ឡើង​ថា «លោក​ស្រី​ចង់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ?» ជា​ដើម​។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក អ៊ូ ច័ន្ធរិទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា គណបក្ស​បាន​ទុក​ឱកាស​រយៈ​ពេល​មួយ​ថ្ងៃ​ឲ្យ​លោក​ស្រី​ឡាក់ សុភាព បក​ស្រាយ​ទៅ​អ្នក​កាសែត​វិញ បើ​ទោះ​ណា​លោក​ស្រី​បាន​និយាយ​ឬ​អត់​និយាយ​ក្ដី ដោយ​សារ​ផ្ដើម​ចេញ​ពី​គាត់ ដែល​បាន​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​។

លោក​អ៊ូ ច័ន្ទរិទ្ធិ បញ្ជាក់​ថា បើ​មិន​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ គណៈកម្មការ​វិន័យ​នឹង​ចាត់​វិធានការ​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស ទៅ​តាម​ទំងន់​ទោស​របស់​លោក​ស្រី​។ ជាមួយ​គ្នា​នេះ លោក អ៊ូ ច័ន្ទរិទ្ធិ ក៏​បាន​បន្ថែម​ផង​ដែរ​ថា ជំហ​របស់​គណបក្ស គឺ​បដិសេធ​ទាំង​ស្រុង អំពើ​ពុក​រលួយ​របស់​មេ​ដឹក​នាំ​គណបក្ស ព្រម​ទាំង​ច្រាន​ចោល​ផង​ដែរ​នូវ​ការ​បែក​បាក់​គ្នា​ក្នុង​ជួរ​គណបក្ស​។

ដោយ​ឡែក ចំពោះ​ញត្តិ​សរសេរ​ដោយ​ដៃ ដែល​មាន​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​ជិត​២០​មេដៃ ដាក់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នោះ ទាំង​លោក​ស្រី​ឡាក់ សុភាព និង​លោក​អ៊ូ ច័ន្ទរិទ្ធិ បាន​បដិសេធ​ថា ជា​លិខិត​មិន​ពិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ