ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
general

អង្គការ​សង្គម​ស៊ីវិល៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ

media អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧៩​ស្ថាប័ន​ ​បានសម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​ឧសភា​នេះ​។ សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​បញ្ជា​ឲ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​រួច​ហើយ និង​ការ​បណ្ដេញ​និពន្ធ​នាយក​នៃ​កាសែត​នេះ​ចេញ​ពី​ការងារ​ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។

បញ្ហា​ចម្រូង​ចម្រាស់​ដែល​កើត​ឡើង​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ពេល​ដែល​កាសែត​នេះត្រូវ​គ្រប់​គ្រង​ដោយ​ម្ចាស់​ថ្មី ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ទុក​បុក​ម្នេញ​ចុង​ក្រោយ លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧៩​ស្ថាប័ន ករណី​នេះ បាន​ធ្វើ​ឲ្យ​​​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​លំហ​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​មក​។

គួរ​ជម្រាប​ថា លោក ​កៃ គឹម​សុង​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ត្រូវបាន​ម្ចាស់​កាសែត​ថ្មី​ជនជាតិ​ម៉ាឡេស៊ី បញ្ឈប់​ពី​ការងារ​នៅ​ថ្ងៃ​ចន្ទ ទី​០៧ឧសភា បន្ទាប់​ពី​លោក​​អនុញ្ញាត​ឲ្យ​កាសែត​មួយ​នេះ​ចេញផ្សាយ​​នៅលើ​ទំព័រមុខ នូវអត្ថបទ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ម្ចាស់​ក្រុមហ៊ុន ​Post Media។ ក្រោយ​ការ​បណ្ដេញ​លោក កៃ គឹមសុង បុគ្គលិក​និង​អ្នក​រាយការណ៍​ព័ត៌មាន​នៃ​កាសែត​នេះ​យ៉ាង​ហោច​ណាស់​១៣​នាក់​ផ្សេង​ទៀត ក៏​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារដែរ​​។ ចំណែក​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​ថា ការ​ចុះ​ផ្សាយ​អត្ថបទ​ស្ដី​ពី​ការ​ទិញ​លក់​កាសែត គឺ​បានដើរ​​លើស​ព្រំដែន​របស់​កាសែត ហើយ​ជា​ការរំលោភ​ធ្ងន់ធ្ងរ ចំពោះ​បទបញ្ជាផ្ទៃក្នុង​ក្រុមហ៊ុន​។

ហេតុការណ៍​ដែល​បាន​កើត​ឡើង​ដូច​បាន​រៀបរាប់​នេះ ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​​កង្វល់ ពាក់ព័ន្ធ​នឹងឯករាជ្យភាព​របស់​កាសែត​នា​ពេល​ខាង​មុខ​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៧៩​ស្ថាប័ន ករណី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដូច្នេះ គឺ​ជា​ការ​រឹត​ត្បិត​ចុង​ក្រោយ បន្ទាប់​ពីមាន​ការ​បិទ​ហ្វ្រេកង់ស៍​របស់​វិទ្យុ​ចំនួន​៣២​ដែល​ផ្សាយ​ព័ត៌មាន​បន្តពី​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​, ការ​ឃុំ​ខ្លួន​អតីត​អ្នក​កាសែត​វិទ្យុអាស៊ី​សេរី​ពីរ​នាក់, និង​ការ​ភៀស​ខ្លួន​របស់​អ្នក​កាសែត​មួយ​ចំនួន​ទៀត​ទៅ​បរទេស ដោយ​សារ​ភ័យ​ខ្លាច​នឹង​ការ​ផ្ដន្ទាទោស​ជា​ដើម​។

តាម​រយៈ​ក្ដី​កង្វល់​ដូច្នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង​៧៩​ស្ថាប័ន បាន​ទទូច​ឲ្យ​មាន​ការ​គោរព​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សូម​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ ទៅ​លើ​សកម្មជន​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ