អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន​ទទួល​ស្គាល់​ថា កំណែ​ទម្រង់​ជា​ចំណុច​ស្លាប់​រស់​របស់ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ទី៣០ មករា​នេះ បាន​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​បក្ស​ទូទាំងប្រទេស​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ មហា​សន្និបាត​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង១៣៥០នាក់​នោះ​នឹង​បើក​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ចាប់ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ​ទី១ កុម្ភៈ ដើម្បី​ពិភាក្សា​ស្តីពី​ការ​កំណែទម្រង់​ជា​បន្តទៀត​នៃ​បក្ស​កាន់អំ​ណាច ខណៈ​ដែល​ការ​បោះឆ្នោត​កន្លងទៅ​បក្ស​កាន់អំណាច​ចុះ​ប្រជាប្រិយ​ភាពខ្លាំង។

លោក ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្ស និង​លោក​នាយ​ក​រដ្ឋមន្ត្រីហ៊ុន សែន ប្រធានស្តីទី​គណបក្ស​​ដែលធ្វជា​ប្រ​ធាន​មហាសន្និ​បាត នៅថ្ងៃ​ទី៣០ មករា​
លោក ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្ស និង​លោក​នាយ​ក​រដ្ឋមន្ត្រីហ៊ុន សែន ប្រធានស្តីទី​គណបក្ស​​ដែលធ្វជា​ប្រ​ធាន​មហាសន្និ​បាត នៅថ្ងៃ​ទី៣០ មករា​ © siv channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​បើក​មហា​សន្និបាត ប្រធាន​កិត្តិយស​គណបក្ស​លោក​ហេង សំរិន សង្កត់​ធ្ងន់​ថា កំណែ​ទម្រង់​គឺជា​ចំណុច​ស្លាប់​រស់​របស់​បក្ស​កាន់អំណាច។ លោក ហេង សំរិន៖ “អង្គសន្និបាត​របស់​យើង​លើក​នេះ មាន​ប្រធាន​បទ​សំខាន់​គឺ ការ​កំណែ​ទម្រង់ គឺជា​អាយុ​ជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា”។ លោក ហេង សំរិន​ដែលជា​ប្រធានរដ្ឋសភា​ផង​នោះ បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​បរិយាកាស​នៃ​សភាពការណ៍​ថ្មី​ដែល​តម្រូវឱ្យ​បក្ស​កាន់អំណាច​ជាង៣០ឆ្នាំ​មួយ​នេះ ត្រូវ​កែទម្រង់​ជា​ចាំបាច់​នៅ​ការដឹកនាំ​របស់ខ្លួន។

បើតាម​លោក​ប្រធាន​គណបក្ស​កិ​ត្ត​យស​រូបនេះ មានតែ​កំណែទម្រង់​ជា​អចិន្ត្រៃយ៍​ទេ​ទើប​អាចឱ្យ​គណបក្សកាន់អំណាច​នៅតែ​ជា​អ្នក​តំណាងឱ្យ​ផលប្រយោជន៍​ប្រជាជន​គ្រប់​ពេល​វេលា។ ក្នុង​មហាសន្និបាត​ដែលមាន​សុទ្ធតែ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ដែល​រួមមាន​ទាំង​យុវជន​ជាច្រើន​នាក់​ផង លោក ហេង សំរិន​បានប្រកាស​ឱ្យ​មហាសន្និបាត​បក្ស​ទាំងមូល​ត្រូវ​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​អំពី​លទ្ធផល​ដែល​បក្ស​កាន់អំណាច​ធ្លាក់​ការគាំទ្រ និង​វាយតម្លៃ​ឱ្យបាន​ម៉ត់​ចត់​​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​គណបក្ស​សំដៅ​ជំរុញ​ឱ្យ​ការ​កំណែទម្រង់​របស់ខ្លួន​មាន​ប្រសិទ្ធភាព។

សូម​កត់សំគាល់ថា​ការដាក់​របៀបវារៈ​ស្តីពី​កំណែទម្រង់​នេះ​គឺ​ក្រោយ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី៥កន្លងទៅ។ បន្ថែម​ពីនេះ ក្រោយ​ការបោះឆ្នោត​បក្ស​កាន់អំណាច​នៃ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ជួបប្រទះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​សម រង្ស៊ី និង​លោក កឹម សុខា។

ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អសកម្ម​មួយចំនួន គណបក្ស​ទាំងមូល​នឹង​ពិនិត្យមើល​លើ​បញ្ហា​អសកម្ម​ភាព​ក្រោម​ការដឹកនាំ​របស់ខ្លួន ដូចជា​អំពើពុករលួយ បក្ខពួក​គ្រួសារនិយម ការប្រើប្រាស់​អំណាច​ដោយ​បំពាន គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ការខ្វះ​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធយុត្តិធម៌ រួមទាំង​បញ្ហា​ព្រៃឈើ និង​បញ្ហាដីធ្លី​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ពី​កិច្ចប្រជុំ។ បើតាម​ប្រភព​ដដែល បញ្ហា​ព្រំដែន និង​ជនអន្តោប្រវេសន៍​នឹងត្រូវ​ដាក់​ក្នុង​របៀបវារៈ​ផងដែរ។

សូមបញ្ជាក់ថា មហាសន្និបាត​ដែលមាន​លោក​ហេង សំរិន និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ប្រធាន​នឹង មើល​លើ​កិច្ចការ​ធំ៣ចំណុច។ របៀបវារៈ​ធំ​ទាំងបី​នោះ​មាន ទី១ការឆ្លង និង​អនុម័ត​លើ​របាយការណ៍​ស្តីពី​ស្ថានភាព​នៅ​កម្ពុជា​រយៈពេល១ឆ្នាំ ២០១៣-២០១៤ក្រោយ​ការបោះឆ្នោត និង​ទិសដៅ​របស់​គណបក្ស​ជា​បន្តទៀត។ ទី២គឺ​របាយការណ៍​ស្តីពី​កំណែ​ទម្រង់​​ការបោះឆ្នោត និង​ចុងក្រោយ​គឺ​ការបោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស។ យ៉ាងណាក៏ដោយ​នៅ​មិនទាន់មាន​សមាសភាព​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​​ថ្មី​ត្រូវបាន​បង្ហើប​ឱ្យដឹង​ដែល​នឹងត្រូវ​បន្ថែម​លើ​សមាសភាព​បច្ចុប្បន្ន​មាន​ប្រមាណ២៦០នាក់​ស្រាប់​នោះ។

ក្នុង​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​ដែលមាន​សមាសភាព​ប្រមាណ​ជាង១៣៥០នាក់​នោះ គឺ​មិនមាន​វត្តមាន​លោក ជាស៊ីម​ប្រធាន​គណបក្ស​និង​ប្រធានព្រឹទ្ធសភា​ដែល​កំពុងមាន​ជំងឺ​នោះទេ ក្រៅពីនេះ​លោក ស ខេង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ការ​រិ​យា​ល័យ​នយោបាយ ក៏​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​មហាសន្និបាត​ផងដែរ។ ទន្ទឹង​នឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែលជា​ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ទៅកាន់​សមាជិក​ចូលរួម​ទាំងអស់​ថា គ្មាន​បក្ស​ប្រហារ​នោះទេ ខណៈដែល​លោក​លោក​ជាស៊ីម​ប្រធាន​គណបក្ស​គ្មាន​វត្តមាន និង​មាន​ជំងឺ​បាត់​មុខ​ពី​នយោបាយ​នោះ។

លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​នៅក្នុង​មហាសន្និបាត​ថា លោក​ជាស៊ីម នៅតែ​ជា​ប្រធាន​គណបក្ស​ដដែល បើទោះបី​ជាមាន​ជំងឺ​ក៏ដោយ​ព្រោះថា​នេះ គឺជា​វប្បធម៌​សាមគ្គីភាព​និង​រួបរួមគ្នា​របស់​គណបក្ស​កាន់អំណាច។ ការបញ្ជាក់​របៀបនេះ​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ថា មហាសន្និបាត​គណបក្ស​ប្រជាជន​លើក​នេះ​អាច​នឹង​ជជែក​ពី​ការផ្លាស់ប្តូរ​ប្រធាន​គណបក្ស។ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី១កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ